Accessibility links

Breaking News

បទវិចារណកថា៖ ការជួយ​ប្រទេស​ស៊ូដង់​ឱ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ


ស្ត្រី តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់​នៅ​មុខ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុងខាទុំ ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ត្រី តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់​នៅ​មុខ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុងខាទុំ ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោកស្រី​ Molly Phee ឧបការិនីរដ្ឋមន្ត្រីការ​បរទេស​ស.រ.អ.​ ទទួលបន្ទុក​កិច្ចការទ្វីប​អាហ្វ្រិក​ និង​លោកស្រី Isobel Coleman អភិបាល​រងខាង​គោលនយោបាយ​ និងការចាត់ចែង​កម្មវិធីនៃ​ទីភ្នាក់ងារស.រ.អ.​ សម្រាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ​បាននិយាយនៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​របស់លោកស្រី​ក្នុង​ព្រឹទ្ធសភាស.រ.អ.​ កាលពី​ពេល​ថ្មីៗនេះ​ថា ការ​ទម្លាក់​រដ្ឋាភិបាល​អន្តរកាល​ស៊ីវិល​នៃ​ប្រទេស​ស៊ូដង់ ​កាលពី​ខែ​តុលា​ ឆ្នាំ២០២១ បង្ហាញ​ថា ​ការជឿនលឿនទៅ​កាន់លទ្ធិ​ប្រជាធិបតេយ្យ​អាច​ងាយ ប្រេះឆា​។​

លោកស្រី Phee បាននិយាយ​នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​របស់លោកស្រីថា «យើង​សរសើរប្រជារាស្ត្រស៊ូដង់​គ្រប់ជាន់​ថ្នាក់​ដែល​បន្តធ្វើ​បាតុកម្ម​តាមដង​ផ្លូវ​ដោយ​មិនខ្លាច​គ្រោះថ្នាក់​ដើម្បីទាមទា​រឱ្យ​មាន​ការ​គ្រប់គ្រង​ស៊ីវិល និង​លទ្ធិ​ប្រជា​ធិបតេយ្យ»។ លោក​ស្រី​អភិបាល​រង Coleman បានបន្ថែម​ថា «ពលរដ្ឋ​ក្លាហាន​រាប់​ពាន់​នាក់ បានប្រថុយជីវិតសឹង​តែ​រៀងរាល់​ថ្ងៃដើម្បី​បញ្ចប់​ការគ្រប់គ្រងដោយក្រុម​យោធា​ពុក​រលួយដែល​បានគំរាម​កំហែង​ និងសង្កត់សង្កិន​ពួក​គេ​ច្រើន​នាក់​ក្នុងមួយ​ជីវិត​ពួក​គេ»។​

ក្រោយ​ពីបដិវត្តន៍​ដឹកនាំ​ដោយ​ពលរដ្ឋ​ស៊ូដង់​កាលពីឆ្នាំ២០១៨ រដ្ឋាភិបាល​ស.រ.អ.​ បានបង្កើន​ជំនួយ​របស់​ខ្លួន​ ហើយ​បានក្លាយ​ជា​ប្រទេសផ្តល់ជំនួយ​ច្រើន​បំផុត​គាំទ្រ​ដល់អន្តរកាល​ប្រជាធិបតេយ្យនៃ​ប្រទេស​ស៊ូដង់។ ជំនួយ​នេះ ​បានគាំទ្រកំណែ​ទម្រង់​សំខាន់ៗ​ខាង​នយោបាយ​និង​ខាង​សេដ្ឋកិច្ចដើម្បី​ជំរុញ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ដឹកនាំ​ដោយ​ពួក​ជន​ស៊ីវិល​ឱ្យ​ទៅ​មុខ​និង​បង្ហាញ​ប្រជារាស្ត្រស៊ូដង់​ថាលទ្ធិ​ប្រជាធិបតេយ្យអាច​ធ្វើឱ្យ​មានអនាគត​មួយដែលអាច​សម្រេច​បាន​និងរស់​រវើក។​

បន្ទាប់ពី​ក្រុម​យោធាក្បត់ការ​ប្តេជ្ញា​របស់​ពួក​គេ​ដល់ប្រជារាស្ត្រ ស.រ.អ. បានប្រកាស​អំពី​ការផ្អាកការ​សន្យា​របស់​ខ្លួនថ្មីៗពីប្រាក់៧រយលានដុល្លារ​។ ដើម្បីជួយ​ប្រជារាស្ត្រ​ស៊ូដង់​ឱ្យ​បន្ត​កសាង​អនាគត​ពួក​គេ ទីភ្នាក់ងារ​ USAID ​បានបន្ត ​និងពង្រីក​សកម្មភាព​ដែល​បង្កើន​ការគាំទ្រ​ដល់​អន្តរកាល​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ស៊ូដង់ក្នុង​វិស័យ​ចម្បង​បី គឺ​ការ​ពង្រឹងភាពជា​មេដឹកនាំស៊ីវិល ការឧបត្ថម្ភការ​គោរព​សិទ្ធិ​មនុស្ស ដោយ​មាន​រួម​បញ្ចូល​សេរីភាព​ខាង​ការនិយាយ​ស្តី​បញ្ចេញ​មតិនិង​សិទ្ធិប្រមូល​ផ្តុំ​គ្នាដោយ​សន្តិវិធី និងការ​គាំទ្រការ​ទាមទារ​របស់ប្រជារាស្ត្រ​ស៊ូដង់​ឱ្យ​មានការ​បញ្ចប់ការគ្រប​ដណ្តប់យូរយាមក​ហើយ​នៃកង​យោធាលើ​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច។​

នៅពេល​ជា​មួយ​គ្នា​នេះ សេចក្តី​ត្រូវការខាង​មនុស្សធម៌ក្នុង​ប្រទេស​ស៊ូដង់​កើនឡើង​ជា​លំដាប់​។ អ.ស.ប. បានស្ទង់​ប្រមាណ​ថា មនុស្ស១៤លាន​៣សែន​នាក់ក្នុង​ប្រទេស​ស៊ូដង់​ ឬ​ជិតមួយ​ភាគ​បីនៃប្រជារាស្ត្រ​ នឹងត្រូវការ​ជំនួយមនុស្សធម៌ក្នុង​ឆ្នាំ​២០២២នេះ គឺមាន​កើន​៧ភាគរយលើសឆ្នាំមុន។ តួលេខ​នេះ​ មានរួម​បញ្ចូលមនុស្ស​ជិត៩លាន ៨​សែន​នាក់ ដែល​ប្រឈមនឹង​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ​ដល់កម្រិត​គំរាម​កំហែង​ជីវិត។

ស.រ.អ. ជា​ប្រទេស​ផ្តល់ជំនួយ​ច្រើន​ជាង​គេឱ្យ​ប្រជារាស្ត្រ​នៃ​ប្រទេសស៊ូដង់​អស់ពេល​ជាយូរ​មកហើយ។ ក្នុង​ឆ្នាំ​សារពើ​ពន្ធ២០២១​ និង​២០២២​ រដ្ឋាភិបាល​ស.រ.អ. បាន​ផ្តល់​វិភាគ​ទាន​ជិត ៤២៩ លានដុល្លារ​សម្រាប់​សេចក្តី​ត្រូវការជា​មូល​ដ្ឋាន​របស់ក្រុម​ជន​ភៀសខ្លួន ក្រុម​មនុស្ស​ខ្ចាត់ព្រាត់​ក្នុង​ប្រទេស សមាជិកសហគមន៍​ទទួល​អ្នកភៀសខ្លួន​ និង​ក្រុម​មនុស្ស​ឯទៀតៗ។ ស.រ.អ. នឹង​បន្តបំពេញ​សេចក្តី​ត្រូវការ​យ៉ាងធំធេងរបស់ប្រជារាស្ត្រ​ស៊ូដង់ និង​បានសុំ​ដល់​ប្រទេស​ផ្តល់ជំនួយ​ឯ​ទៀតៗ​ឱ្យ​ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង​នេះ​ដែរ។

គោលដៅរបស់​ស.រ.អ​.នៅ​តែ​ដដែល ​គឺជួយ​ប្រជារាស្ត្រ​ស៊ូដង់​ឱ្យ​បំពេញតាម​ការ​ប៉ង​ប្រាថ្នារបស់ពួក​គេ​ដើម្បី​សេរីភាពសន្តិភាព និង​យុត្តិធម៌៕

XS
SM
MD
LG