តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា ចាប់ពីដើមឆ្នាំ២០១៤មក នៅពេលដែលប្រទេសរុស្ស៊ី បានលុកលុយឧបទ្វីប Crimea របស់អ៊ុយក្រែន ហើយបន្ទាប់មកបានរៀបចំឱ្យមានការបះបោរមួយក្នុងផ្នែកខាងកើតប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី បានបង្កើនការប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យអ៊ុយក្រែនមានអស្ថិរភាព និងធ្វើឱ្យអន្តរាយដល់ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសនេះផងដែរ។
លោក Blinken បានថ្លែងថា៖ «រុស្ស៊ី បានជ្រៀតជ្រែកក្នុងនយោបាយ និងការបោះឆ្នោតនៅអ៊ុយក្រែន។ រុស្ស៊ី បានខ្ទប់ថាមពល និងពាណិជ្ជកម្មដើម្បីបំភ័យពួកមេដឹកនាំ និងដាក់សម្ពាធលើពលរដ្ឋប្រទេសនេះ។ រុស្ស៊ី បានប្រើការឃោសនា និងព័ត៌មានមិនពិតដើម្បីធ្វើឱ្យមានការមិនទុកចិត្តគ្នា។ រុស្ស៊ី បានធ្វើការវាយប្រហារតាមអនឡាញ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនថែមទៀតផង»។
ចាប់ពីខែមីនាឆ្នាំមុនមក រុស្ស៊ី បានចាប់ផ្តើមការបង្កើនកងកម្លាំងយោធា និងឧបករណ៍យោធាតាមព្រំដែនអ៊ុយក្រែន ហើយក្រោយមកបានទទួលស្គាល់តំបន់ពីរនៃប្រទេសអ៊ុយក្រែនថា ជារដ្ឋឯករាជ្យដោយរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ការលុកលុយយោធាក្នុងប្រទេសអ៊ុយក្រែនមានឡើងភ្លាមៗ ក្រោយសេចក្តីប្រកាសនេះ។
ពេលដែលការឈ្លានពានរបស់រុស្ស៊ីកើនឡើង ការដាក់ទណ្ឌកម្មលើរុស្ស៊ីដោយសហរដ្ឋអាមេរិកនិងដៃគូ និងសម្ព័ន្ធមិត្តអាមេរិកក៏កើនឡើងដែរ។
វិស័យថាមពលជាឧស្សាហកម្មសំខាន់បំផុតរបស់រុស្ស៊ី គឺមានជាងពាក់កណ្តាលការនាំទំនិញទៅលក់ក្រៅប្រទេស។ ប្រមាណ៧០ភាគរយនៃការបញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ីមានធ្វើទៅកាន់អឺរ៉ុបតាមរយៈបំពង់ជាច្រើន។
នៅថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅនេះ គឺក្រោយពីអាជ្ញាធរវិមានក្រឹមឡាំងរំលោភជាក់ស្តែងលើអធិបតេយ្យភាពអ៊ុយក្រែន ដោយបានប្រកាសផ្នែកមួយនៃដែនដីអ៊ុយក្រែនថា ជាប្រទេសឯករាជ្យពីរ ប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងបញ្ឈប់អធិការកិច្ចការកសាងបំពង់ឧស្ម័នថ្មីបំផុតមួយទៅអឺរ៉ុប គឺបំពង់ Nord Stream 2។
លោករដ្ឋមន្ត្រីការបរទេស Antony Blinken បានសរសើរសេចក្តីសម្រេចរបស់អាល្លឺម៉ង់ក្នុងការចាត់វិធានការរដ្ឋបាលដើម្បីបញ្ឈប់ដំណើរការអធិការកិច្ចបំពង់ឧស្ម័ន Nord Stream 2 ដែលនឹងរារាំងកុំឱ្យបំពង់នេះ ប្រើការកើត»។
ក្រោយពីបានពិគ្រោះជាមួយអាល្លឺម៉ង់និងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើបំពង់ឧស្ម័ន Nord Stream 1 AG និងលើលោក Matthias Warning ប្រធានប្រតិបត្តិក្រុមហ៊ុននេះ និងពួកមន្ត្រីឯទៀតៗរបស់ក្រុមហ៊ុននេះផងដែរ។
ការណ៍នេះ មានន័យថា ធនធានទាំងអស់របស់បុគ្គលទាំងនេះ និងរបស់ក្រុមហ៊ុនទាំងនេះដែលឋិតក្រោមយុត្តាធិការសហរដ្ឋអាមេរិក ឬឋិតក្រោមការគ្រប់គ្រងរបស់បុគ្គលអាមេរិកាំងត្រូវបង្កក ហើយក្រុមបុគ្គលអាមេរិកាំងត្រូវហាមប្រាមមិនឱ្យរកស៊ីជាមួយពួកជនទាំងនេះ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិក នៅតែគាំទ្រគ្មានងាករេដល់អធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសអ៊ុយក្រែន។ សកម្មភាពយើងនៅថ្ងៃនេះ ធ្វើតាមការប្តេជ្ញារបស់យើងដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើង ដើម្បីដាក់ឱ្យមានផលវិបាកធំៗ និងធ្ងន់ធ្ងរលើរុស្ស៊ីជាការឆ្លើយតបដល់សកម្មភាពខុសច្បាប់ និងគ្មានការបង្ករឿងក្នុងប្រទេសអ៊ុយក្រែន»៕