តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកថ្កោលទោសការឃុំឃាំងនិងការកាត់ទោសដោយអយុត្តិធម៌របស់សាធារណរដ្ឋប្រជាមានិតចិនលើអ្នកការពារសិទ្ធិមនុស្សល្បីឈ្មោះ ២ នាក់។
កាលពីថ្ងៃទី ១០ ខែមេសា តុលាការមួយនៅក្នុងខេត្ត Shandong ប្រទេសចិន បានកាត់ទោសលោក Xu Zhiyong ឱ្យជាប់ពន្ធនាគារ ១៤ ឆ្នាំ និងលោក Ding Jiaxi ឱ្យជាប់ពន្ធនាគារ ១២ ឆ្នាំ សម្រាប់អ្វីដែលអ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Vedant Patel ថា ជា«ការគាំទ្រការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានដែលទទួលស្គាល់ដោយអន្តរជាតិដូចជាសេរីភាពនៃការជួបជុំនិងការបញ្ចេញមតិជាដើម»។
ទាំងលោក Xu និងលោក Ding សុទ្ធតែធ្លាប់ត្រូវបានឃុំខ្លួនពីមុន។ មេធាវីទាំងពីររូបនេះបានដើរតួនាទីសំខាន់នៅក្នុងចលនាពលរដ្ឋថ្មី (New Citizens Movement) ដែលបានចាប់ផ្ដើមកាលពីឆ្នាំ ២០១០ និងតស៊ូមតិឱ្យពលរដ្ឋសាមញ្ញអាចប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួន ឱ្យមានការបញ្ចប់អំពើពុករលួយ និងឱ្យកុមារទាំងអស់មានលទ្ធភាពទទួលបានការអប់រំ។
លោក Ding បានជាប់ឃុំពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ហើយលោក Xu បានជាប់ឃុំពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨។ មេធាវីរាប់រយនាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធជាមួយនឹងចលនាពលរដ្ឋថ្មីនេះត្រូវបានចាប់ខ្លួន ហើយមនុស្សជាច្រើនមិនត្រូវបានអនុញ្ញាតឱ្យបន្តវិជ្ជាជីវៈរបស់ខ្លួន នៅក្នុងការបង្ក្រាបលើក្រុមអ្នកការពារសិទ្ធិមនុស្សដែលបានចាប់ផ្ដើមបន្ទាប់ពីលោក Xi Jinping បានពង្រឹងអំណាចរបស់លោកនិងក្លាយជាប្រធានាធិបតីកាលពីឆ្នាំ ២០១៣ មក។
បន្ទាប់ពីលោកទាំងពីរត្រូវបានដោះលែងពីពន្ធនាគារ លោក Xu និងលោក Ding ត្រូវបានចាប់ខ្លួនម្ដងទៀត បន្ទាប់ពីមានការជួបជុំលក្ខណៈឯកជនរបស់មេធាវីនិងសកម្មជនសង្គមស៊ីវិលនានានៅក្នុងឆ្នាំ ២០១៩។
លោក Patel បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងជំរុញសាធារណរដ្ឋប្រជាមានិតចិនឱ្យដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌនូវអ្នកការពារសិទ្ធិមនុស្សដែលជាប់ឃុំទាំងពីររូបនេះ និងបញ្ឈប់ការយាយីណាមួយលើសមាជិកក្រុមគ្រួសាររបស់ពួកគេ។ ស្រដៀងគ្នានេះដែរ យើងអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតចិនដោះលែងអ្នកដទៃទៀតដែលត្រូវបានដាក់ឃុំឬជាប់ពន្ធនាគារដោយអយុត្តិធម៌ អនុញ្ញាតឱ្យក្រុមមេធាវីដែលត្រូវបានដកហូតសិទ្ធិប្រកបវិជ្ជាជីវៈរបស់ពួកគេឱ្យអាចបន្តវិជ្ជាជីវៈរបស់ពួកគេឡើងវិញ និងអនុញ្ញាតឱ្យបុគ្គលទាំងអស់អាចអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន»។
លោក Patel បានប្រកាសថា សហរដ្ឋអាមេរិក «នឹងតែងតែគាំទ្របុគ្គលក្លាហានដែលការពារសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាមានិតចិននិងនៅជុំវិញពិភពលោក»៕