តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយនឹងប្រទេសហ្វីលីពីនអំពីសកម្មភាពដ៏គ្រោះថ្នាក់ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតចិនប្រឆាំងនឹងប្រតិបត្តិការលើដែនទឹកដែលស្របច្បាប់របស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង។
ឧប្បត្តិហេតុចុងក្រោយបង្អស់ដែលបានកើតឡើងនៅក្នុងឧប្បត្តិហេតុជាច្រើនបន្តបន្ទាប់គឺបានកើតឡើងកាលពីថ្ងៃទី៥ ខែមីនា នៅដែលនាវាមួយក្រុមរបស់សាធារណរដ្ឋប្រជាមានិតចិនបានឡោមព័ទ្ធនិងបានរាំងខ្ទប់ក្បួននាវាដ៏តូចមួយដែលដឹកគ្រឿងផ្គត់ផ្គង់សម្រាប់ផ្ដល់ទៅឱ្យទាហានហ្វីលីពីន ដែលត្រូវបានដាក់បញ្ឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៅក្នុងប្រជុំកោះ Spratly។
នាវារបស់សាធារណរដ្ឋប្រជាមានិតចិនបានធ្វើសកម្មភាពបង្កគ្រោះថ្នាក់និងបានប្រើកាណុងបាញ់ទឹកដាក់នាវាហ្វីលីពីន ដែលបានបង្កឱ្យមានការប៉ះទង្គិចគ្នាមួយចំនួន រហូតធ្វើឱ្យទាហានហ្វីលីពីន៤នាក់រងរបួស ហើយបានធ្វើឱ្យនាវាហ្វីលីពីនយ៉ាងហោចណាស់ចំនួនមួយគ្រឿងរងការខូចខាត។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានថ្លែងនៅឯសន្និសីទកាសែតមួយថា៖ «សកម្មភាពទាំងនេះ «បង្ហាញជាថ្មីម្ដងទៀតអំពីសកម្មភាពមិនគោរពរបស់សាធារណរដ្ឋប្រជាមានិតចិនចំពោះសុវត្ថិភាពរបស់ប្រជាជនហ្វីលីពីននិងចំពោះច្បាប់អន្តរជាតិ»។
លោក Miller បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈការបង្អាក់ដល់ប្រតិបត្តិការសុវត្ថិភាពរបស់នាវាហ្វីលីពីនដែលដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅឱ្យទាហានហ្វីលីពីនដែលត្រូវបានដាក់បញ្ឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal សាធារណរដ្ឋប្រជាមានិតចិនជ្រៀតជ្រែកប្រតិបត្តិការដែនទឹកស្របច្បាប់របស់ហ្វីលីពីននិងនៅក្នុងការធ្វើចរាចរណ៍ដែនទឹកដោយសេរីរបស់នាវាហ្វីលីពីន»។
សាធារណរដ្ឋប្រជាមានិតចិនបន្តទាមទារដែនទឹកដ៏ធំនិងកោះនានានៅក្នុងសមុទ្រចិនខាងត្បូង បើទោះជាមានសាលក្រមអាជ្ញាកណ្ដាលកាលពីឆ្នាំ២០១៦ ដែលបានកំណត់ថា សាធារណរដ្ឋប្រជាមានិតចិនគ្មានការទាមទារស្របច្បាប់លើដែនទឹកនៅជុំវិញតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ទេ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Miller បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «តំបន់ថ្មប៉ប្រះទឹក Thomas Shoal «ច្បាស់ណាស់គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន»។
យោងតាមច្បាប់អនុសញ្ញាសមុទ្រឆ្នាំ១៩៨២ លោកបានសង្កត់ធ្ងន់ថា សេចក្ដីសម្រេចនោះ «គឺជាឯកសារច្បាប់សម្រេចចុងក្រោយនិងស្របច្បាប់សម្រាប់សាធារណរដ្ឋប្រជាមានិតចិននិងហ្វីលីពីន។ សហរដ្ឋអាមេរិកអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតចិនគោរពទៅតាមសាលក្រមនោះ និងបញ្ឈប់សកម្មភាពបង្កគ្រោះថ្នាក់និងអស្ថិរភាពរបស់ខ្លួន»។
លោក Millerបានលើកឡើងថា «មាត្រទី៤ នៃសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនឆ្នាំ ១៩៥១ ពង្រីកការការពារទៅលើការវាយប្រហារដោយសព្វាវុធលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ ឬយន្ដហោះ ដោយរួមទាំងនាវាឆ្មាំល្បាតតាមដែនទឹករបស់ហ្វីលីពីននៅគ្រប់កន្លែងក្នុងសមុទ្រចិនខាងត្បូងផងដែរ»។
លោកបានថ្លែងប្រាប់អ្នកកាសែតថា «សហរដ្ឋអាមេរិកឈរជាមួយនឹងសម្ព័ន្ធមិត្តហ្វីលីពីនរបស់យើងនៅក្នុងការប្រឈមនឹងសកម្មភាពដ៏គ្រោះថ្នាក់និងខុសច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិន៕