តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
អង្គការសហប្រជាជាតិបានឱ្យដឹងថា៖ «ស្ត្រី និងមនុស្សវ័យក្មេងជាកត្តាសំខាន់ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ»។ ជាការពិតណាស់ នៅពេលដែលសមភាពយេនឌ័រត្រូវបានបញ្ជាក់យ៉ាងច្បាស់តាំងពីក្មេង «អន្តរាគមន៍ផ្នែកសន្តិភាព និងសន្តិសុខ អាចជួយការពារមនុស្សជំនាន់ថ្មីពីការត្រាប់តាមលំនាំនិងរចនាសម្ព័ន្ធអំណាចផ្តាច់ការ ដែលដាក់កំហិតលើសមភាពយេនឌ័រ»។ ស្រដៀងគ្នានេះដែរ គំនិតផ្តួចផ្តើមដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីវ័យក្មេងអាចជួយបង្កើតសង្គមដែលកាន់តែស្មើភាព និងស្ថិរភាព។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានថ្លែងថា៖ «សហរដ្ឋអាមេរិកមានជំនឿជាយូរមកហើយថា នៅពេលដែលយើងលើកតម្កើងមនុស្សវ័យក្មេង គឺយើងលើកតម្កើងស្ត្រី។ ហើយនៅពេលដែលយើងលើកតម្កើងស្ត្រី គឺយើងលើកតម្កើងមនុស្សវ័យក្មេង។ ហើយនៅពេលដែលយើងលើកតម្កើងស្ត្រី និងមនុស្សវ័យក្មេង មានន័យថា យើងផ្តល់អំណាចដល់សហគមន៍ទាំងមូល។ ហើយថា ការផ្តល់អំណាចដល់ក្រុមទាំងនេះនៅក្នុងសហគមន៍របស់ពួកគេ នោះយើងនឹងបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពនិងសន្តិភាពជាងមុនសម្រាប់យើងទាំងអស់គ្នា»។
អ្នកស្រី Thomas-Greenfield បានថ្លែងថា៖ «ជាអកុសល យើងក៏ដឹងដែរថា នៅពេលនេះ យុវជន និងជាពិសេសស្ត្រីវ័យក្មេង ត្រូវបានរងផលប៉ះពាល់ដោយមិនសមាមាត្រ ដោយសារជម្លោះ។ អំពើហិង្សាបានបង្អាក់ការអប់រំរបស់ពួកគេ និងកាត់បន្ថយអនាគតការងាររបស់ពួកគេ បន្ទុចបង្អាក់ដល់ក្តីសង្ឃឹមរបស់ពួកគេទៅថ្ងៃអនាគត។ វាធ្វើឱ្យការឈានចូលទៅកាន់លំហសិទ្ធិពលរដ្ឋមានកំណត់ និងបំផ្លាញសក្តានុពលសេដ្ឋកិច្ចរបស់ពួកគេ»។
តែទោះជាយ៉ាងនេះក្តី អ្នកស្រី Thomas-Greenfield បានថ្លែងថា៖ «ការតទល់នឹងបញ្ហាប្រឈមដ៏ខ្លាំងក្លា យើងបានឃើញមនុស្សវ័យក្មេងនៅជុំវិញពិភពលោកប្រមូលផ្តុំគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ហើយក្លាយជាអ្នកតម្រែតម្រង់អនាគតរបស់ពួកគេ។ យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានដើម្បីគាំទ្រ និងលើកស្ទួយយុវជនទាំងនេះ»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តថា៖ «នោះគឺជាកម្លាំងផ្នែកសីលធម៌ដែលជំរុញផ្នែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ជម្លោះ និងលើកកម្ពស់ស្ថិរភាព ដែលបញ្ជាក់ពីការគាំទ្ររបស់យើងសម្រាប់ដំណើរការនយោបាយរួមបញ្ចូល ដើម្បីដោះស្រាយជម្លោះហិង្សាដែលកំពុងកើតមានជាបន្ត ដោយសង្កត់ធ្ងន់លើការចូលរួមដ៏មានន័យរបស់ស្ត្រី និងយុវជន»។
អ្នកស្រី Thomas-Greenfield បានមាននិយាយទៀតថា៖ «ការបញ្ចូលនូវទស្សនវិស័យចម្រុះ ប្រសព្វ និងចំណុចយ៉ាងសំខាន់ ជាការបញ្ចូលអន្តរជំនាន់នៅក្នុងដំណើរការសន្តិភាព និងសន្តិសុខ ដែលនោះ [មិនមែន] គ្រាន់តែជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ គឺថែមទាំងជាមធ្យោបាយតែមួយគត់ដើម្បីធានាថា ដំណោះស្រាយរបស់យើងគឺរួមបញ្ចូល មានផលប៉ះពាល់ និងមានរយៈពេលយូរអង្វែង»។
អ្នកស្រី Thomas-Greenfield បានថ្លែងទៀតថា៖ «ទាំងនេះមិនមែនជាអនុសាសន៍ដែលត្រូវបានបង្ខំទៅលើប្រទេសនានាដោយអ្នកខាងក្រៅដូចដែលអ្នកធ្លាប់បានឮនោះទេ។ ទាំងនេះគឺជាអនុសាសន៍ដែលយុវជននៃប្រទេសទាំងនេះបានសំណូមពរ និងស្នើសុំ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងបន្តទៀតថា៖ «ទីបំផុតសន្តិភាព និងស្ថិរភាពគឺអាចធ្វើទៅបានតាមរយៈដំណើរការធ្វើសេចក្តីសម្រេចចិត្តរួមប៉ុណ្ណោះ។ ដូច្នេះ វាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើការរួមគ្នាដើម្បីទាញយកសក្តានុពលដែលគ្មានដែនកំណត់របស់ស្ត្រី និងមនុស្សវ័យក្មេងដើម្បីធ្វើការជាមួយពួកគេនៅថ្ងៃនេះ និងជារៀងរាល់ថ្ងៃ»៕