Accessibility links

Breaking News

បទវិចារណកថា៖ ការគ្រប់គ្រង​ដ៏​ឃោរឃៅ​របស់​លោក Assad នៅ​ស៊ីរី​បាន​បញ្ចប់


រូបឯកសារ៖ យុទ្ធជននៃ​ក្រុម​ឧទ្ទាម​ស៊ីរី​ម្នាក់​កាន់​ទង់ជាតិ​ពណ៌​ខ្មៅ​របស់​រដ្ឋ​អ៊ិស្លាម ខណៈ​កំពុង​ដើរ​នៅ​ទីធ្លា​នៃ​វិហារ Umayyad នៅក្នុង​ទីក្រុង​ដាម៉ាស កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
រូបឯកសារ៖ យុទ្ធជននៃ​ក្រុម​ឧទ្ទាម​ស៊ីរី​ម្នាក់​កាន់​ទង់ជាតិ​ពណ៌​ខ្មៅ​របស់​រដ្ឋ​អ៊ិស្លាម ខណៈ​កំពុង​ដើរ​នៅ​ទីធ្លា​នៃ​វិហារ Umayyad នៅក្នុង​ទីក្រុង​ដាម៉ាស កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ប្រទេស​ស៊ីរី បន្ទាប់ពី ៥០ ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ដោយ​កណ្ដាប់​ដៃ​ដែក​របស់​ក្រុម​គ្រួសារ​លោក​ប្រធានាធិបតី Bashar al-Assad និង ១៣ ឆ្នាំ​នៃ​សង្គ្រាម​ស៊ីវិល​មក របប​ដឹកនាំ​របស់​លោក Assad បាន​ដួលរលំ។ ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ កងកម្លាំង​ឧទ្ទាម​អ៊ិស្លាម​បាន​ដណ្តើម​កាន់កាប់​យ៉ាង​លឿន​នូវ​ទីក្រុង Aleppo ទីក្រុង Homs និង​រដ្ឋធានី​ដាម៉ាស នៅពេល​ដែល​កងទ័ព​រដ្ឋាភិបាល​បាន​ដកចេញ​ហើយ​លោក Assad បាន​រត់គេច​ខ្លួន​ចេញពី​ប្រទេស។

នៅឯ​សេតវិមាន លោក​ប្រធានាធិបតី Joe Biden បាន​មាន​ប្រសាសន៍​ថា៖ «របប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ ធ្វើ​ទារុណកម្ម និង​សម្លាប់​ជន​ស្លូតត្រង់​ស៊ីរី​រាប់​សែន​នាក់»។ លោក​ប្រធានាធិបតី Biden បាន​ហៅ​ការដួល​រលំ​របស់​របប​នោះ​ថា​ជា «សកម្មភាព​ជា​សារវន្ត​នៃ​យុត្តិធម៌»។

លោក​ប្រធានាធិបតី Bidenមាន​ប្រសាសន៍​ថា៖ «វា​ជា​ដំណាក់កាល​នៃ​ឱកាស​ជា​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ប្រជាជន​ស៊ីរី​ដែល​រង​ការ​ឈឺចាប់​ជា​យូរ​មក​ហើយ​ដើម្បី​ស្ថាបនា​អនាគត​ដ៏​ប្រសើ​មួយ​សម្រាប់​ប្រទេស​ជា​មោទនភាព​របស់​ពួកគេ។ វា​ក៏​ជា​ដំណាក់កាល​នៃ​ហានិភ័យ​និង​ភាព​មិន​ប្រាកដប្រជា​ផងដែរ»។

ក្រុម​ឧទ្ទាម Hayat Tahrir al-Sham ដែល​បាន​ដឹកនាំ​ការ​ទម្លាក់​របប​នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​និង​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម។ លោក​ប្រធានាធិបតី Biden បាន​ព្រមាន​ថា៖ «ក្រុម​ឧទ្ទាម​ខ្លះ​ដែល​បាន​ទម្លាក់​លោក Assad មាន​ប្រវត្តិ​ដ៏​ខ្មៅ​ងងឹត​នៃ​អំពើ​ភេរវកម្ម​និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស»។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​កត់​ចំណាំ​ទុក​នូវ​សេចក្តី​ថ្លែងការណ៍​របស់​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ឧទ្ទាម​ទាំងនេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ …ឥឡូវ​នេះ ពួកគេ​កំពុង​និយាយ​រឿង​ដែល​ត្រឹមត្រូវ ក៏ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​មាន​ការ​ទទួល​ខុសត្រូវ​កាន់តែ​ធំ​ឡើង យើង​នឹង​វាយតម្លៃ​មិន​ត្រឹមតែ​លើ​ពាក្យ​សម្តី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែមទាំង​លើ​សកម្មភាព​របស់​ពួកគេ​ផងដែរ»។

លោក​ប្រធានាធិបតី Biden បាន​សង្កត់ធ្ងន់​ថា សហរដ្ឋ​អាមេរិក​នឹង​រក្សា​បេសកកម្ម​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម ISIS នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក​ប្រធានាធិបតី Bidenថ្លែង​ថា៖ «យើង​មាន​ទស្សនៈ​យ៉ាង​ច្បាស់​អំពី​ការពិត​ដែល​ថា​ក្រុម ISIS នឹង​ព្យាយាម​កេង​ប្រយោជន៍​លើ​ស្ថានការណ៍​ណាមួយ​ដែល​គ្មាន​ការ​គ្រប់គ្រោង​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឡើងវិញ​និង​បង្កើត​ទី​ជម្រក​សុវត្ថិភាព។ យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​រឿង​នេះ​កើតឡើង​ទេ»។

ដើម្បី​សម្រេច​នូវ​គោល​បំណង​នេះ កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ កង​កម្លាំង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​រាប់​សិប​ដង​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ ភ្នាក់ងារ និង​ជំរំ​របស់​ក្រុម ISIS នៅ​ក្នុង​តំបន់​ភាគ​កណ្តាល​ប្រទេស​ស៊ីរី។

លោក​នាយ​ឧត្តមសេនីយ៍ Erik Kurilla មេបញ្ជាការ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល (CENTCOM) បាន​និយាយ​ថា៖ «អង្គការ​ទាំងអស់​នៅ​ស៊ីរី​គួរតែ​ដឹង​ថា​យើង​នឹង​ធ្វើ​ឱ្យ​ពួកគេ​ទទួល​ខុសត្រូវ ប្រសិន​បើ​ពួកគេ​ធ្វើជា​ដៃគូ​ជាមួយ​ឬ​គាំទ្រ​ក្រុម ISIS»។

លោក​ប្រធានាធិបតី Biden បាន​សន្យា​ធ្វើការ​ជាមួយ «ក្រុម​ស៊ីរី​ទាំងអស់...ដើម្បី​បង្កើត​នូវ​អន្តរកាល​មួយ​ចេញពី​របប​លោក Assad ឆ្ពោះ​ទៅរក​ប្រទេស​ស៊ីរី​មួយ​ដែល​មាន​ឯករាជ្យភាព...[និង] អធិបតេយ្យភាព»។

លោក​ប្រធានាធិបតី Bidenថ្លែង​ទៀត​ថា៖ «ឥឡូវនេះ វា​ជា​ការ​ចំាបាច់​សម្រាប់​ក្រុម​ប្រឆាំង​ទាំងអស់​ដែល​ស្វះស្វែង​រក​តួនាទី​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ស៊ីរី​បង្ហាញ​នូវ​ការ​តាំងចិត្ត​របស់​ខ្លួន​ចំពោះ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ស៊ីរី​ទាំងអស់ នីតិរដ្ឋ និង​ការ​ការពារ​អ្នក​កាន់​សាសនា​ភាគតិច​និង​ជាតិសាសន៍​ភាគតិច»។

លោក​ប្រធានាធិបតី Biden មាន​ប្រសាសន៍​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ [ប្រជាពលរដ្ឋ​ស៊ីរី] ដែល​ក្នុង​នោះ​រួម​ទាំង​តាមរយៈ​ជំនួយ​មនុស្សធម៌​ផងដែរ ដើម្បី​ជួយ​ស្តារ​ប្រទេស​ស៊ីរី​នៅ​ក្រោយ​សង្គ្រាម​ជាង​មួយ​ទសវត្សរ៍​និង​ភាព​ឃោរឃៅ​រាប់​ជំនាន់​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម​គ្រួសារ​របស់​លោក Assad»៕

XS
SM
MD
LG