តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្រោមលេសស្វែងរកអត្តសញ្ញាណនៃការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ តំណាងរបស់សហព័ន្ធរុស្ស៊ីបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីតវ៉ាអំពីសំណើវិសោធនកម្មច្បាប់ដែលមានស្រាប់ដែលកំពុងត្រូវបានពិចារណាដោយរដ្ឋាភិបាលអ៊ុយក្រែន។ វិសោធនកម្មចែងថា ប្រសិនបើប្រទេសណាមួយវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ហើយបន្តប្រើប្រាស់អង្គការណាមួយ ឬសាសនា ដើម្បីព្យាយាមមានឥទ្ធិពលលើពលរដ្ឋ និងជីវិតមនុស្សនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋាភិបាលអ៊ុយក្រែនអាចនឹងរំលាយអង្គការនោះបាន។
នៅក្រោមច្បាប់នេះ សហព័ន្ធរុស្ស៊ីអះអាងថា រដ្ឋាភិបាលអ៊ុយក្រែនអាចលុបបំបាត់វិហារគ្រិស្តនិកាយ Orthodox របស់អ៊ុយក្រែនដែលស្ថិតនៅក្រោមការដឹកនាំពីទីក្រុងមូស្គូ។
អ្នកតំណាងស្តីទីសហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសនៅអង្គការសហប្រជាជាតិលោក Robert Wood បានថ្លែងថា៖ «រុស្សីកំពុងព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃអំពើឃោរឃៅរបស់ខ្លួន និងការរំលោភបំពានផ្សេងទៀតដោយធ្វើយ៉ាងណាឱ្យគេឃើញថា សង្រ្គាមឈ្លានពានរបស់ខ្លួនជាសង្រ្គាមរវាងសភាវៈល្អ និងសភាវៈអាក្រក់ ដោយបន្ថែមពីលើការផ្សព្វផ្សាយមិនពិតថា «បំបាត់ចោលឥទ្ធិពលរបស់ពួកណាស៊ី» របស់អ៊ុយក្រែន។ យើងទាំងអស់គ្នាគួរតែមើលឃើញតាមរយៈសំបកក្រៅនេះ ហើយផ្តោតលើគោលនយោបាយជាប្រព័ន្ធនិងដែលត្រូវបានកត់ត្រាជាឯកសារយ៉ាងត្រឹមត្រូវនូវការគាបសង្កត់ផ្នែកសាសនានៅក្នុងដែនដីដែលស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី»។
លោក Wood បានថ្លែងទៀតថា៖ «ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០១៤ មក សង្រ្គាមនៃការឈ្លានពានរបស់ខ្លួនបានរួមបញ្ចូលការគាបសង្កត់លើអ្នកកាន់សាសនាអ៊ិស្លាម ជនជាតិជ្វីហ្វ អ្នកកាន់សាសនាគ្រិស្តនិកាយ Orthodox និកាយកាតូលិក អ្នកផ្សព្វផ្សាយសាសនា និងក្រុមសាសនាផ្សេងទៀត។ យើងមានការព្រួយបារម្ភអំពីសេចក្តីរាយការណ៍ដែលបានឱ្យយើងដឹងថា អាជ្ញាធររបស់រុស្ស៊ីដែលកាន់កាប់ដែនដីបន្តឃុំខ្លួន និងបំពានលើរាងកាយ ធ្វើទារុណកម្ម និងចាប់បុគ្គលមួយចំនួនដាក់ពន្ធនាគារដោយសារតែការជឿលើជំនឿសាសនា ឬទំនាក់ទំនងរបស់ពួកគេ និងការចោទដោយគ្មានភ័ស្តុតាងថាជាក្រុម«ជ្រុលនិយម» «ភេរវជន" ឬជាក្រុមដែល«គ្មាននរណាស្វាគមន៍»។
លោក Wood បាននិយាយថា៖ «លោកអាចារ្យ Ivan Rusyn នៃព្រះវិហារ Ukrainian Evangelical Church បានកាន់ទុក្ខជាសាធារណៈចំពោះការសម្លាប់គ្រូគង្វាលរបស់ព្រះវិហាររបស់លោក ដោយបានលើកឡើងថា នៅក្នុងតំបន់កាន់កាប់ដោយរុស្ស៊ី ព្រះវិហារត្រូវបានបង្ខំឱ្យប្រតិបត្តិដោយលាក់បាំង។ ការអង្វរកររបស់លោកអាចារ្យ គឺសាមញ្ញ៖ សូមស្តាប់ការយំសោករបស់យើងផង»។
លោក Wood បានថ្លែងបន្តទៀតថា៖ «យើងទាំងអស់គ្នាត្រូវតែស្តាប់។ នៅថ្ងៃនេះ យើងទាំងអស់គ្នាត្រូវតែពិនិត្យមើលការអះអាងពីអតីតកាលដែលមិនស្មោះត្រង់របស់រុស្ស៊ីចំពោះការពិតនៅក្នុងឯកសារដែលត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ រួមទាំងការទម្លាក់គ្រាប់បែកដោយឥតប្រណី និងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើកន្លែងគោរពបូជា និងកន្លែងប្រតិបត្តិសាសនាផ្សេងទៀត។ កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ អង្គការយូណេស្កូបានរាយការណ៍ថា ខ្លួនបានផ្ទៀងផ្ទាត់ការខូចខាតឃើញថា កន្លែងប្រតិបត្តិសាសនាចំនួន១២៤ កន្លែងនៅប្រទេសអ៊ុយក្រែន រួមទាំងកន្លែងវប្បធម៌ផ្សេងទៀតបានរងការខូចខាត។ អង្គការអ៊ុយក្រែន Heritage Emergency Response Initiative បង្ហាញចំនួនសរុបនៃកន្លែងដែលរងការខូចខាតមានជិតដល់៧០០ កន្លែង»។
លោក Wood បានថ្លែងបន្ថែមទៀតថា៖ «ខណៈដែលការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននៅតែបន្ត វិមានក្រឹមឡាំងស្វែងរកវិធីបំបែកបំបាក់នៅក្នុងព្រះវិហារគ្រិស្តនិកាយ Orthodox និងប្រើប្រាស់ជំនឿរបស់ពលរដ្ឋអ៊ុយក្រែនដែល
កាន់សាសនាគ្រិស្តនិកាយ Orthodox ទាំងនោះជាអាវុធ។ យើងជំរុញឱ្យវិមានក្រឹមឡាំងបញ្ឈប់សង្គ្រាមដែលគ្មានន័យនេះ ហើយគោរពសិទ្ធិមនុស្សទាំងអស់»៕