តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ច្បាប់សហរដ្ឋអាមេរិកឆ្នាំ១៨៣០ដែលហាមប្រាមការនាំចូលទំនិញដែលផលិតឡើងដោយការប្រើកម្លាំងពលកម្មដោយបង្ខំត្រូវបានពង្រឹងនៅក្នុងឆ្នាំ២០២១ នៅពេលដែលលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដើម្បីរារាំងមិនឱ្យមានពលកម្មដោយបង្ខំលើជនជាតិ Uyghur (UFLPA)។ សេចក្តីព្រាងច្បាប់នេះ ហាមប្រាមការនាំទំនិញចូលសហរដ្ឋអាមេរិកដែលផលិតឡើងដោយការប្រើកម្លាំងពលកម្មដោយបង្ខំទៅលើជនជាតិ Uyghur ពីតំបន់ស្វយ័ត Xinjiang។
អ្នកស្រី Thea Lee អនុរដ្ឋលេខាធិការក្រសួងការងារទទួលបន្ទុកកិច្ចការអន្តរជាតិបានពណ៌នាតំបន់ស្វយ័ត Xinjiang នៅឯសវនការនៅសភាកាលពីថ្មីៗនេះថា៖
«តំបន់ Xinjiang ជាតំបន់មួយដែលស្ថិតនៅភាគខាងលិចប្រទេសចិន ហើយ ប្រាកដណាស់ មានជនជាតិភាគតិចរាប់សែននាក់រស់នៅ ដែលក្នុងនោះ មានដូចជាជនជាតិ Uyghurs ជនជាតិ Kazakhs ជនជាតិ Kyrgyz និងសមាជិកនៃក្រុមជនជាតិភាគតិចផ្សេងទៀតដែលត្រូវបានបៀតបៀន និងកំពុងត្រូវបានឃាត់ខ្លួនតាមអំពើចិត្ត និងជាមុខសញ្ញានៃការធ្វើពលកម្មដោយបង្ខំ ដោយការផលិតទំនិញដែលជាញឹកញាប់ត្រូវបាននាំចូលមកសហរដ្ឋអាមេរិក និងចូលក្នុងសង្វាក់ផ្គត់ផ្គង់សាកលលោក»។
សេចក្តីព្រាងច្បាប់ដើម្បីរារាំងមិនឱ្យមានពលកម្មដោយបង្ខំលើជនជាតិ Uyghur ត្រូវបានអនុវត្តតាមរយៈក្រុមការងារអន្តរទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីប្រឆាំងនឹងការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ។ វិធីសាស្រ្តទាំងនោះរួមទាំង ការអភិវឌ្ឍបញ្ជីក្រុមហ៊ុនដែលធ្វើការជីករកធនធានធម្មជាតិ ផលិត ឬលក់ទំនិញទាំងស្រុង ឬផ្នែកខ្លះនៃទំនិញទាំងនោះ ឬទិញទំនិញដែលផលិតដោយការប្រើពលកម្មដោយបង្ខំនៅក្នុងតំបន់ Xinjiang។ ក្រុមហ៊ុនចំនួន ២០ ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងការចាប់ផ្តើមបញ្ជីដំបូង។ ឥឡូវនេះ បញ្ជីនេះត្រូវបានរីកធំជាងមុន ៥០ ភាគរយ។ ក្រុមការងារក៏កំណត់វិស័យអាទិភាពខ្ពស់ផងដែរ ដូចជាវិស័យវាយនភណ្ឌ ប៉េងប៉ោះ និង polysilicon សម្រាប់ការត្រួតពិនិត្យនិងការអនុវត្ត។
ទីភ្នាក់ងារគយនិងការការពារព្រំដែនសហរដ្ឋអាមេរិក (CBP) ទទួលខុសត្រូវក្នុងការទប់ស្កាត់ការនាំចូលផលិតផលដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំមិនឱ្យចូលក្នុងទីផ្សារសហរដ្ឋអាមេរិក តាមរយៈការស៊ើបអង្កេតលើការចោទប្រកាន់ការប្រើកម្លាំងពលកម្មដោយបង្ខំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ លោក Eric Choy នាយកប្រតិបត្តិនៃនាយកដ្ឋានអនុវត្តច្បាប់ស្តីពីការដោះស្រាយពាណិជ្ជកម្មរបស់ទីភ្នាក់ងារគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានប្រាប់សភាថា ចាប់តាំងពីសេចក្តីព្រាងច្បាប់ដើម្បីរារាំងមិនឱ្យមានពលកម្មដោយបង្ខំលើជនជាតិ Uyghur ចូលជាធរមាននៅក្នុងខែមិថុនា ឆ្នាំ២០២២ មក ទីភ្នាក់ងារ CBP បានបញ្ឈប់ការដឹកជញ្ជូនទំនិញជាង ៦.០០០ លើកដែលមានតម្លៃជាង២ពាន់លានដុល្លារនៅក្នុងសកម្មភាពអនុវត្តសេចក្តីព្រាងច្បាប់នោះ។
លោក Eric Choy ថ្លែងថា៖ «ទីភ្នាក់ងារ CBP កំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីរៀបចំផែនការនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងស្រាវជ្រាវរកទំនិញដែលមានហានិភ័យខ្ពស់ដើម្បីធានាថា ខ្សែសង្វាក់ផ្គត់ផ្គង់មិនបានប្រើកម្លាំងពលកម្មដោយបង្ខំទេ»។
អ្នកស្រី Christa Brzozowski ជំនួយការស្តីទីផ្នែកសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ចបានប្រាប់សភាថា ចាប់តាំងពីការអនុវត្តសេចក្តីព្រាងច្បាប់ UFLPA មក មាន«ភស្តុតាងសំខាន់ៗដែលបង្ហាញឱ្យឃើញថា ឧស្សាហកម្មនានាកំពុងទទួលខុសត្រូវក្នុងការយល់ដឹងអំពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេយ៉ាងម៉តចត់ រួមទាំងការផ្លាស់ប្តូរ និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់»។
ដូចដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញា«ក្នុងការប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំនៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងតំបន់ Xinjiang ដែលជាកន្លែងដែលអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកំពុងបន្តកើតមាននោះផងដែរ»៕