តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងខែមីនាកន្លងទៅនេះ រុស្ស៊ីបានចាប់ផ្តើមបង្កើនការវាយប្រហារទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែនតាមរយៈការវាយលុកជាបន្តបន្ទាប់ដ៏ធំ និងរយៈពេលយូរបំផុតដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវ៉ាស៊ីនតោន ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការធនធានថាមពលលោក Geoffrey Pyatt បានសរសើរដល់ការឆ្លើយតបក្នុងការស្តារឡើងវិញដោយបុគ្គលិកផ្នែកថាមពលរបស់អ៊ុយក្រែន រួមទាំងនៅតំបន់ Kharkov Burshtyn Krivyi Rih Dnipro និងតំបន់ Odesa។ លោក Pyatt ក៏បានកត់សម្គាល់ផងដែរនូវវិធានការការពារដោយប្រយ៉ោល ដូចជាការពង្រឹងផ្នែកវិស្វកម្មដែលសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានជួយគាំទ្រនោះបានបង្ហាញឱ្យឃើញពីការប្រើប្រាស់របស់ពួកគេនៅទីតាំងមួយចំនួន។
លោកឧបការីរដ្ឋមន្រ្តី Pyatt បានថ្លែងថា៖ «ក៏ប៉ុន្តែ លោក Putin ក៏អាចបង្កការខូចខាតយ៉ាងច្រើនផងដែរ។ ហើយខ្ញុំគ្រាន់តែចង់គូសបញ្ជាក់ថា វាគួរឱ្យសង្វេគយ៉ាងណាដែលរដ្ឋាភិបាលវិមានក្រឹមឡាំងបន្តកំណត់គោលដៅលើសម្ភារស៊ីវិលទាំងនេះដែលគ្មានសម្ភារយោធា ដែលការបំផ្លាញនោះបានបង្កការឈឺចាប់និងទុក្ខវេទនាដល់ពលរដ្ឋអ៊ុយក្រែន។ ហើយយើងនឹងឆ្លើយតប»។
លោកឧបការីរដ្ឋមន្រ្តី Pyatt បាននិយាយថា សហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួននៅក្នុងវិស័យថាមពលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7+ «នឹងស្វែងរកជំនួយភ្លាមៗ ដូចដែលយើងបានធ្វើតាំងពីខែតុលា ឆ្នាំ២០២២ នៅពេលដែលការវាយប្រហារលើវិស័យថាមពលទាំងនេះបានចាប់ផ្តើម។ យើងក៏នឹងបន្តការងាររបស់យើងដើម្បីផ្តោតលើគោលដៅរយៈពេលយូររបស់អ៊ុយក្រែនក្នុងការកសាងប្រព័ន្ធថាមពលនាពេលអនាគតដែលកាន់តែច្បាស់ កាន់តែបៃតង និងស្របតាមបទដ្ឋានអឺរ៉ុបយ៉ាងពេញលេញ»។
លោកឧបការីរដ្ឋមន្រ្តី Pyatt បាននិយាយទៀតថា៖ «ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ផងដែរថា លោក Putin កំពុងបរាជ័យ។ ឥឡូវនេះ យើងនៅចុងបញ្ចប់នៃរដូវរងាទីបីនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ អ៊ុយក្រែនបានបង្ហាញពីភាពធន់យ៉ាងខ្លាំង ដោយមួយផ្នែកធំគឺដោយសារភាពក្លាហានរបស់បុគ្គលិកថាមពលពីក្រុមហ៊ុនដូចជា Ukrenergo និង DTEK ជាដើម។ កម្លាំងតស៊ូនៅតែបន្ត។ លោក Putin បានបរាជ័យក្នុងកិច្ចប្រឹងប្រែងនោះ។ លោកបានបាត់បង់អឺរ៉ុបជាទីផ្សារថាមពលរបស់ខ្លួន។ ហើយយើងប្ដេជ្ញាធានាថា ភាពបរាជ័យនេះនៅតែបន្តទៅទៀត»។
លោកឧបការីរដ្ឋមន្ត្រី Pyatt បានប្រកាសថា សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន «នឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមលទ្ធភាពរបស់យើង ដើម្បីធានាថា សង្រ្គាមរបស់លោក Putin នៅតែបន្តជាយុទ្ធសាស្ត្របរាជ័យសម្រាប់វិមានក្រឹមឡាំង ហើយថា អ៊ុយក្រែនមានធនធាន និងអ្វីដែលពួកគេត្រូវការដើម្បីយកឈ្នះ។ ហើយបន្តរក្សាភាពធន់ដ៏អស្ចារ្យដែលពួកគេបានបង្ហាញរហូតមកដល់ពេលនេះ»៕