តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ស.រ.អ.បានប្រកាសថា ខ្លួនបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដែលជាផ្នែកទីមួយនៃការផ្តើមគំនិតទ្វេភាគីមួយចាប់ផ្តើមកាលពីឆ្នាំទៅមានឈ្មោះថា «ការផ្តើមគំនិតរវាងស.រ.អ.និងកោះតៃវ៉ាន់អំពីពាណិជ្ជកម្មក្នុងសតវត្សរ៍ទី២១»។
ស.រ.អ.និងតៃវ៉ាន់បានធ្វើការចរចាគ្នាក្រោមការឧបត្ថម្ភនៃវិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់ AIT និងការិយាល័យអ្នកតំណាងខាងសេដ្ឋកិច្ចនិងខាងវប្បធម៌របស់រដ្ឋាភិបាលតៃប៉ិក្នុងស.រ.អ. ហៅកាត់ថា TECRO។
ការិយាល័យអ្នកតំណាងពាណិជ្ជកម្មស.រ.អ.បានកត់សម្គាល់កាលពីខែមិថុនា ឆ្នាំ២០២២ ថា ការផ្តើមគំនិតនេះមានគោលដៅអភិវឌ្ឍវិធីជាក់ស្តែងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃភាគីទាំងពីរ ជំរុញអាទិភាពពាណិជ្ជកម្មទៅវិញទៅមកផ្អែកលើសេចក្តីថ្លៃថ្នូរដូចគ្នា និងឧបត្ថម្ភផ្ចុងផ្តើមការបញ្ចូលរបៀបថ្មីៗនិងការលូតលាស់សេដ្ឋកិច្ចសម្រាប់កម្មករនិងវិស័យធុរកិច្ច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយប្រកាសអំពីកិច្ចព្រមព្រៀងនេះ ការិយាល័យអ្នកតំណាងពាណិជ្ជកម្មស.រ.អ.បានកត់សម្គាល់ថា កិច្ចព្រមព្រៀងទីមួយនេះ «ទាក់ទងនឹងផ្នែកនានាដូចជាអភិបាលកិច្ចវិស័យគយនិងការសម្រួលពាណិជ្ជកម្ម ការអនុវត្តន៍និយតកម្មល្អប្រសើរ និយតកម្មសេវាក្នុងប្រទេស ការប្រឆាំងនឹងអំពើពុករលួយ និងសហគ្រាសខ្នាតតូចនិងខ្នាតកណ្តាល។ តាមរយៈខទាំងនេះ វិស័យធុរកិច្ចស.រ.អ.នឹងអាចដឹកជញ្ជូនផលិតកម្មច្រើនជាងមុនទៅកាន់កោះតៃវ៉ាន់និងអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគតៃវ៉ាន់ ដោយបង្កើតទម្រង់ការមានតម្លាភាពជាងមុននិងងាយស្រួលជាងមុន ព្រមទាំងធ្វើឱ្យមានឱកាសសេដ្ឋកិច្ចក្នុងផ្សារនៃប្រទេសទាំងពីរ ជាពិសេសសហគ្រាសខ្នាតតូចនិងខ្នាតមធ្យម»។
ការចរចាដើម្បីឱ្យមានកិច្ចព្រមព្រៀងដែលត្រូវបានសម្រេចចប់សព្វគ្រប់កាលពីពេលថ្មីៗនេះ បានធ្វើឡើងក្នុងរយៈពេលតិចជាងមួយឆ្នាំ។ អ្នកតំណាងពាណិជ្ជកម្មស.រ.អ. លោកស្រី Katherine Tai បានថ្លែងថា «ការសម្រេចនេះតំណាងជំហានសំខាន់មួយឆ្ពោះទៅកាន់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងស.រ.អ.និងតៃវ៉ាន់។ វាបង្ហាញអំពីការដែលយើងអាចធ្វើការជាមួយគ្នានិងជំរុញអាទិភាពពាណិជ្ជកម្មទៅវិញទៅមកជូនពលរដ្ឋយើង»។
ក្នុងចំណោមផ្នែកជាច្រើនដែលបានដោះស្រាយ កិច្ចព្រមព្រៀងនេះធ្វើឱ្យមានការប្តេជ្ញារបស់ភាគីទាំងពីរដើម្បីបង្កើតវិធានការទូលំទូលាយប្រឆាំងនឹងអំពើពុករលួយសម្រាប់បញ្ចៀសនិងប្រឆាំងនឹងការសូកប៉ាន់។ ការផ្តោតសំខាន់មួយទៀត គឺរកវិធីលើកទឹកចិត្តឱកាសពាណិជ្ជកម្មនិងវិនិយោគរវាងស.រ.អ.និងតៃវ៉ាន់សម្រាប់សហគ្រាសតូចនិងមធ្យមហៅថា SMEs។ ឱកាសទាំងនេះមានរួមកម្មវិធីហ្វឹកហ្វឺន ការសិក្សាអប់រំខាងពាណិជ្ជកម្ម ហិរញ្ញវត្ថុពាណិជ្ជកម្ម បេសកកម្មពាណិជ្ជកម្ម និងការកែលម្អធ្វើឱ្យ SMEs មានមូលធននិងឥណទាន។
ការិយាល័យខាងការចរចាពាណិជ្ជកម្មរបស់តៃវ៉ាន់បានសរសើរកិច្ចព្រមព្រៀងនេះថា មាន«សារៈសំខាន់ជាប្រវត្តិសាស្ត្រ»ហើយបានសម្តែងការប្តេជ្ញារបស់ខ្លួនថា ធ្វើការចរចាឱ្យចប់សព្វគ្រប់អំពីបញ្ហានៅសេសសល់ឱ្យបានឆាប់រហ័ស។
AIT និង TECRO នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកស្រីឯកអគ្គរដ្ឋទូត Tai បានមានប្រសាសន៍ថា «យើងរង់ចាំបន្តកិច្ចចរចាទាំងនេះហើយឱ្យមានកិច្ចព្រមព្រៀងមាំទាំនិងមានស្តង់ដារខ្ពស់ដែលដោះស្រាយជាបន្ទាន់នូវឧបសគ្គសេដ្ឋកិច្ចក្នុងសតវត្សរ៍ទី២១»៕