តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោកក្នុងទ្វីបអាហ្វ្រិក រដ្ឋមន្ត្រីការបរទេសស.រ.អ. លោក Antony Blinken បានបង្ហាញផ្នែកប្រាំនៃផលប្រយោជន៍រួមរវាងអាហ្វ្រិក និងស.រ.អ.។
ផលប្រយោជន៍រួមទីមួយរបស់យើង គឺកសាងសេដ្ឋកិច្ចសាកលមួយដែលមានការចូលរួមគ្នា។
ការផ្តើមគំនិតអំពីការធ្វើឱ្យអាហ្វ្រិកសំបូររុងរឿង មានគោលដៅបង្កើនពាណិជ្ជកម្មទៅវិញទៅមក និងការបណ្តាក់ទុន។ ច្បាប់ស្តីពីការលូតលាស់ និងឱកាសនៅអាហ្វ្រិក Africa Growth and Opportunity Act ផ្តល់ការមិនយកពន្ធក្នុងទីផ្សារអាមេរិកាំង ហើយស.រ.អ. កំពុងធ្វើការឱ្យប្រាកដប្រជាថា ពួកប្រទេសអាហ្វ្រិក ទទួលបានផលចំណេញពីច្បាប់នេះយ៉ាងពេញលេញ។ ស.រ.អ. ក៏ស្វាគមន៍ដែរដល់តំបន់ពាណិជ្ជកម្មសេរីក្នុងទ្វីបអាហ្វ្រិក ជាវិធីមួយដើម្បីបង្កើនពាណិជ្ជកម្មក្នុងអាហ្វ្រិក។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា ផលប្រយោជន៍ទីពីរ គឺការដោះស្រាយរួមគ្នាអំពីវិបត្តិធាតុអាកាស។ លោកបាននិយាយថា៖ «ផលប៉ះពាល់ជាមហន្តរាយនៃវិបត្តិអាកាសធាតុនៅទូទាំងទ្វីបនេះ មានច្បាស់លាស់ គឺការរាំងស្ងួត ការកាប់ព្រៃឈើ ការចុះថយកសិផល ទឹកជំនន់ ការរីកធំជាងមុននៃវាលរហោឋាន អសន្តិសុខស្បៀង ការប្រជែងគ្នាដើម្បីប្រភពធនធាន ការខាតបង់សេដ្ឋកិច្ច និងចំណាកស្រុក។ បឹង Chad ជាប្រភពសំខាន់មួយនៃទឹក អាហារ និងជីវភាពសម្រាប់មនុស្សច្រើនសតវត្សរ៍មកហើយ។ នៅពេលនេះ បឹងនេះ សឹងតែបាត់ទៅហើយដោយសារវាបានរួញតូចមកនៅត្រឹមតែមួយភាគ២០នៃទំហំកាលពី ៦០ឆ្នាំមុននេះ»។
ផែនការគ្រាមានអាសន្នសម្រាប់ការសម្របសម្រួល និងភាពមិនទ្រុឌទ្រោម Emergency Plan for adaptation and Resilience របស់លោកប្រធានាធិបតី Joe Biden នឹងគាំទ្រការផ្តើមគំនិតនៃការសម្របសម្រួលនៅអាហ្វ្រិកដែលត្រូវបានចាប់ផ្តើមធ្វើដោយពួកប្រមុខរដ្ឋនៅទូទាំងអាហ្វ្រិកដែលមានគៅលដៅរៀបចំផែនការនិងផ្តល់ប្រាក់កាសដល់ហេដ្ឋារចនាសម្ព័ន្ធដែលមិនប្រើថាមពលច្រើន និងទប់ទល់នឹងការប្រែប្រួលធាតុអាកាសបាន។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា ទីបី«យើងត្រូវតែបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩»។ កាលពីពេលថ្មីៗនេះ ស.រ.អ. បានប្រគល់វ៉ាក់សាំង២៧០លានដូសនៅទូទាំងពិភពលោក។ ជាង៧០លានក្នុងបណ្តាដូសទាំងនេះ ត្រូវបានបញ្ជូនទៅឱ្យប្រទេស៤៣ក្នុងតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា ហើយវ៉ាក់សាំងច្រើនថែមទៀត នឹងត្រូវបញ្ជូនទៅកាន់អាហ្វ្រិកថែមទៀត។
ផលប្រយោជន៍ទីបួន គឺទ្រទ្រង់លទ្ធិប្រជាធិបតេយ្យក្នុងទ្វីបអាហ្វ្រិក។ ការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក ជាការណ៍នាំឱ្យខ្វល់ខ្វាយ។ បន្ថែមលើនេះ បច្ចេកវិទ្យា ត្រូវបានប្រើដើម្បីយកទៅធ្វើទុក្ខបុកម្នេញក្រុមពលរដ្ឋ និងបំបិទមាត់ក្រុមប្រឆាំង។ លោករដ្ឋមន្ត្រី Blinken បានប្រកាសថា «ប្រទេសប្រជាធិបតេយ្យ ត្រូវឆ្លើយតបនឹងការអំពាវនាវឱ្យប្រយុទ្ធប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ ងើបឈរដើម្បីសេរីភាព Internet កាត់បន្ថយការប្រើបច្ចេកវិទ្យាខាងការឃ្លាំមើលដោយមិនត្រឹមត្រូវ បង្កើតស្តង់ដារនៃការទទួលខុសត្រូវខាង cyberspace»។
ជាទីបញ្ចប់ គេត្រូវតែជំរុញសន្តិសុខ និងសន្តិភាពឋិតថេរក្នុងទ្វីបអាហ្វ្រិក។ លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា ការគំរាមកំហែងពីសំណាក់ពួកជ្រុលនិយមឃោរឃៅ ក្រុមឧក្រិដ្ឋជន និងសង្គ្រាមក្នុងប្រទេសជាការពិត។ ផ្នែកមួយនៃដំណោះស្រាយ គឺកងកម្លាំងសន្តិសុខជាតិប្រកបដោយវិជ្ជាជីវៈ និងការពង្រឹងច្បាប់ក្នុងមូលដ្ឋានដែលអាចការពារពលរដ្ឋដោយគោរពសិទ្ធិមនុស្សផងដែរ។ តែការដោះស្រាយបញ្ហា ជាឫសគល់នៃសង្គ្រាមមានសារៈសំខាន់ដូចគ្នា។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ស.រ.អ. ចង់ពង្រឹងភាពដៃគូរបស់យើងនៅទូទាំងអាហ្វ្រិកក្នុងវិធីដែលបម្រើផលប្រយោជន៍លោកអ្នក ផលប្រយោជន៍យើង និងផលប្រយោជន៍នៃប្រជារាស្ត្រទូទាំងពិភពលោកដែលជីវភាពនិងអនាគតពួកគេអាស្រ័យមួយផ្នែកលើអ្វីដែលយើងអាចធ្វើឱ្យសម្រេចរួមគ្នា»៕