Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដៃគូ​បង្កើត​មូលនិធិ​មួយ​ដើម្បី​ជួយ​ប្រជាជន​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ក្មេងស្រី​អាហ្វហ្គានីស្ថាន​អាយុ​១២​ឆ្នាំ​ម្នាក់​ធ្វើការ​នៅក្នុង​រោងចក្រ​ឥដ្ឋ​មួយ​នៅ​ជាយ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ ក្មេងស្រី​អាហ្វហ្គានីស្ថាន​អាយុ​១២​ឆ្នាំ​ម្នាក់​ធ្វើការ​នៅក្នុង​រោងចក្រ​ឥដ្ឋ​មួយ​នៅ​ជាយ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋអាមេរិក ដោយ​មាន​ការ​សម្របសម្រួលជា​មួយ​រដ្ឋាភិបាលនៃ​ប្រទេស​ស្វីស​និងក្រុមអ្នក​ជំនាញ​សេដ្ឋកិច្ចអាហ្វហ្គានីស្ថាន បានប្រកាសការ​បង្កើតមូលនិធិមួយ​ដើម្បី​ជា​អត្ថប្រយោជន៍​ដល់​ប្រជាជន​អាហ្វហ្គានីស្ថាន ​ឬ​ហៅ​ថា ​«មូលនិធិ​អាហ្វហ្គានីស្ថាន»។

សហរដ្ឋអាមេរិក​នៅ​តែ​ប្តេជ្ញាគាំទ្រប្រជាជននៃប្រទេសអាហ្វហ្គានីស្ថាន នៅពេល​មាន​វិបត្តិសេដ្ឋកិច្ច​និងវិបត្តិ​មនុស្សធម៌​ជា​បន្ត។ ដោយ​ធ្វើ​តាម​បទបញ្ជា​នីតិ​ប្រតិបត្តិ​លេខ​១៤០៦៤ លោក​ប្រធានាធិបតី Joe Biden បាន​ធ្វើ​ឱ្យ​ទឹកប្រាក់​៣.៥០០​លានដុល្លារ​នៃប្រាក់​បម្រុងរបស់​ធនាគារ​កណ្តាល​អាហ្វហ្គានីស្ថាន​អាច​ត្រូវប្រើ​បាន​ជា​អត្ថប្រយោជន៍របស់​ប្រជារាសស្ត្រ​អាហ្វហ្គានីស្ថាន នៅ​ពេល​រក្សាទឹក​ប្រាក់​នេះមិន​ឱ្យ​ធ្លាក់ក្នុង​កណ្តាប់ដៃ​ពួក​តាលីបង់។ មូលនិធិ​អាហ្វហ្គានីស្ថាន​នឹង​បែងចែក​ប្រាក់​៣.៥០០​លាន​ដុល្លារ​នេះ​ ​ដើម្បីជួយ​ផ្តល់​ស្ថិរភាព​ជាង​មុន​ដល់​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន។​

លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​បាន​មានប្រសាសន៍​ថា៖​«ប្រជាជន​អាហ្វហ្គានីស្ថាន​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌និង​វិបត្តិ​សេដ្ឋកិច្ចបណ្តាលមកពី​សង្គ្រាមច្រើនទសវត្សរ៍ ការ​រាំង​ស្ងួត​ធ្ងន់ធ្ងរ ជំងឺកូវីដ១៩និង​អំពើ​ពុក​រលួយ​រាលដាល»។ លោកស្រី​បាន​និយាយ​ទៀតថា​ ជាមួយ​ការបង្កើត​មូលនិធិ​អាហ្វហ្គានីស្ថាន​ «សហរដ្ឋ​អាមេរិកនិង​ក្រុម​ដៃគូ​របស់​ខ្លួន ចាត់​វិធានការ​សំខាន់និងជាក់ស្តែងមួយដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថាប្រភព​ធនធាន​ថែមទៀត​អាច​មានសម្រាប់កាត់បន្ថយ​ទុក្ខវេទនា​និង​កែលម្អស្ថិរភាពសេដ្ឋកិច្ចសម្រាប់​ប្រជាជន​អាហ្វហ្គានីស្ថាន ខណៈ​តម្រូវ​ឱ្យ​ពួក​តាលីបង់ត្រូវ​តែ​មាន​ការ​ទទួល​ខុសត្រូវ»។​

លោក Wally Adeyemo អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​មានប្រសាសន៍​ថា៖ «ការ​សង្កត់​សង្កិន​របស់ពួក​តាលីបង់និង​ការ​ចាត់ចែង​សេដ្ឋកិច្ច​មិន​ល្អបាន​បង្កើន​ឧបសគ្គ​សេដ្ឋកិច្ច​ដែល​មានយូរយា​មក​ហើយ តាមរយៈ​សកម្មភាព​ដែល​បន្ថយ​សមត្ថភាព​នៃ​ស្ថាប័ន​សេដ្ឋកិច្ច​សំខាន់ៗរបស់​អាហ្វហ្គានីស្ថាន​ ហើយ​បានធ្វើមិន​អាច​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​បង្វែរ​មូលនិធិ​ទាំង​នេះ​មក​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ។ តាម​រយៈ​មូលនិធិ​អាហ្វហ្គានីស្ថាននេះ សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ជា​មួយ​ពួក​ដៃគូអន្តរជាតិ​របស់​យើងដើម្បី​សម្រួល​ការប្រើ​ធនធាន​ទាំងនេះ​សម្រាប់​កែលម្អ​ជីវភាព​របស់ប្រជាជន​សាមញ្ញ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន»។

លោកស្រី​អនុរដ្ឋមន្ត្រី Sherman ​បានកត់​សម្គាល់​ថា៖ ​«សហរដ្ឋអាមេរិក​ជា​ប្រទេសផ្តល់​ជំនួយ​មនុស្សធម៌​ច្រើន​ជាងគេ។ យើង​បានធ្វើការ​ជា​មួយធនាគារ​ពិភពលោកនិង​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ឱ្យ​មាន​ប្រាក់ជំនួយជាង​មួយ​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​សេវា​មូលដ្ឋាន​និង​សេចក្តី​ត្រូវការ​បន្ទាន់​ឯទៀតៗ​ បន្ថែម​លើ​ការផ្តល់ប្រាក់​៨១៤លាន​ដុល្លារ​នៃជំនួយ​មនុស្សធម៌​អាមេរិក​ដោយផ្ទា​ល់​ដល់​ពួក​ដៃគូ​ដើម្បីគាំទ្រ​ប្រជាជន​អាហ្វហ្គានីស្ថាន ខណៈបញ្ចៀសមូលនិធិ​នេះ​កុំ​ឱ្យ​មាន​អត្ថប្រយោជន៍​ដល់​ពួក​តាលីបង់។ នៅ​ពេល​នេះ មូលនិធិ​អាហ្វហ្គានីស្ថាន​ជា​ផ្នែក​មួយ​នៃការប្រឹងប្រែងខាងការទូត​និង​ខាងមនុស្សធម៌​របស់​យើង​ក្នុងនាម​នៃ​ប្រជាជន អាហ្វហ្គានីស្ថាន»៕

XS
SM
MD
LG