តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
បន្ទាប់ពីជំនួបជាមួយសមភាគីចិនរបស់លោក គឺរដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Dong Jun នៅប្រទេសសិង្ហបុរីមក រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយថា «ពេលវេលាដ៏ត្រឹមត្រូវសម្រាប់មេដឹកនាំការពារជាតិនិយាយគ្នា គឺនៅពេលវេលាណាមួយ និងគ្រប់ពេលវេលា»។
លោក Lloyd Austin បាននិយាយថា៖ «គ្មានអ្វីអាចមកជំនួសការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហដើម្បីជៀសវាងការយល់ច្រឡំ និងការគិតខុសនោះទេ។ ដូចដែលខ្ញុំតែងតែនិយាយថា ការសន្ទនាមិនមែនជារង្វាន់ទេ។ វាជាការចាំបាច់»។
កិច្ចពិភាក្សាទល់មុខគ្នារវាងមេដឹកនាំយោធាបានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា នៅខាងក្រៅសន្និសីទកំពូល Shangri-La Dialogue។ វាជាជំនួបផ្ទាល់លើកដំបូងរវាងប្រមុខការពារជាតិកំពូលរបស់អាមេរិកនិងចិនក្នុងរយៈពេលជាង១៨ខែ។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានហៅការពិភាក្សានេះថា «ស្មោះត្រង់» និង«បើកចំហ»។ នៅក្នុងសេចក្តីថ្លែងការមួយ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានកត់សម្គាល់ថា ក្នុងចំណោមបញ្ហាផ្សេងទៀត លោករដ្ឋមន្រ្តី Austin បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពបង្កហេតុដែលធ្វើឡើងដោយប្រទេសចិនប្រឆាំងនឹងកោះតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់។ លោករដ្ឋមន្រ្តី Austin បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះគោលនយោបាយចិនតែមួយដ៏យូរអង្វែងរបស់ខ្លួន ហើយបានអះអាងជាថ្មីអំពីតម្រូវការសម្រាប់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោក Austin ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេរីភាពនៃការធ្វើនាវាចរណ៍ដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ ជាពិសេសនៅសមុទ្រចិនខាងត្បូង។ លោកបានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការហោះហើរ ការធ្វើនាវាចរណ៍ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។
នៅក្នុងការពិភាក្សាអំពីកិច្ចប្រជុំនេះ លោកAustinបានរំឭកឡើងវិញថា«គ្រប់ប្រទេស ធំឬតូចមានសិទ្ធិទទួលបានធនធានពីដែនសមុទ្ររបស់ខ្លួន ហើយអាចធ្វើនាវាចរណ៍ និងប្រតិបត្តិការដោយសេរីនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត»។
លោក Austin បានថ្លែងថា «យើងទាំងអស់គ្នាមានចំណាប់អារម្មណ៍រួមក្នុងការធានាថា សមុទ្រចិនខាងត្បូងនៅតែបើកចំហ និងសេរី។ សន្តិភាពនិងស្ថិរភាពនៅទូទាំងតំបន់នេះមានសារៈសំខាន់ណាស់សម្រាប់ពិភពលោកទាំងមូល»។
លោករដ្ឋមន្ត្រី Austin បាននិយាយទៀតថា «អ្វីដែលយើងកំពុងស្វែងរក... នៅក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន គឺជាទំនាក់ទំនងដែលផ្អែកលើការប្រកួតប្រជែង។ យើងមិនស្វែងរកទំនាក់ទំនងដ៏ចម្រូងចម្រាសនោះទេ ប៉ុន្តែ... យើងពិតជាត្រូវនិយាយឱ្យច្បាស់លាស់អំពីការរំពឹងទុករបស់យើង»។
លោករដ្ឋមន្ត្រី Austin បានថ្លែងទៀតថា៖ «ហើយបញ្ហាដែលយើងមើលឃើញ គឺថា មានបញ្ហាខ្លាំងណាស់។ ហើយប្រសិនបើយើងមានកិច្ចពិភាក្សាបើកចំហ យើងអាចដោះស្រាយបញ្ហាទាំងនោះនៅក្នុងការសន្ទនាបាន»។
លោក Austin បានប្រកាសថា «មេដឹកនាំនៃប្រទេសមហាអំណាចនានាចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាដើម្បីធានាថា យើងកំពុងធ្វើកិច្ចការដើម្បីកាត់បន្ថយឱកាសដែលអាចគិតខុស និងការយល់ខុស។ ហើយរាល់ការសន្ទនានឹងមិនមែនជាការសន្ទនាដ៏រីករាយគ្រប់ពេលនោះទេ។ ក៏ប៉ុន្តែ វាជាការសំខាន់ដែលយើងបន្តនិយាយគ្នាទៅវិញទៅមក»៕