Accessibility links

Breaking News

បទវិចារណកថា៖ គោលដៅ​នៅតែ​ជា​ឧបទ្វីប​កូរ៉េ​មាន​សន្តិភាព​និង​គ្មាន​អាវុធ​នុយក្លេអ៊ែរ


ឯកអង្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​​លោកស្រី Linda Thomas-Greenfield ថតរូប​ជាមួយ​មន្ត្រី​យោធា​នៅ​ក្នុង​តំ​បន់​​​គ្មាន​​កងទ័ព​​​បែងចែក​​ប្រទេស​កូរ៉េ​ខាងជើង​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ទី១៦ ខែមេសា ឆ្នាំ២០២៤។
ឯកអង្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​​លោកស្រី Linda Thomas-Greenfield ថតរូប​ជាមួយ​មន្ត្រី​យោធា​នៅ​ក្នុង​តំ​បន់​​​គ្មាន​​កងទ័ព​​​បែងចែក​​ប្រទេស​កូរ៉េ​ខាងជើង​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ទី១៦ ខែមេសា ឆ្នាំ២០២៤។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅក្នុងទស្សនកិច្ច​មួយ​កាលពី​ពេលថ្មីៗនេះនៅ​ក្នុង​តំ​បន់​គ្មានកងទ័ព​បែងចែកប្រទេស​កូរ៉េខាងជើង​ពី​ប្រទេស​កូរ៉េខាង​ត្បូង ​ឯកអង្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានកត់​សម្គាល់​ថា ​«កាលពីជាង​៧០ឆ្នាំ​មុន កិច្ច​ព្រមព្រៀង​យុទ្ធសន្តិភាព​កូរ៉េដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​បានដាក់​ប្រទេស​កូរ៉េខាង​ជើង​និង​ប្រទេសកូរ៉េខាងត្បូងឱ្យ​នៅលើ​មាគ៌ាដាច់គ្នាស្រឡះ‍»។

លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បាននិយាយថា ​វា​ជា​«ពិភពលោក​មួយ​ដែលនៅក្នុង​នោះ នៅចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ទៅ​ខាងត្បូង​ យើង​ឃើញមានលទ្ធិ​ប្រជា​ធិបតេយ្យ​និង​ភាពសំបូរ​រុង​រឿង ហើយនៅ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ទៀត​ទៅ​ខាង​ជើង​ មានការ​បង្ក្រាបនិង​ការនៅឯកោពី​គេ គឺ​ជាពិភព​មួយ​ដែល​គ្មាន​សន្តិភាពពិត​ប្រាកដនិង​មិនមាន​ការរស់នៅ​ជា​មួយគ្នា។ ដោយគ្មានចម្ងល់​ឡើយ ការណ៍​នេះ​មាន​ឡើងដោយសារកំណើន​វោហារ​សាស្ត្រ ការធ្វើ​សេចក្តីសម្រេច​ដោយ​ភ័ន្ត​ច្រឡំនិង​សកម្មភាព​នាំឱ្យមាន​អស្ថិរភាព​ គឺ​សកម្មភាពនាំឱ្យមាន​គ្រោះថ្នាក់ដល់សន្តិភាពនិង​សន្តិសុខ​នៅ​ក្នុង​តំបន់ និងហួស​ពីនោះទៅទៀត‍»។

លោកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងថា សហរដ្ឋ​អាមេរិក​គ្មាន​បំណងអរិភាព​ណា​មួយ​ចំពោះសាធារណរដ្ឋប្រជា​ធិបតេយ្យប្រជា​មានិត​កូរ៉េ DPRK ទេ។

លោកស្រីបាន​ពោល​ថា «យើង​បានសុំ​ជា​ច្រើន​ដងដល់រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងកុំ​ឱ្យបង្ក​រឿង​ ហើយ​ធ្វើការសន្ទនា​គ្នា។ យើងបានបើក​ទ្វារ​ចំហ​សម្រាប់ការទូតមាន​ន័យ។ ហើយ​យើងនៅ​តែចំហ​សម្រាប់​ការសន្ទនា​គ្នា...ពី​ព្រោះ​គោលដៅ​របស់យើង ​គឺ​ធ្វើឱ្យមាន​ឧបទ្វីបមួយមានសន្តិភាពនិង​ស្ថិរភាព​ និងពិភពលោកមួយ​មានសន្តិភាព​និង​ស្ថិរភាព‍»។

លោកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាន​និយាយ​ថា ​«សហរដ្ឋ​អាមេរិកដឹងគុណ​ដល់ទាហាន​២ម៉ឺន ៨ពាន់ ៥រយ​នាក់ ដែលឈរស្មា​ទល់នឹង​ស្មា​ជាមួយក្រុម​ទាហាន​សាធារណ​រដ្ឋ​កូរ៉េនិង​កង​កម្លាំង​ពហុភាគីដែលបម្រើការឱ្យ​គោលដៅ​នោះ‍»។

លោកប្រធានាធិបតី Biden បានមាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក«នឹង​មិន​ដឹកនាំដោយ​ឧទាហរណ៍​នៃកម្លាំង​យើង​ទេ​ តែ​ដោយកម្លាំងនៃឧទាហរណ៍​របស់​យើង‍»។

លោកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាន​ថ្លែង​ថា «ការ​ប្តេជ្ញានេះគឺ​ជា​អ្វីដែលបែងចែក​យើងនិង​ដៃគូ​យើង​ដូចជា​សាធារណរដ្ឋកូរ៉េជាដើម ពីក្រុមជន​ដែលប្រឆាំង​នឹង​ប្រជាជន​ខ្លួន​ឯង ​ច្រានចោលពហុ​ភាគីនិយម និង​ធ្វើឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ​ ដែល​វាស់វែងកម្លាំង​របស់​ពួកគេដោយ​គ្រាប់រំសេវ​ពួក​គេ​និងប្រឹងប្រែង​បើកផ្លូវ​ពួក​គេ​ទៅ​កាន់​អំណាច។ ហើយនៅ​ពេល​យើងព្រួត​ដៃ​គ្នាជា​មួយពួក​សម្ព័ន្ធមិត្ត​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងការ​មិនរីកសាយ​អាវុធ​នុយក្លេអ៊ែរ​ដើម្បីសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ យើង​ក៏បញ្ជាក់​ជា​ថ្មីថា វិធីតែ​មួយគត់​ដើម្បី​ឱ្យបាន​សម្រេចគោលដៅ​ទាំងនេះ គឺតាម​រយៈ​ការទូត‍»។

នៅពេលនេះ ដោយមាន​សាធារណរដ្ឋ​កូរ៉េ​និងប្រទេស​ជប៉ុន​នៅ​ជិត​ខ្លួន សហរដ្ឋ​អាមេរិក​នឹងបន្តធ្វើការ​នៅក្នុងប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដើម្បី​ឱ្យ​ក្រុម​ជន​ដែល​គំរាម​កំហែង​ដល់ការមិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ទទួល​ខុស​ត្រូវដល់​សកម្មភាព​ពួក​គេ។ ការ​ណ៍​នេះ​មានរួម​ប្រទេសរុស្ស៊ីនិង​ប្រទេស​ចិនដែល​ជា​ប្រទេស​ពីរ​បន្តប្រើ​តំណែង​ខ្លួន​នៅ​ក្នុង​ប្រឹក្សា​សន្តិសុខ​ដើម្បីការពារ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​កូរ៉េ​មិន​ឱ្យមាន​ការទទួលខុស​ត្រូវ​ខ្ពស់។

លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍​ថា «យើង​សុំឱ្យ​រុស្ស៊ីនិងចិនប្រែក្រឡះ​វិធានការ​នេះ ហើយ​ម្តង​ទៀត យើងសុំ​ដល់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងឱ្យ​ជ្រើស​រើស​យក​ការទូត​ហើយ​មក​កាន់​តុ​ចរចាគ្នា...ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា ​ទសវត្សរ៍៧ខាងមុខ​នេះ​មានសន្តិភាព​ជាង​ពេល​៧​ទសវត្សរ៍​មុន‍»៕

XS
SM
MD
LG