Accessibility links

Breaking News

បទវិចារណកថា៖ ឧបសគ្គ​ចម្បង​នៃ​សម័យកាល​របស់​យើង


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​បិទ​សន្និសីទ​កំពូល​សម្រាប់​ប្រជាធិបតេយ្យ (Summit for Democracy) ដែល​បាន​ធ្វើឡើង​តាម​អនឡាញ។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​បិទ​សន្និសីទ​កំពូល​សម្រាប់​ប្រជាធិបតេយ្យ (Summit for Democracy) ដែល​បាន​ធ្វើឡើង​តាម​អនឡាញ។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​សន្និសីទ​កំពូល​សម្រាប់​ប្រជាធិបតេយ្យ (Summit for Democracy) ​កាលពី​ខែ​ធ្នូ​ឆ្នាំមុន លោក​ប្រធានាធិបតី Joe Biden ​បានមាន​ប្រសាសន៍​ថា ការ​ប៉ះទង្គិច​គ្នា​ដែលកំពុង​មាន​តទៅ​ទៀត​រវាង​របបអំណាច​ផ្តាច់ការ​ និង​របប​លទ្ធិ​ប្រជាធិបតេយ្យ​ជា​«ឧបសគ្គ​ចម្បង​នៃ​សម័យកាល​របស់​យើង‍»។

លោកស្រី​ Samantha Power អភិបាល​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) បានមាន​ប្រសាសន៍​ថា ទោះ​ជា​មាន​ការងើប​ឡើង​នៃ​រដ្ឋាភិបាល​ផ្តាច់ការ និង​ដំណើរ​ថយ​ក្រោយកាល​ពី​ពេល​ថ្មីៗ​នេះ​នៃ​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ខ្លះ​ក៏​ដោយ ក៏​មាន​ភ័ស្តុតាង​ថា «​ពួក​ប្រទេស​ផ្តាច់ការខ្សោយ​ជាង​មុន ហើយ​មាន​សមត្ថភាពតិច​ជាង​ពួក​ប្រទេស​ប្រជាធិបតេយ្យ​...ហើយ​ការណ៍​នេះ​កើត​មាន​នៅ​ចំពោះ​មុខ​ភ្នែក​ពួក​យើង‍»។

លោកស្រី Power បាន​មានប្រសាសន៍​ថា៖ «សង្គ្រាម​ឃោរឃៅ​របស់លោក​ Vladimir Putin លើ​ប្រទេស​អ៊ុយក្រែនបាន​បង្ហាញ​យើងជាក់​ច្បាស់​ថា​ អំណាច​ផ្តាច់ការនឹង​នាំ​ទៅ​រក​មាគ៌ា​អ្វី​នោះ...លោក Putin​ មានអារម្មណ៍​ថា​ លោក​ត្រូវ​បានគំរាម​កំហែងយ៉ាង​ខ្លាំង​ពី​ការឱប​ក្រសោប​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន ពី​ការ​បដិសេធ​ចោល​ពួក​អភិជន​ពុករលួយ ពី​បំណង​ពលរដ្ឋ​អ៊ុយក្រែន​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ស៊ីជម្រៅ​ជាង​មុន​ជាមួយ​បណ្តា​ប្រទេសជិតខាង​នៅ​អឺរ៉ុបដែលនិយម​សន្តិភាព​ រហូត​ធ្វើ​ឱ្យ​មេដឹកនាំ​រុស្ស៊ី​រូប​នេះត្រូវ​នាំ​យកភាព​ឃោរឃៅ​ និងការ​ស្លាប់​ដាក់​ទៅ​លើ​ប្រទេស​ជិត​ខាង​ខ្លួន គឺ​ទៅ​លើ​ប្រជាពលរដ្ឋមួយ​ដែល​គាត់​អះអាង​ថា​ជា​ពលរដ្ឋរបស់​លោក»។

ការ​ប្តេជ្ញាចិត្តរបស់​ប្រជារាស្ត្រអ៊ុយក្រែនក្នុង​ការ​រស់​នៅ​ក្នុង​សេរីភាពនិង​ការពារ​ជម្រើស​ប្រជាធិបតេយ្យ​របស់​ពួក​គេ​និង​ការ​ប្រឹងប្រែងរបស់​របប​គ្រប់គ្រង​ផ្តាច់ការរុស្ស៊ី​ដើម្បី​បង្ក្រាប​ពួក​គេដោយ​ប្រើ​កម្លាំង​ ជា​ឧទាហរណ៍​ជាក់​ច្បាស់​អំពីសេចក្តី​ក្លាហាននិង​ការប្តេជ្ញារបស់​ក្រុម​ពលរដ្ឋដែល​ស្វះស្វែង​ឱ្យ​មានលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក។

នៅ​ទូទាំង​ពិភពលោក ក្រុម​ពលរដ្ឋនានា​តែង​ប្រាថ្នា​ចង់​ឱ្យ​មានរដ្ឋាភិបាល​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​មុន ឱ្យ​មាន​យុត្តិធម៌​ច្រើនជាង​មុននិង​ឱ្យ​មាន​រដ្ឋាភិបាល​មាន​ភាព​តំណាង​ច្រើន​ជាង​មុន​ផង​ដែរ។ ហើយ​ពួក​គេ​ចង់​ឱ្យ​មាន​រដ្ឋាភិបាល​ដែល​ធ្វើការ​មាន​លទ្ធផល​ជាក់ស្តែង​ ធ្វើ​ឱ្យ​មានសេដ្ឋកិច្ច​ប្រកប​ដោយ​សមភាពជាង​មុន​ និង​ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍ​សង្គម​ផង​ដែរ។

លោកស្រី​អភិបាល Power បាន​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ពេល​វេលា​សំខាន់​មួយ​នៃ​ភាព​ទន់​ខ្សោយខ្លាំង​របស់​កម្លាំង​មិន​សេរីនិយមក្នុងពិភពលោក ហើយ​យើង​ត្រូវ​តែ​ចាត់វិធានការអំពី​ការណ៍​នេះ‍»។

លោកស្រី ​Powerបានថ្លែង​ថា៖ «បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក ក្រុម​សម្ពន្ធមិត្ត​ក្នុង​វិស័យឯកជន សង្គម​ស៊ីវិល ស្ថាប័ន​ពហុភាគី សហគមន៍​សាសនា ​និង​ក្រុម​ជន​រស់​នៅ​ប្រទេស​ក្រៅ ក្រុម​ពលរដ្ឋ​សាមញ្ញ គឺ​យើងទាំង​អស់​គ្នាត្រូវកសាងបន្ត​លើ​ឯកភាពដែល​យើង​បាន​បង្ហាញនៅ​ប្រទេស​អ៊ុយក្រែន ដើម្បី​ព្យាយាម​ពង្រីកបដិវត្តន៍​នៃ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សដែលស្វះស្វែង​ឱ្យ​មាន​សេរីភាព»។

ខណៈ​យើង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​លើក​តម្កើង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រជាធិបតេយ្យ ដែល​រួម​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ប្រព័ន្ធ​យុត្តាធិការ សង្គមស៊ីវិល គណបក្ស​នយោបាយ អាជ្ញាធរ​ក្នុង​មូលដ្ឋាន និង​ស្ថាប័ន​សភា យើង​ក៏​ត្រូវ​ជួយ​ដល់​ប្រទេស​ដៃគូ​របស់​យើង​ឱ្យអាច​បង្ហាញ​ថា​«របប​ប្រជាធិបតេយ្យ​ផ្តល់​លទ្ធផល​ជាក់ស្តែង‍» ដូច​តាម​ប្រសាសន៍​របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden។​

លោកស្រី​អភិបាល Power បាន​មានប្រសាសន៍​ថា៖ «យើង​អំពាវនាវ​ដល់​មនុស្ស​ទាំង​អស់​ដែល​មាន​គុណតម្លៃ​ដូច​យើង​ នៅ​ក្នុងសហរដ្ឋ​អាមេរិក​និង​នៅ​ទូទាំង​ពិភពលោក ឱ្យ​ចូល​រួម​ជាមួយ​យើង​ក្នុង​ការពង្រីក​បដិវត្តន៍​នៃ​សេចក្តី​ថ្លៃថ្នូរនៅ​ទូទាំង​ពិភពលោក។ ហើយ​ដើម្បី​ធ្វើ​ដូច្នេះ យើងត្រូវ​តែ​ពង្រឹង​ការ​ជឿនលឿន​នៅ​កន្លែង​ដែល​ប្រជាធិបតេយ្យលេច​ធ្លោ​ឡើង​នានា ជួយប្រជាពលរដ្ឋ​នានា​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ឌីជីថល និង​លាត​ត្រដាង​ពី​ពួក​អភិជន​និង​ពួក​ផ្តាច់ការ​ដែល​លាក់​ធនធាន​ទុច្ចរិតរបស់​ពួក​វា​នៅ​កន្លែង​សម្ងាត់»៕

XS
SM
MD
LG