Accessibility links

Breaking News

បទវិចារណកថា៖ អន្តរកាល​ប្រជាធិបតេយ្យ​មួយ​ត្រូវការ​ចាំបាច់​ក្នុង​ប្រទេស​ស៊ូដង់


លោក Volker Perthes អ្នកតំណាង​ពិសេស​នៃ​អគ្គលេខាធិការ​អ.ស.ប.​និង​ជា​ប្រធាន​ UNITAMS និង​លោក Mohamed El-Hassan Ould Labbat ប្រេសិត​ពិសេស​នៃ​គណៈកម្មាការ​សហភាព​អាហ្វ្រិក​នៅក្នុង​រដ្ឋធានី​ខាទុំ នៃប្រទេស​​ស៊ូដង់​ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
លោក Volker Perthes អ្នកតំណាង​ពិសេស​នៃ​អគ្គលេខាធិការ​អ.ស.ប.​និង​ជា​ប្រធាន​ UNITAMS និង​លោក Mohamed El-Hassan Ould Labbat ប្រេសិត​ពិសេស​នៃ​គណៈកម្មាការ​សហភាព​អាហ្វ្រិក​នៅក្នុង​រដ្ឋធានី​ខាទុំ នៃប្រទេស​​ស៊ូដង់​ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ផល​ប៉ះពាល់​នៃអស្ថិរភាព​នយោបាយ​ វិបត្តិសេដ្ឋកិច្ច ការ​ប្រមូលផល​ដំណាំមិន​បានល្អ ​និង​បញ្ហា​ខាង​ការ​ផ្គត់ផ្គង់​សាកលមាន​ផលជា​មហន្តរាយលើប្រទេស​ស៊ូដង់។ លោក Volker Perthes អ្នក​តំណាង​ពិសេសនៃអគ្គលេខាធិការអ.ស.ប.​ និង​ជា​ប្រធាន​ UNITAMS ដែល​ជា​បេសកកម្មមួយរបស់អ.ស.ប​.​ដើ​ម្បី​ជួយ​ដល់​អន្តរកាល​នៃ​ប្រទេស​ស៊ូដង់​ទៅ​កាន់ការគ្រប់គ្រង​ប្រទេស​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ គាំទ្រ​សន្តិភាព​និង​ការពារ​សិទ្ធិ​មនុស្ស​ ក៏​យល់​ឃើញ​ដូច្នេះ​ដែរ។

ការក្តាប់​អំណាចដោយកង​យោធា​កាល​ពី​ខែ​តុលា​ ឆ្នាំ២០២១​ បាន​បញ្ឈប់​ការ​ជឿន​លឿន​ របស់ប្រទេស​ស៊ូដង់​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យនិង​កំណែ​ទម្រង់សេដ្ឋកិច្ច​ប្រកប​ដោយក្តី​សង្ឃឹម​។ បន្ទាប់​មក​មិនយូរ​ប៉ុន្មានក៏​មានបាតុមកម្ម​ធំៗនិង​គំនាប​អន្តរជាតិលើ​កង​យោធា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​និងចាត់វិធានការទៅ​កាន់​អន្តរកាល​ប្រជាធិបតេយ្យដឹក​នាំ​ដោយ​ពួក​ជន​ស៊ីវិល។ វិនិយោគ​បរទេសនិង​ពាណិជ្ជកម្មអន្តរជាតិ​មានផល​ប៉ះពាល់​អវិជ្ជមាន​ ហើយការ​សម្រាលបំណុល​និង​ឥណទានពី​អង្គការពហុជាតិ​ត្រូវ​បានផ្អាក។ សេដ្ឋកិច្ចស៊ូដង់​ដែល​មាន​បញ្ហា​ច្រើន​ស្រេច​ហើយ​នោះ ក៏​មានផល​ប៉ះពាល់​ថែម​ទៀត​ដោយសារការក្តាប់​អំណាចដោយ​កង​យោធា​នេះ។

នៅ​ក្នុងកិច្ច​ខិតខំប្រឹងប្រែងមួយ​ដើម្បីសម្រួលកិច្ច​ចរចា​រវាងរ​ដ្ឋាភិបាល​យោធានៃ​ប្រទេស​ស៊ូដង់​និងក្រុម​នយោបាយ​ជាច្រើន​នៃ​ប្រទេស​នេះ​ UNITAMS សហភាព​អាហ្វ្រិក​និង​អាជ្ញាធរអន្តររដ្ឋាភិបាល​អំពី​ការ​អភិវឌ្ឍ បាន​បង្កើត​យន្តការ​ត្រីភាគី​មួយ​។​ គោលដៅ​នៃយន្តការ​នេះ គឺសម្រួល​ឱ្យមាន​កិច្ច​ចរចាដឹក​នាំ​ដោយ​ស៊ូដង់​ដោយ​មាន​ភាគីទាំង​អស់​ចូល​រួម​សម្រាប់​រក​វិធី​ធ្វើឱ្យ​មាន​អន្តរកាលប្រជាធិបតេយ្យដឹក​នាំ​ដោយ​ពួក​ជន​ស៊ីវិលឡើង​វិញដែល​ប្រជារាស្ត្រទទួល​យក​បាន។​

លោក​ Richard Mills អ្នកតំណាង​រង​ស.រ.អ.ប្រចាំ​អ.ស.ប.​បាននិយាយ​ថា ​ស.រ.អ.គាំទ្រ​ពេញ​លេញ​ដល់​កិច្ច​ប្រឹង​ប្រែងរបស់យន្តការត្រីភាគី​ដើម្បី​សម្រួលដំណើរការដឹក​នាំ​ដោយ​ស៊ូដង់ទៅ​កាន់​អន្តរកាលនៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដឹក​នាំដោយ​ពួក​ជនស៊ីវិល​ដោយ​ពេញ​លេញ។

លោក​ Mills បាននិយាយ​ថា៖‍ «យើងលើក​ទឹក​ចិត្ត​ខ្លាំងដល់​ប្រជារាស្ត្រស៊ូដង់-ទាំង​ជា​ជន​ស៊ីវិល ទាំង​ជា​ក្រុម​បុគ្គលិក​យោធា-ឱ្យ​ប្រើដំណើរការ​នេះ​សម្រាប់ធ្វើ​ឱ្យ​មានការ​ជឿន​លឿន​ឆាប់​រហ័សអំពី​ក្រប​ខណ្ឌ​សម្រាប់រដ្ឋាភិបាល​អន្តរកាលមួ​យ​ដឹក​នាំ​ដោយ​ពួក​ជនស៊ីវិល‍»។

លោកឯកអគ្គរដ្ឋទូត​ ​Mills បាន​ថ្លែងថា៖ «យើងត្រូវ​តែ​ធ្វើឱ្យ​ប្រាកដ​ថាក្រុម​ស្ត្រី ពួក​យុវជន​និង​ក្រុម​សមាជិកនៃក្រុមបន្ទាប់​បន្សំ​ឯ​ទៀតៗចូល​រួម​ពេញ​លេញ​ ប្រកប​ដោយប្រសិទ្ធិភាពនិង​មាន​ន័យនិង​បាន​រួម​បញ្ចូលក្នុង​ដំណាក់​កាលទាំង​អស់នៃ​ដំណើរការ​នេះ។ ហើយ​នេះ​ជា​សញ្ញា​សម្គាល់​នៃ​លទ្ធិ​ប្រជាធិបតេយ្យពិត​ប្រាកដ‍»។

«ការ​ផ្ទេរ​អំណាច​ឱ្យរដ្ខាភិបា​ល​មួយ​ដឹក​នាំ​ដោយ​ពួក​ជន​ស៊ីវិល​នឹង​អាច​ធ្វើឱ្យ​មាន​ការ​គាំទ្រ​ខាង​សេដ្ឋកិច្ចនិង​ជំនួយ​អភិវឌ្ឍន៍​ជា​ថ្មី-ដែលជាការ​គាំទ្រ​ដែលប្រទេស​នេះត្រូវ​ការ​ណាស់។ ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថាមានការ​ជឿន​លឿន​ ហើយ​ថា​ប្រជារាស្ត្រ​ស៊ូដង់បានត្រូវ​បម្រើ​ដោយ​ល្អ​ប្រសើរ យើង​ប្រុង​ប្រៀបនឹង​ដាក់ឱ្យ​មាន​ផលវិបាក​លើ​ក្រុម​ជន​ដែលបង្អាក់ ​ឬ​ធ្វើឱ្យ​មានការ​កករ​ល្អក់ដល់អន្តរកាល​ទៅ​កាន់លទ្ធិប្រជាធិបតេយ្យ‍»។

លោក​ឯកអគ្គរដ្ឋទូត​ Mills បាន​និយាយ​ថា៖ «​នៅ​ពេល​មានការជឿនលឿនទៅ​កាន់ការបោះឆ្នោតជ្រើសរើស​រដ្ឋាភិបាលមួយដឹក​នាំដោយ​ពួក​ជន​ស៊ីវិល...ស.រ.អ.នឹង​បន្តផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជារាស្ត្រ​ស៊ូដង់​និង​គាំ​ទ្រដល់​សង្គម​ស៊ីវិលផង​ដែរ‍»។​

លោក​បានថ្លែង​បន្ថែម​ថា៖ «យើង​ឈរ​ជា​មួយប្រជារាស្ត្រ​ស៊ូដង់​ក្នុង​ការ​ស្វែង​រកប្រទេស​ស៊ូដង់​មួយ​ដែល​មានលទ្ធិ​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​មនុស្ស​និង​មានភាព​សំបូររុង​រឿង។ យើងនឹងបន្ថែម​សំឡេងរបស់​យើង​ដើម្បី​បង្កើន​សំឡេង​ពួក​គេ​និងធ្វើ​សកម្មភាពជួយ​ពួក​គេបង្កើត​ប្រទេស​ស៊ូដង់មួយមានសន្តិភាព​និង​មានលទ្ធិ​ប្រជាធិបតេយ្យ‍»៕

XS
SM
MD
LG