តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បើតាមធនាគារពិភពលោក ប្រទេសលីបង់ កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងពិភពលោក ដែលបង្កដោយមនុស្សសុទ្ធសាធ។ នៅក្នុងប្រទេសមួយដែលធ្លាប់មានប្រជាជនដែលមានជីវភាពមធ្យមនិងរស់រវើក នៅពេលនេះ ពីរភាគបីនៃប្រជាជនលីបង់រស់នៅក្នុងភាពក្រីក្រ។ មានកង្វះខាតស្បៀងអាហារ ថាមពលប្រើប្រាស់ និងថ្នាំសង្កូវ ហើយអតិផរណាកំពុងកើនឡើង។
ដើម្បីជួយសម្រាលទុក្ខវេទនារបស់ពលរដ្ឋលីបង់ នៅឆ្នាំ២០២១ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ ៤០០ លានដុល្លារ ជាជំនួយមនុស្សធម៌ បន្ថែមពីលើប្រាក់ ២៤០ លានដុល្លារជាជំនួយខាងសន្តិសុខ។
ប៉ុន្តែ ខុសពីវិបត្តិមនុស្សធម៌ដែលបង្កដោយការរញ្ជួយផែនដី គ្រោះរាំងស្ងួត ឬសង្គ្រាម បញ្ហាជាច្រើនរបស់លីបង់មានឫសគល់ចេញពីផលប៉ះពាល់បំផ្លិចបំផ្លាញដោយអំពើពុករលួយ ដែលក្រសួងការបរទេសសហរដ្ឋអាមេរិកសរសេរនៅក្នុងរបាយការណ៍សិទ្ធិមនុស្សចុងក្រោយរបស់ខ្លួន ដែលបានហៅស្ថានភាពអំពើពុករលួយនៅប្រទេសលីបង់ថា មានលក្ខណៈ«ដូចជំងឺឆ្លងដោយកន្លែង»។ របាយការណ៍នោះបានកត់សម្គាល់ថា អំពើពុករលួយទាំងនោះ អមដោយ«និទណ្ឌភាពដែលមានវិសាលភាពធំធេង»។
កាលពីពីរឆ្នាំមុន ពលរដ្ឋលីបង់រាប់ម៉ឺននាក់បានចេញមកតវ៉ាតាមដងផ្លូវប្រឆាំងនឹងអសមត្ថភាពនៃការគ្រប់គ្រងនិងអំពើពុករលួយរបស់រដ្ឋាភិបាល ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការផ្លាស់ប្តូរអ្វីធំដុំទេ។
កាលពីថ្ងៃទី២៨ ខែតុលា សហរដ្ឋអាមេរិក បានចាត់ឈ្មោះចូលក្នុងបញ្ជីដាក់ទណ្ឌកម្មចំពោះបុគ្គលលីបង់៣រូប ដែលបានធ្វើឱ្យខូចខាតដល់នីតិរដ្ឋ និងអភិបាលកិច្ចល្អនៅលីបង់ មួយផ្នែកដោយចូលរួមប្រព្រឹត្តអំពើពុករលួយ ឬកេងចំណេញពីតំណែងផ្លូវការរបស់ពួកគេដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើបុគ្គលទាំងនេះ ក្នុងសាមគ្គីភាពជាមួយពលរដ្ឋលីបង់ ដែលបានទាមទារជាយូរមកហើយឱ្យមានការទទួលខុសត្រូវ តម្លាភាព និងការបញ្ចប់អំពើពុករលួយដែលឆ្លងរាលដាលនេះ»។ បុគ្គលទាំង៣នោះរួមមានលោក Jihad al-Arab, លោក Dany Khoury, និង លោក Jamil Sayyed ដែលជាសមាជិកសភាបច្ចុប្បន្នរបស់លីបង់។
បើយោងតាមលោករដ្ឋមន្ត្រី Blinken លោក al-Arab និង លោក Khoury «បានប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេជាមួយនឹងឥស្សរជននយោបាយ ដើម្បីប្រមូលផលប្រយោជន៍ពីកិច្ចសន្យារដ្ឋាភិបាល ខណៈពួកគេខកខានមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌនៃកិច្ចសន្យាទាំងនោះ»។ លោក Sayyed បានប្រើប្រាស់តំណែងរបស់លោក «ដើម្បីគេចវេះពីគោលនយោបាយធនាគារក្នុងស្រុក» ហើយជាលទ្ធផលលោកអាចផ្ទេរប្រាក់ ១២០លានដុល្លារទៅវិនិយោគនៅក្រៅប្រទេស ដើម្បីបង្កើនទ្រព្យធនរបស់លោក។
ការចាត់ឈ្មោះចូលក្នុងបញ្ជីដាក់ទណ្ឌកម្មនេះ នាំឱ្យរាល់ទ្រព្យធនទាំងអស់របស់បុគ្គលទាំង៣រូបនេះដែលមាននៅសហរដ្ឋអាមេរិក ឬក្រោមសមត្ថកិច្ចអាមេរិក នឹងត្រូវបង្កកទុក។ ម៉្យាងទៀត រាល់សកម្មភាពពាណិជ្ជកម្មរវាងពលរដ្ឋអាមេរិកដែលទាក់ទងនឹងទ្រព្យសម្បត្តិរបស់បុគ្គលទាំង៣នេះត្រូវហាមឃាត់។
នៅក្នុងសេចក្តីប្រកាសជាលាយលក្ខណ៍អក្សររបស់ខ្លួន ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមាន«ការអនុវត្តយ៉ាងឆាប់រហ័សនូវកំណែទម្រង់សេដ្ឋកិច្ច ដើម្បីធ្វើឱ្យនឹងនរនូវស្ថានភាពបច្ចុប្បន្ន» នៅលីបង់ និងទទូចឱ្យ«ក្រុមឥស្សរជននយោបាយបញ្ឈប់ទម្លាប់នៃការគាំពារខាងនយោបាយ និងអំពើពុករលួយ ហើយចាប់ផ្តើមយកសេចក្តីត្រូវការរបស់ពលរដ្ឋលីបង់មកធ្វើជាអាទិភាព»៕