Accessibility links

Breaking News

បទវិចារណកថា៖ ភាពជាដៃគូ​របស់​បណ្តា​ប្រទេស​នៅ​ទ្វីប​អាមេរិក​សម្រាប់​វិបុលភាព​សេដ្ឋកិច្ច


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​នៅឯកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​តំបន់​នៃ​ភាពជាដៃគូ​របស់​បណ្តា​ប្រទេសនៅទ្វីបអាមេរិក​សម្រាប់​វិបុលភាព​សេដ្ឋកិច្ច នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​នៅឯកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​តំបន់​នៃ​ភាពជាដៃគូ​របស់​បណ្តា​ប្រទេសនៅទ្វីបអាមេរិក​សម្រាប់​វិបុលភាព​សេដ្ឋកិច្ច នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រជាជាតិ​នៃ​តំបន់​អឌ្ឍគោល​ខាងលិច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយគ្នា​ដោយ​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្ត្រ គ្រួសារ​និង​សហគមន៍ និង​អាជីវកម្ម​និង​ពាណិជ្ជកម្ម។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​តំបន់​នៃ​ភាព​ជាដៃគូ​របស់​បណ្តា​ប្រទេស​នៅ​ទ្វីប​អាមេរិក​សម្រាប់​វិបុលភាព​សេដ្ឋកិច្ច (Americas Partnership for Economic Prosperity) កាលពី​ពេលថ្មីៗ​នេះ។

លោក Blinken បាន​និយាយ​ថា ភាព​ជាដៃគូ​រវាង​ប្រទេស​ទាំង ១២ ដែល​បាន​ចាប់ផ្តើម​កាលពី​ពីរ​ឆ្នាំ​មុន ត្រូវបាន​ភ្ជាប់​ដោយ «ក្តីសង្ឃឹម​រួមគ្នា​សម្រាប់​អនាគត​មួយ​ដែល​កាន់តែ​មាន​សុវត្ថិភាព វិបុលភាព និង​លិទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​របស់​យើង​ទាំងអស់​និង​ប្រជាពលរដ្ឋ​របស់​យើង​ទាំងអស់​គ្នា‍»។

លោក Blinken បាន​ថ្លែង​ថា៖ «‍ភាពជាដៃគូ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ទូលំទូលាយ​ដើម្បី​ធ្វើ​ទំនើបកម្ម​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​យើង ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​យើង​រីកចម្រើន​ពីក្រោម​ឡើង​លើ​និង​ពី​ចំណុច​កណ្តាល​ចេញ​ទៅ។ ដើម្បី​បង្ហាញ​វិធី​បង្កើន​ការ​ប្រកួតប្រជែង​របស់​យើង អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​បង្កើន​ការ​ការពារ​សម្រាប់​កម្មករ​របស់​យើង​ក៏ដូចជា​សម្រាប់​អាកាសធាតុ​របស់​យើង ការ​ធ្វើឱ្យ​សង្វាក់​ផ្គត់ផ្គង់​របស់​យើង​កាន់តែ​មាន​ភាពធន់ ការ​ប្តេជ្ញាចិត្ត​ចំពោះ​ទំនុកចិត្ត សុវត្ថិភាព និង​ភាព​បើកចំហ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​យើង»។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​កត់សម្គាល់​ថា វេទិកា​ភាពជាដៃគូ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាមេរិក ធនាគារ​អភិវឌ្ឍន៍​អន្តរ​អាមេរិក និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​កំពុង​ផ្តល់​ជំនួយ​បច្ចេកទេស​និង​ហិរញ្ញប្បទាន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​វិស័យ​ឯកជន​នៅ​ទូទាំង​អឌ្ឍគោល​នេះ។

លោក Blinken បាន​ថ្លែង​ថា៖ «តាមរយៈ​ការ​កែលម្អ​គ្រឹះ​ដ៏​សំខាន់​នៃ​សង្វាក់​ផ្គត់ផ្គង់​របស់​យើង វា​នឹង​ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរឡើង​ដើម្បី​ជួយ​ធានា​ថា​ ទំនិញ​ដែល​ប្រជាពលរដ្ឋ​របស់​យើង​ពឹងផ្អែក​លើ​ដូចជា​អង្គធាតុ​ពាក់​កណ្ដាល​ចម្លង អាគុយ​រថយន្ត​អគ្គិសនី និង​គ្រឿង​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្រ្ត​ជាដើម​មាន​តម្លៃ​សមរម្យ​ជាងមុន មាន​សុវត្ថិភាព​ជាងមុន និង​ផលិត​នៅ​សហរដ្ឋ​អាមេរិក‍»។

លោក Blinken បាន​និយាយ​ទៀត​ថា៖ «យើង​ក៏​កំពុង​វិនិយោគ​លើ​ប្រជាពលរដ្ឋ​របស់​យើង​ផងដែរ‍»។

លោក Blinken បាន​និយាយ​បន្ថែម​ទៀត​ថា៖ «ប្រទេស​កូស្តារីកា​បាន​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព (Center of Excellence) ដើម្បី​ត្រៀម​អ្នកធ្វើការ​មកពី​ទូទាំង​ទ្វីប​អាមេរិក​ឱ្យ​កាន់តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ជាងមុន​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់​នា​ពេល​អនាគត ដែល​មាន​ចាប់ពី​សន្តិសុខ​តាម​អ៊ីនធឺណិត​រហូត​ដល់​បច្ចេកវិទ្យា AI។ សហរដ្ឋ​អាមេរិក កាណាដា [និង] អ៊ុយរូហ្គាយ បាន​បង្កើន​ល្បឿន​ក្នុង​ការ​ជ្រើសរើស​និង​បណ្តុះបណ្តាល​សហគ្រិន​ចំនួន ៧៥០ នាក់​នៅ​ទូទាំង​តំបន់។

លោក Blinken បាន​ប្រកាស​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា គំនិត​ផ្តួចផ្តើម​អង្គធាតុ​ពាក់​កណ្ដាល​ចម្លង​នៅ​តំបន់​អឌ្ឍគោល​ខាងលិច (Western Hemisphere Semiconductor Initiative) ដែល​អាច​ដំណើរការ​ទៅ​បាន​ដោយសារ​ការ​ផ្ដល់​ថវិកា​នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ដែល​គេ​ស្គាល់​ថា CHIPS Act [Creating Helpful Incentives to Produce Semiconductors]។

លោក Blinken បាន​មាន​ប្រសាសន៍​ថា៖ «គំនិត​ផ្តួចផ្តើម​នេះ​នឹង​ផ្តល់​សមត្ថភាព​យ៉ាងខ្លាំង​ដល់​ប្រទេស​ជាដៃគូ​នានា​ក្នុង​ការប្រមូលផ្តុំ សាកល្បង និង​វេចខ្ចប់​អង្គធាតុ​ពាក់​កណ្ដាល​ចម្លង ដោយ​ចាប់ផ្តើម​នៅ​ប្រទេស​ម៉ិកស៊ិក ប៉ាណាម៉ា និង​កូស្តារីកា‍»។

មនុស្ស​ជាច្រើន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ចការ​នៃ​ភាព​ជាដៃគូ​របស់​បណ្តា​ប្រទេស​នៅ​ទ្វីប​អាមេរិក​សម្រាប់​វិបុលភាព​សេដ្ឋកិច្ច​នេះ។

លោក Blinken បាន​និយាយ​ថា៖ «ប្រសិនបើ​យើង​ធ្វើ​តាម​ការ​សន្យា​យ៉ាង​ពេញលេញ​នៃ​ភាព​ជាដៃគូ​នេះ ខ្ញុំ​គិត​ថា​ យើង​មាន​ឱកាស​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ជួយ​សម្រេច​ឱ្យ​បាន​នូវ​សេចក្តី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​យើង ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួកគេ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង និង​ដើម្បី​កសាង​តំបន់​មួយ​ឱ្យ​កាន់តែ​មាន​សមភាព និរន្តរភាព និង​វិបុលភាព​សម្រាប់​មនុស្ស​គ្រប់គ្នា‍»៕

XS
SM
MD
LG