Accessibility links

Breaking News

បទវិចារណកថា៖ ខួប​ទី​៣៥ នៃ​ការសម្លាប់​រង្គាល​នៅ​ទីលាន Tiananmen


រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ឃ្លាំមើល​ច្រកទ្វារ​ទីលាន Tiananmen នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ឃ្លាំមើល​ច្រកទ្វារ​ទីលាន Tiananmen នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ខែ​មិថុនា​នេះ​ គឺជា​ខួបទី​៣៥ នៃ​ការសម្លាប់​រង្គាល​នៅ​ទីលាន Tiananmen។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «យើង​ចងចាំ​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​រាប់ម៉ឺន​នាក់​ដែល​ត្រូវបាន​វាយតប់យ៉ាងព្រៃផ្សៃ​ចំពោះ​ការក្រោកឈរ​ឡើង​ដើម្បី​សេរីភាព សិទ្ធិ​មនុស្ស និង​ការបញ្ចប់​អំពើ​ពុករលួយ‍។ ៣៥ឆ្នាំ​ក្រោយមក ចំនួន​អ្នកស្លាប់​ពិតប្រាកដ​នៅ​ថ្ងៃនោះ នៅតែ​មិនទាន់​ដឹង​នៅ​ឡើយ ក៏ប៉ុន្តែ​យើង​គោរព​អ្នកទាំងអស់​នោះ​ដែល​ត្រូវបាន​សម្លាប់ និង​ជាប់​ពន្ធនាគារ​នៅ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ និង​ពេលក្រោយ​មកទៀត‍»។

លោក Blinken បាន​ថ្លែង​បន្ត​ថា «‍យើង​ក៏​គោរព​ដល់​មនុស្ស​ជាច្រើន​ដែល​ឥឡូវនេះ​ត្រូវបាន​គេ​បំបិទ​មាត់​នៅ​ទូទាំង​ប្រទេស រួមទាំង​នៅ​តំបន់ Xinjiang ដែនដី​ទីបេ និង​ទីក្រុង​ហុងកុង​ផងដែរ។ យោង​តាម​របាយការណ៍​សិទ្ធិ​មនុស្ស​ថ្មី​បំផុត​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា «អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​បាន​កើតឡើង​នៅក្នុង​អំឡុង​ឆ្នាំ [២០២៣] នៅក្នុង​ប្រទេស​ចិន​ដែល​ភាគច្រើន​គឺ​ប្រឆាំងនឹង​ជនជាតិ​ភាគតិច Uighurs ដែល​កាន់​សាសនា​អ៊ិស្លាម និង​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគតិច និង​សាសនា​ផ្សេងទៀត​នៅក្នុង​តំបន់ Xinjiang។ ជាការពិត​ណាស់ ចាប់តាំងពី​ឆ្នាំ២០១៧ មក ជនជាតិ Uighurs ជាង​មួយ​លាន​នាក់ និង​ភាគច្រើន​នៃ​សមាជិក​ក្រុម​ជនជាតិ​ភាគតិច​កាន់សាសនា​អ៊ិស្លាម​ផ្សេងទៀត​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ជំរំ​ឃុំឃាំង​ក្រៅ​ប្រព័ន្ធ​តុលាការ ពន្ធនាគារ និង​មនុស្ស​ផ្សេងទៀត​ដែល​គេ​មិនដឹង​ចំនួន​ពិត​ប្រាកដ​ត្រូវបាន​ទទួល​ការហ្វឹកហ្វឺន​«អប់រំ​ឡើងវិញ‍»​ដែល​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ពេល​ថ្ងៃ។

នៅ​ទីក្រុង​ហុងកុង ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវបាន​អនុម័ត​ក្នុង​ឆ្នាំ២០២០ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​នៅ​ទីនោះ ដើម្បី​ចាប់ខ្លួន ជំនុំជម្រះ ​និង​កាត់ទោស​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ហើយ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។

អ្នកទោស​នយោបាយ​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​នៅតែ​ស្ថិត​នៅក្នុង​ពន្ធនាគារ ឬ​ស្ថិត​នៅ​ក្រោម​ការឃុំខ្លួន​ក្នុង​ទម្រង់​ផ្សេងទៀត ដោយ​ក្នុង​នោះ រួមទាំង​អ្នកនិពន្ធ​លោក Guo Feixiong អ្នកស្រាវជ្រាវ​ជនជាតិ Uighur លោក Ilham Tohti និង​ព្រះសង្ឃ​ទីបេ​ព្រះតេជគុណ Go Sherab Gyatso ផងដែរ នេះ​បើ​យោង​តាម​របាយការណ៍​សិទ្ធិ​មនុស្ស​ដដែល​នោះ។

លោក Blinken បាន​និយាយ​ទៀត​ថា «យើង​នឹង​បន្ត​លើក​យក​មក​និយាយ និង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​លើក​កម្ពស់​ការទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​[សាធារណរដ្ឋ​ប្រជាមានិត​ចិន] ទាំងក្នុង និង​ក្រៅព្រំដែន​របស់ខ្លួន‍។ យើង​បន្ទរ​តាម​ការអំពាវនាវ​របស់​ក្រុម​បាតុករ​នៅ​ទីលាន Tiananmen ដ៏​ក្លាហាន​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ទទួលស្គាល់​និង​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ដែល​មាន​ចែង​នៅក្នុង​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស ដែល​ប្រទេស​ចិន​ជា​ហត្ថលេខី​មួយ‍»។

សហរដ្ឋ​អាមេរិក​ក៏​អំពាវនាវ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ទទួល​យក​អនុសាសន៍​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ឆ្នាំ​នេះ ក្នុង​អំឡុង​ពេល​ការត្រួត​ពិនិត្យ​ជា​សកល​នៃ​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់ខ្លួន រួមទាំង​ការដោះលែង​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​បំពាន​និង​ដោយ​អយុត្តិធម៌ ដោយ​គ្មាន​លក្ខខណ្ឌ។

ការចងចាំ​ថ្ងៃទី៤ ខែមិថុនា សហរដ្ឋ​អាមេរិក​មាន​ជំហរ​សាមគ្គីភាព​ជាមួយ​អ្នក​ដែល​បន្ត​ការតស៊ូ​ដើម្បី​សិទ្ធិ​មនុស្ស និង​សេរីភាព​បុគ្គល។ ភាពក្លាហាន និង​ការលះបង់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ក្រោក​ឈរ​ឡើង​នៅ​ទីលាន Tiananmen កាលពី ៣៥ ឆ្នាំ​មុន នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ឡើយ៕

XS
SM
MD
LG