Accessibility links

Breaking News

បទវិចារណកថា៖ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្អាក​ការ​ចរចា​អំពី​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ រូប​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua នេះ​ បង្ហាញ​អំពី​កាំជ្រួច​របស់​កងទ័ពរំដោះ​ប្រជាជន​ចិន (PLA) នៅក្នុង​ប្រតិបត្តិការ​ក្នុង​អំឡុង​ពេល​ល្បាត​ត្រៀម​ប្រយុទ្ធ និង​សមយុទ្ធ​យោធា កាលពី​ថ្ងៃ​ទី៨ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ រូប​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua នេះ​ បង្ហាញ​អំពី​កាំជ្រួច​របស់​កងទ័ពរំដោះ​ប្រជាជន​ចិន (PLA) នៅក្នុង​ប្រតិបត្តិការ​ក្នុង​អំឡុង​ពេល​ល្បាត​ត្រៀម​ប្រយុទ្ធ និង​សមយុទ្ធ​យោធា កាលពី​ថ្ងៃ​ទី៨ ខែមេសា ឆ្នាំ២០២៣។

តទៅ​នេះ គឺ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ស្តីពី​ការរំសាយ​អាវុធ និង​ការមិន​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​កាលពី​នៅ​ដើម​ឆ្នាំ​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield បាន​ថ្លែង​ថា៖ «‍ក្របខ័ណ្ឌ​ពិភពលោក​ដែល​បាន​ទប់ស្កាត់​អាវុធ​នុយក្លេអ៊ែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​កំពុង​ស្ថិត​ក្នុង​ក្រោម​សម្ពាធកាន់តែ​ខ្លាំង​ឡើង‍»។ អ្នកស្រី​បាន​ចង្អុល​បង្ហាញ​អំពី​ការពង្រីក​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដោយ​គ្មាន​ហេតុផល​ផ្នែក​ស៊ីវិល​គួរ​ឱ្យ​ទុកចិត្ត​បាន វោហាសាស្ត្រ​អំពី​នុយក្លេអ៊ែរ​ដ៏​គ្រោះថ្នាក់​របស់​រុស្ស៊ី​និង​ការបរាជ័យ​ក្នុង​ការអនុលោម​តាម​កាតព្វកិច្ច​គ្រប់គ្រង​អាវុធ​របស់​ខ្លួន ការបាញ់​មីស៊ីល​ជាច្រើន​គ្រាប់​របស់​កូរ៉េ​ខាងជើង​ដើម្បី​សាកល្បង​ប្រព័ន្ធ​ដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ និង​ការសាងសង់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​យ៉ាងឆាប់រហ័ស និង​ដែល​ពន្លឺ​មិន​អាច​ចាំង​ចូល​បាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ឥឡូវនេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុង​រួមចំណែក​ដល់​ការ​ធ្វើឱ្យ​កាន់តែ​បែកបាក់​ថែម​ទៀត​នៃ​របប​ដែល​មិន​រីក​សាយភាយ​អាវុធ​នៅ​ក្នុង​សាកលលោក។ កាលពី​ថ្ងៃទី១៧ ខែកក្កដា​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​ប្រកាស​ថា ខ្លួន​បាន​ផ្អាក​ការចរចា​អំពី​ការគ្រប់គ្រង​អាវុធ និង​ការមិន​រីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក។ ប្រទេស​ទាំងពីរ​បាន​បើក​កិច្ចពិភាក្សា​ជុំ​ទីមួយ​នៃ​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​ប្រាំ​ឆ្នាំ។ នៅ​ពេល​នោះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​គូស​បញ្ជាក់​អំពី​តម្រូវការ​សម្រាប់​ការចូលរួម​ដូច​នេះ​«ដើម្បី​លើក​កម្ពស់​ស្ថិរភាព ជួយ​ទប់ស្កាត់​ការ​ប្រណាំង​ប្រជែង​សព្វាវុធ​ដោយ​គ្មាន​ការរារាំង និង​គ្រប់គ្រង​ការប្រកួត​ប្រជែង​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការប៉ះ​ទង្គិចគ្នា‍»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយ​ថា កិច្ចពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ផ្អាក​ដោយសារតែ​សហរដ្ឋ​អាមេរិក​លក់​អាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្កើន​សកម្មភាព​ឈ្លានពាន​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់​ ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ។ ក្រោម​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ សហរដ្ឋ​អាមេរិក​បាន​បង្កើត​ទិន្នន័យ​បច្ចេកវិទ្យា និង​សេវាកម្ម​ការពារ​ជាតិ​តាម​ការចាំបាច់ ដើម្បី​ឱ្យ​កោះ​តៃវ៉ាន់​អាច​រក្សា​សមត្ថភាព​ការពារ​ខ្លួន​ឱ្យ​បាន​គ្រប់គ្រាន់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ហៅ​ការផ្អាក​ការចរចា​អំពី​នុយក្លេអ៊ែរ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា «ជា​រឿង​អកុសល‍»។

លោក Matthew Miller បាន​ថ្លែង​ថា៖ «‍ប្រទេស​ចិនសម្រេច​ចិត្តធ្វើតាម​ការដឹកនាំ​របស់​រុស្ស៊ី​ក្នុង​ការ​អះអាង​ថា ការចូលរួម​ក្នុង​ការគ្រប់គ្រង​អាវុធ​មិន​អាច​ដំណើរការ​បាន​ទេ នៅ​ពេល​ដែល​មាន​បញ្ហា​ប្រឈម​ផ្សេងទៀត​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី។ យើង​គិត​ថា វិធីសាស្ត្រ​នេះ​បំផ្លាញ​ស្ថិរភាព​យុទ្ធសាស្ត្រ។ វា​បង្កើន​ហានិភ័យ​ដល់​ការ​ប្រណាំង​ប្រជែង​ផ្នែក​សព្វាវុធ។ យើង​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ការ​ការពារ​សម្ពន្ធមិត្ត និង​ដៃគូ​របស់​យើង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​យើង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​លើ​កិច្ចការ​ទាំងនោះ ដើម្បី​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​របស់​ចិន​ចំពោះ​សន្តិសុខ​របស់​សម្ពន្ធមិត្ត និង​ដៃគូ​របស់​យើង»។

លោក Matthew Miller បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «‍ជាអកុសល ដោយសារ​ការផ្អាក​ការចរចា​ទាំងនេះ ប្រទេស​ចិន​បានសម្រេច​មិន​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​នឹង​គ្រប់គ្រង​ហានិភ័យ​ជា​យុទ្ធសាស្ត្រ និង​ការរារាំង​មិនឱ្យ​មាន​ការប្រណាំង​ប្រជែង​ផ្នែក​សព្វាវុធ​ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ធំ។ ក៏ប៉ុន្តែ យើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បើក​ចំហ​ក្នុង​ការ​អភិវឌ្ឍ និង​អនុវត្ត​វិធានការ​ដ៏​រឹងមាំ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​ជាមួយ​ប្រទេស​ចិន។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ លោក Miller បាន​ថ្លែង​បន្ថែម​ថា៖ «វា​ទាមទារ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ឆន្ទៈ​ក្នុង​ការគ្រប់គ្រង​លើ​ហានិភ័យ​ជា​យុទ្ធសាស្រ្ត​ផងដែរ»៕

XS
SM
MD
LG