តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការបដិសេធមិនឱ្យកុមារទទួលបាននូវជំនួយមនុស្សធម៌គឺជាការរំលោភបំពានធ្ងន់ធ្ងរមួយក្នុងចំណោមការរំលោភបំពានធ្ងន់ធ្ងរចំនួនប្រាំមួយទៅលើកុមារដែលត្រូវបានត្រួតពិនិត្យតាមដានដោយអង្គការសហប្រជាជាតិ។ ការបដិសេធបែបនេះគឺជាការរំលោភលើសិទ្ធិរស់រានមានជីវិត ការអប់រំ និងបទដ្ឋានសុខភាពដែលអាចទទួលបានខ្ពស់បំផុតរបស់កុមារ។ ភាគីណាមួយដែលរារាំងកុមារមិនឱ្យទទួលបានជំនួយសង្គ្រោះជីវិតដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ពួកគេ ត្រូវតែទទួលខុសត្រូវមិនថាជារដ្ឋាភិបាល ឬតួអង្គមិនមែនរដ្ឋនោះទេ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានថ្លែងថា៖ «សូមដឹងឱ្យច្បាស់ថា៖ ការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខគឺជាការគំរាមកំហែងដល់កុមារ»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តថា៖ «ហើយទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅគ្រប់ទីកន្លែងក្នុងពិភពលោក កុមាររាប់លាននាក់នៅក្នុងតំបន់ដែលមានជម្លោះកំពុងត្រូវការយ៉ាងខ្លាំងនូវអាហារនិងទឹកស្អាត ការអប់រំ និងការថែទាំផ្នែកវេជ្ជសាស្រ្ត ដែលសុទ្ធតែជាកត្តាចាំបាច់សម្រាប់ជីវិត»។
នៅប្រទេសមីយ៉ាន់ម៉ា កុមាររ៉ូហ៊ីងយ៉ាត្រូវបានសម្លាប់ ឃាត់ខ្លួន និងផ្លាស់ទីលំនៅ។ ការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែនកំពុងសម្លាប់កុមារ និងបំផ្លាញសាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែង។ អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បាននិយាយថា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្មេងស្រីប្រឈមមុខនឹងការរើសអើងជាប្រព័ន្ធ និងអំពើហិង្សា ខណៈពេលដែលក្រុមហ៊ូធី កំពុងរំខានដល់ការផ្តល់ជំនួយសង្គ្រោះជីវិតដល់កុមារចំនួន ១១ លាននាក់នៅប្រទេសយេម៉ែន។ «ជាអកុសល បញ្ជីឈ្មោះកន្លែងដែលកុមារកំពុងរស់នៅក្នុងភាពភ័យខ្លាចនៅតែមានជាបន្តទៀត»។
អ្នកស្រី Thomas-Greenfield បានថ្លែងទៀតថា៖ «នៅទូទាំងតំបន់ Sahel និងនៅប្រទេសបួគីណាហ្វាសូ ដែលជាកន្លែងដែលអំពើហិង្សាកំពុងកើតមានជាបន្តនោះ បាននាំឱ្យសាលារៀនមួយភាគបួននៃសាលារៀនទាំងអស់បិទទ្វារ និងបានធ្វើឱ្យកុមារតូចៗរាប់សែននាក់ជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ»។
អ្នកស្រី Thomas-Greenfield បានថ្លែងទៀតថា៖ «នៅប្រទេសអ៊ីស្រាអែល ជាកន្លែងដែលកុមារត្រូវបានសម្លាប់ ឬចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ហើយបន្តប្រឈមមុខនឹងការបាញ់គ្រាប់រ៉ុក្កែត។ ហើយនៅតំបន់ហ្កាហ្សាវិញ ជាកន្លែងដែលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កុមាររាប់ពាន់នាក់បានរងរបួស ក្លាយជាកុមារកំព្រា និងស្លាប់»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តថា៖ «សហរដ្ឋអាមេរិកមានមោទនភាពក្នុងការក្លាយជាម្ចាស់ជំនួយនាំមុខគេដល់អង្គការយូនីសេហ្វ និងកម្មវិធីស្បៀងអាហារពិភពលោក។ ក៏ប៉ុន្តែ យើងជំរុញឱ្យពិភពលោកធ្វើការបន្ថែមទៀត ផ្តល់ឱ្យកាន់តែច្រើនទៀតដើម្បីដោះស្រាយតម្រូវការរបស់កុមារនៅក្នុងតំបន់ជម្លោះប្រដាប់អាវុធ»។
អ្នកស្រី Thomas-Greenfield បានថ្លែងទៀតថា៖ «យើងត្រូវតែការពារដល់ផ្នែកវេជ្ជ សាស្រ្ត អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអប់រំ និងសុខភាពផ្លូវចិត្តរបស់ពួកគេ»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តថា៖ «យើងត្រូវតែធានាសិទ្ធិរបស់កុមារក្នុងការលេង ដែលពួកគេជាកុមារ ដែលសិទ្ធិនេះត្រូវបានការពារ។ ហើយយើងត្រូវតែបំពេញតម្រូវការភ្លាមៗរបស់កុមារដែលស្ថិតនៅក្នុងតំបន់មានជម្លោះ យើងក៏ត្រូវគិតគូរអំពីធនធានដែលពួកគេត្រូវការសម្រាប់អនាគតរបស់ពួកគេផងដែរ»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្ថែមថា៖ «នៅពេលដែលយើងធានាបានថា កុមារមានសុវត្ថិភាព ពួកគេមានភាពកក់ក្តៅ និងត្រូវបានផ្តល់អាហារ នៅពេលដែលយើងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព ការគាំទ្រផ្លូវចិត្តដែលពួកគេត្រូវការដើម្បីឱ្យមានភាពលូតលាស់នោះ យើងមិនត្រឹមតែការពារអនាគតរបស់ពួកគេបានប៉ុណ្ណោះទេ យើងថែមទាំងកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុនសម្រាប់យើងទាំងអស់គ្នាផងដែរ»៕
បទវិចារណកថា៖ ការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខជាការគំរាមកំហែងដល់កុមារ
