Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេសវ៉េណេស៊ុយអេឡា


រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​វេណេស៊ុយអេឡា​លោក Juan Guaidó និយាយ​ជាមួយ​អ្នកនាង Adriana Núñez អ្នកយកព័ត៌មាន​របស់​វីអូអេ។
រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​វេណេស៊ុយអេឡា​លោក Juan Guaidó និយាយ​ជាមួយ​អ្នកនាង Adriana Núñez អ្នកយកព័ត៌មាន​របស់​វីអូអេ។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​ស្វាគមន៍កិច្ច​ព្រមព្រៀង​របស់​រដ្ឋសភា​វ៉េណេ​ស៊ុយអេឡា​ដែល​ជាប់​ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យកាលពី​ឆ្នាំ២០១៥​ ដើម្បី​បន្ត​អាណត្តិរបស់​ខ្លួន​មួយ​ឆ្នាំទៀត​ដោយ​មានលោក Juan Guaido ជា​ប្រធាន​បណ្តោះ​អាសន្ន។ សហរដ្ឋ​អាមេរិក ​នៅ​តែ​បន្ត​ទទួលស្គាល់​អំណាច​របស់​រដ្ឋសភា​ឆ្នាំ២០១៥​ ជាស្ថាប័ន​ប្រជាធិបតេយ្យ​នៅសេសសល់​ចុង​ក្រោយ​នៃ​ប្រទេស​វ៉េណេ​ស៊ុយអេឡា។​

លំនាំ​នៃការសង្កត់សង្កិនខាង​នយោបាយ​ ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស និងការ​រឹតត្បិតធ្ងន់ធ្ងរ​លើ​ពួក​តួអង្គនយោបាយ ​និងសង្គម​ស៊ីវិលព្រម​ទាំងលើសេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ បាន​លួចប្លន់​សេចក្តី​សម្រេច​បែប​ប្រជាធិបតេយ្យ​ដោយ​ខ្លួន​ឯង​របស់​ប្រជារាស្ត្រ​វ៉េណេ​ស៊ុយអេឡា។​ លោក Ned Price អ្នកនាំពាក្យ​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក​ បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «យើងគាំទ្រ​កិច្ចខិតខំប្រឹងប្រែង...បង្កើត​សណ្តាប់​ធ្នាប់​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ក្នុងប្រទេស​វ៉េណេ​ស៊ុយអេឡា»។.

លោក​ Price បានបន្ថែមថា «យើង​អំពាវនាវដល់លោក Nicolas Maduro ឱ្យ​ធ្វើការ​ចរចា​ជា​ថ្មីក្នុង​ប្រទេស​ម៉ិកស៊ិក ​ដោយ​សុឆន្ទៈ​សម្រាប់ផល​ប្រយោជន៍​នៃ​ប្រជារាស្ត្រ​វ៉េណេ​ស៊ុយអេឡា។​ យើងនឹង​បន្តធ្វើការ​ជា​មួយដៃគូវ៉េណេ​ស៊ុយអេឡា​ ​និង​អន្តរជាតិដោយប្រើ​វីធី​ខាងការទូត​ ​និងខាង​សេដ្ឋកិច្ច​សមរម្យទាំង​អស់​ ​ដើម្បីជំរុញឱ្យមាន​ការ​ដោះលែង​ជន​ទាំង​អស់​ដែល​ត្រូវបាន​ចាប់​ឃុំឃាំង​ដោយអយុត្តិធម៌​ដោយសារ​ហេតុផលនយោបាយ​ ​ឱ្យ​មានឯករាជ្យ​ភាព​នៃគណបក្សនយោបាយ​ ​ឱ្យ​មានការ​គោរពសេរីភាព​ខាង​ការ​និយាយស្តី​បញ្ចេញ​មតិ​ ​និង​សិទ្ធិ​មនុស្សជាសាកលឯ​ទៀតៗនិង​ឱ្យ​មាន​ការ​បញ្ឈប់​ការរំលោភលើ​សិទ្ធិ​មនុស្ស​»។ បន្ថែម​លើ​នេះ សហរដ្ឋ​អាមេរិក ​នឹងបន្ត​ធ្វើការ​ជា​មួយ​សមាជិកសហគមន៍​អន្តជាតិ​ដើម្បី​ជំរុញឱ្យ​មានស្ថានភាពដែល​នាំ​ឱ្យ​មាន​ការបោះឆ្នោតដោយ​សេរី​និងយុត្តិធម៌នៅ​ក្នុង​ប្រទេស​វ៉េណេ​ស៊ុយអេឡា។​

សហរដ្ឋអាមេរិក​ ក៏​គាំទ្រ​ការ​ប្រឹងប្រែងដើម្បី​សម្រាល​ទុក្ខវេទនា​របស់​ប្រជារាស្ត្រវ៉េណេ​ស៊ុយអេឡា​ និងបញ្ចប់​វិបត្តិ​មនុស្សធម៌នៅប្រទេ​ស​នេះផង​ដែរ។ ចាប់ពី​ឆ្នាំ២០១៧​ មក សហរដ្ឋអាមេរិក​ ​បានផ្តល់ជំនួ​យ​ខាងមនុស្សធម៌​ ខាងសេដ្ឋកិច្ច​ ខាងការអភិវឌ្ឍ ​និង​ខាងសុខាភិបាល​ ដើម្បីជួយ​ប្រជារាស្ត្រ​វ៉េណេ​ស៊ុយអេឡា​នៅ​ខាងក្នុង​ប្រទេស និង​ក្រុម​ជន​ដែល​ត្រូវ​បានបង្ខំឱ្យ​រត់គេចខ្លួន​ទៅកាន់កន្លែង​នានា​ក្នុង​តំបន់​នោះ​ផងដែរ។​

សហរដ្ឋអាមេរិក​ នឹង​នៅ​តែជា​អ្នក​គាំទ្រខ្លាំង​មួយ​ដល់ប្រជារាស្ត្រវ៉េណេ​ស៊ុយអេឡា​ នៅ​ពេល​ដែលពួក​គេ​ធ្វើការដើម្បី​ធ្វើឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​តាមរយៈការបោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌៕

XS
SM
MD
LG