តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនៅបន្តគាំទ្រឱ្យមានដំណោះស្រាយនយោបាយមួយសម្រាប់សង្គ្រាមនៅក្នុងប្រទេសយេម៉ែន ដែលមានការចូលរួមមតិដ៏មានប្រយោជន៍ពីគ្រប់ភាគីទាំងអស់ដូចជាស្ត្រី មេដឹកនាំសង្គមស៊ីវិល និងក្រុមជនដែលគេមិនសូវឱ្យតម្លៃជាដើម ហើយស្របពេលនោះដែរ សហរដ្ឋអាមេរិកក៏ផ្ដល់ជំនួយមនុស្សធម៌ដែលត្រូវការជាចាំបាច់បំផុតទៅឱ្យប្រជាពលរដ្ឋយេម៉ែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងស្វាគមន៍ការចាប់ផ្ដើមនៃការប្រឹក្សាយោបល់ដែលមានការរួមបញ្ចូលទាំងអស់ ដែលធ្វើឡើងដោយប្រេសិតពិសេសអង្គការសហប្រជាជាតិលោក Hans Grunberg ហើយយើងអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យចូលរួមឱ្យបានពេញលេញនៅក្នុងការប្រឹក្សាយោបល់នេះ ដែលនឹងផ្ដល់គោលការណ៍សំខាន់ដល់ក្របខណ្ឌអង្គការសហប្រជាជាតិដ៏ទូលំទូលាយថ្មីមួយសម្រាប់ដំណើរការសន្តិភាព»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានកត់សម្គាល់ថា ដើម្បីឱ្យដំណើរការសន្តិភាពទទួលបានជោគជ័យ ដំណើរការនេះត្រូវតែ «បញ្ចូលនូវទស្សនៈនិងសារទុក្ខរបស់ប្រជាពលរដ្ឋយេម៉ែននៅទូទាំងប្រទេស ដែលក្នុងនោះរួមមានទាំងការអំពាវនាវឱ្យមានយុត្តិធម៌ និងការទទួលខុសត្រូវផងដែរ»។
សហរដ្ឋអាមេរិកស្វាគមន៍ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើសេចក្ដីសម្រេចលេខ ២៦២៤ ដែលរំឭកប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេទាក់ទិននឹងការដាក់ទណ្ឌកម្មហាមឃាត់អាវុធលើប្រទេសយេម៉ែន និងការបន្តដាក់ទណ្ឌកម្មហាមឃាត់ការធ្វើដំណើរនិងបង្កកទ្រព្យសម្បត្តិលើអ្នកដែលគំរាមកំហែងដល់សន្តិភាពនៅក្នុងប្រទេសយេម៉ែន។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានបញ្ជាក់ថា ការបញ្ឈប់លំហូរខុសច្បាប់នៃសព្វាវុធពីប្រទេសអ៊ីរ៉ង់ទៅក្រុមហ៊ូធី (Houthi) គឺជាអាទិភាពចម្បង។ សព្វាវុធទាំងនេះ គឺមានតែបញ្ឆេះសង្គ្រាម ធ្វើឱ្យតំបន់គ្មានស្ថិរភាព និងធ្វើឱ្យប្រជាពលរដ្ឋយេម៉ែនកាន់តែឈឺចាប់បន្ថែមទៀតតែប៉ុណ្ណោះ។
ជាទីបញ្ចប់ ប្រទេសយេម៉ែននៅតែជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយនៅលើពិភពលោក ដូចដែលបានបង្ហាញដោយក្ដីបារម្ភខ្ពស់កាលពីពេលថ្មីៗនេះទាក់ទិននឹងទិន្នន័យផ្នែកអសន្តិសុខស្បៀងអាហារ។
ដើម្បីបំពេញតាមតម្រូវការខ្លាំងក្លានៃជំនួយមនុស្សធម៌ សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ១៦ ខែមីនា ថា ខ្លួននឹងផ្ដល់ជំនួយមនុស្សធម៌បន្ថែមទៀតចំនួនជិត ៥៨៥ លានដុល្លារដល់ប្រទេសយេម៉ែន។ ជំនួយនេះ គឺជាការរួមចំណែកដ៏ច្រើនបំផុតរបស់សហរដ្ឋអាមេរិកគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។
គិតទាំងជំនួយនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយសរុបជិត ៤.៥០០ លានដុល្លារ តាំងពីពេលដែលវិបត្តិនៅក្នុងប្រទេសយេម៉ែនបានចាប់ផ្ដើមកាលពីជាង ៧ ឆ្នាំមុនមក។ សម្រាប់ចំណែកតែ ៣០% ប៉ុណ្ណោះនៃថវិកាត្រូវការដើម្បីឆ្លើយតបផ្នែកមនុស្សធម៌ចំពោះវិបត្តិនៅក្នុងប្រទេសយេម៉ែនដែលបានលើកឡើងកាលពីថ្ងៃទី ១៦ ខែមីនាកន្លងទៅនេះ សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រទេសផ្ដល់ជំនួយនានា ជាពិសេសប្រទេសផ្ដល់ជំនួយក្នុងតំបន់ ឱ្យរួមចំណែកថវិកាជួយដោះស្រាយក្ដីឈឺចាប់ផ្នែកមនុស្សធម៌នៅក្នុងប្រទេសយេម៉ែន។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា ជំនួយនេះគឺមានសារៈសំខាន់ដើម្បីសង្គ្រោះជីវិតមនុស្សនិងកាត់បន្ថយការឈឺចាប់ ប៉ុន្តែជំនួយនេះចាំបាច់ត្រូវតែអាចបញ្ជូនទៅដល់ដៃរបស់ប្រជាពលរដ្ឋដែលត្រូវការជំនួយនេះខ្លាំងបំផុត។
លោក Blinken ថ្លែងដូច្នេះថា៖ «ជាថ្មីម្ដងទៀត យើងអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបញ្ឈប់ការបង្អាក់ដល់ប្រតិបត្តិការផ្ដល់ជំនួយ ដើម្បីធានាថាជំនួយបានទៅដល់ដៃអ្នកដែលត្រូវការជំនួយ»។
ជំនួយមនុស្សធម៌តែមួយគត់មិនអាចដោះស្រាយឫសគល់នៃវិបត្តិនេះបានទេ។ ភាគីទាំងអស់នៃជម្លោះនេះត្រូវតែបញ្ឈប់អរិភាពដើម្បីបើកផ្លូវឱ្យមានដំណោះស្រាយនយោបាយមួយដ៏ឋិតថេរនិងមានការចូលរួមពីគ្រប់ភាគីទាំងអស់សម្រាប់ជម្លោះនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសយេម៉ែន៕