Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​សរសើរ​កោះ​តៃវ៉ាន់


រូបឯកសារ៖ អនុ​ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te អបអរ​ជ័យជម្នះ​របស់​លោក។
រូបឯកសារ៖ អនុ​ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te អបអរ​ជ័យជម្នះ​របស់​លោក។

តទៅនេះ​ គឺ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អនុ​ប្រធានាធិបតី​កោះ​តៃវ៉ាន់លោក Lai Ching-te បាន​ទទួល​ជ័យជម្នះដាច់ណាត់នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៃ​កោះ​តៃវ៉ាន់កាន់​លទ្ធិ​ប្រជាធិបតេយ្យកាល​ពី​ថ្ងៃទី ១៣ ខែ​មករា។ ជ័យជម្នះ​នេះកំណត់​លើកទី​បី​បន្ត​បន្ទាប់គ្នាដែល​គណបក្សប្រជាធិបតេយ្យ​ចម្រើន​និយម​ដែលជា​គណបក្ស​គ្រប់គ្រង​ប្រទេសត្រូ​វបាន​ជ្រើសរើសឱ្យ​គ្រប់គ្រង​កោះនេះ។ លោក Lai បានទទួល​សន្លឹក​ឆ្នោត​គាំទ្រ៤០ភាគរយ​ក្នុង​ការប្រកួត​ប្រជែងមាន​បេក្ខជន​បី​នាក់។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken បាន​សរសើរ​លោក Lai Ching-te នៅក្នុងសេចក្តី​ថ្លែងការណ៍មួយ។ លោកបាននិយាយ​ថា «យើង​ក៏​សរសើរ​ប្រជាពលរដ្ឋ​តៃវ៉ាន់ម្តង​ទៀតដែល​បង្ហាញអំពី​កម្លាំងនៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មាំទាំ​របស់​ពួកគេ​ និង​ដំណើរ​ការបោះឆ្នោត‍»។

ការបោះ​ឆ្នោត​កាល​ពី​ថ្ងៃទី១៣ ខែមករា ជា​ការបោះឆ្នោត​លើក​ទី៨ដែល​ប្រជាពលរដ្ឋ​តៃវ៉ាន់ជ្រើសរើស​ប្រធានាធិបតី​ពួកគេតាម​រយៈការបោះឆ្នោត​ដោយ​ផ្ទាល់។ ការបោះឆ្នោត​ប្រធានាធិបតី​លោកទី​មួយ​បានធ្វើ​កាលពី​ឆ្នាំ១៩៩៦ ក្រោយពីតៃវ៉ាន់ធ្វើអន្តរកាល​ជា​លំដាប់​ពីរបប​អត្តាធិបតេយ្យ​ទៅ​កាន់​អភិបាលកិច្ច​ប្រជាធិបតេយ្យ។ ក្រសួងការបរទេសសហរដ្ឋ​អាមេរិកនិងអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិនានាបាន​ផ្តល់​ពិន្ទុខ្ពស់​ឱ្យ​តៃវ៉ាន់​ចំពោះ​ការប្តេជ្ញាជាច្រើនទសវត្សរ៍​មក​ហើយរបស់ខ្លួនដល់​ប្រជាធិបតេយ្យនិង​សិទ្ធិ​មនុស្ស។

លោករដ្ឋមន្ត្រីការបរទេស Blinken បាន​មាន​ប្រសាសន៍​ថា​៖ «ភាពដៃគូ​រវាងពលរដ្ឋ​អាមេរិកាំង​និងពលរដ្ឋ​តៃវ៉ាន់​មានឫសគល់ក្នុង​គុណតម្លៃប្រជាធិបតេយ្យ បន្តពង្រីក​និងពង្រឹង​នូវ​ចំណង​ទាក់ទង​គ្នាទាំងខាង​សេដ្ឋកិច្ច វប្បធម៌​ និង​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ»។

លោកបាន​គូស​បញ្ជាក់ការប្តេជ្ញា​ដោយ​សហរដ្ឋ​អាមេរិក«ដើម្បី​ថែរក្សាសន្តិភាពនិង​ស្ថិរភាព​ឆ្លងកាត់​ច្រក​សមុទ្រតៃវ៉ាន់​ និងដោះស្រាយដោយ​សន្តិវិធីនូវ​ការខ្វែង​គំនិតគ្នាដោយគ្មាន​ការបង្ខិត​បង្ខំ​និ​ងសម្ពាធ‍»។ លោ​ករដ្ឋមន្ត្រី Blinken បាន​បន្ថែម​ថា «យើងនឹង​ធ្វើការ​ជាមួយ​លោក​បណ្ឌិត Lai និង​ពួកមេដឹកនាំតៃវ៉ាន់​នៃ​គណបក្ស​ទាំងអស់​ដើម្បី​ជំរុញ​ផលប្រយោជន៍និង​គុណតម្លៃដូចគ្នារបស់​យើង​និង​រឹតចំណងទាក់ទង​គ្នាមិនផ្លួវការ​និង​យូរយាមក​ហើយរបស់យើង ដោយ​សមស្រប​តាម​គោលនយោបាយអាមេរិកាំង ​គឺ​គោលនយោបាយ​ប្រទេស​ចិន​តែ​មួយ ដូច​ដែលត្រូវ​ណែនាំដោយ​ច្បាប់ស្តីពី​ទំនាក់​ទំនង​ជា​មួយ​តៃវ៉ាន់ សេចក្តី​ថ្លែងការណ៍​រួមបី​ និង​ការធានា​រ៉ាប់រងប្រាំមួយ។ យើង​មាន​ទំនុក​ចិត្ត​ថា កោះតៃវ៉ាន់​នឹង​បន្តបម្រើការ​ជាឧទាហរណ៍មួយសម្រាប់​ប្រទេស​ទាំងឡាយ​ណា​ដែល​ប្រឹងប្រែង​ដើម្បី​សេរីភាព លទ្ធិ​ប្រជាធិបតេយ្យ ​និងភាពសំបូររុងរឿង‍»៕

XS
SM
MD
LG