តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ថា ជា«បញ្ហាដែលស្ថិតនៅចំពោះមុខនិងសំខាន់នៅតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗទៀតក្នុងពិភពលោក»។ សហរដ្ឋអាមេរិកនៅតែបន្តធ្វើការដោយឥតនឿយហត់ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយដែលមិនត្រឹមតែអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងដែលឃុំឃាំងដោយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងអនុញ្ញាតឱ្យមានការផ្អាកការប្រយុទ្ធគ្នាមួយដែលអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ដើម្បីកាត់បន្ថយការរងទុក្ខវេទនារបស់ពលរដ្ឋប៉ាឡេស្ទីនដែលស្ថិតនៅកន្លែងដែលមានការប្រយុទ្ធគ្នា។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយថា «យើងកំពុងស្វែងរកវិធីដើម្បីឱ្យមានការផ្អាកការប្រយុទ្ធគ្នាជាបណ្តោះអាសន្នដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ហើយបន្ទាប់មកយើងនឹងធ្វើការងារបន្តពីកិច្ចព្រមព្រៀងនោះដើម្បីឱ្យវាទៅជាកិច្ចព្រមព្រៀងមួយដែលមានរយៈពេលយូរអង្វែងជាងនេះ។ អ្វីដែលយើងចង់ឃើញនោះ គឺថា នៅទីបំផុតក្រុមហាម៉ាស់នឹងត្រូវបរាជ័យ សន្តិភាព និងសន្តិសុខនឹងកើតមានឡើងនៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល ហើយបន្ទាប់មកយើងធ្វើការឆ្ពោះទៅរកដំណោះស្រាយលើបញ្ហាដែលមានអស់រយៈពេលជាយូរមកហើយទាក់ទងនឹងដំណោះស្រាយរដ្ឋពីរដោយការធានាដល់សន្តិសុខរបស់អ៊ីស្រាអែល»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានគូសបញ្ជាក់អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ«សិទ្ធិរបស់អ៊ីស្រាអែលក្នុងការធានាថា ការវាយប្រហារថ្ងៃទី៧ ខែតុលា មិនអាចកើតឡើងម្តងទៀតបានទេ»។
លោក Matthew Miller បានថ្លែងទៀតថា៖ «យើងដឹងថា ក្រុមហាម៉ាស់ចង់បន្តវាយប្រហារលើអ៊ីស្រាអែល។ ក្រុមហាម៉ាស់បានដឹងយ៉ាងច្បាស់អំពីគោលបំណងរបស់ខ្លួន ហើយពួកគេមិនបានផ្លាស់ប្តូរគោលបំណងនោះទេចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ ពួកគេចង់បន្តការវាយប្រហារភេរវកម្ម។ ពួកគេប្តេជ្ញាចិត្តក្នុងការបំផ្លិចបំផ្លាញយ៉ាងពេញទំហឹងទៅលើអ៊ីស្រាអែល ហើយយើងចង់ឃើញអ៊ីស្រាអែលអាចឆ្លើយតបនឹងបញ្ហានោះបាន»។
លោក Matthew Miller បានសង្កត់ធ្ងន់ថា៖ «ភាពតានតឹងជាក់ស្តែងក្នុងការព្យាយាមធានាថាអ៊ីស្រាអែលអាចសម្រេចបាននូវគោលបំណងដំបូង ខណៈពេលដែលធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីធានាថា ការប៉ះពាល់ទៅលើជនស៊ីវិលមានតិចបំផុត។ យើងមានជំនឿទៅលើរឿងទាំងពីរនោះ»។
នៅក្នុងកំណត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំកាលពីពេលថ្មីៗនេះរបស់លោកជាមួយព្រះមហាក្សត្រ Abdullah នៃប្រទេសហ្ស៊កដានី លោកប្រធានាធិបតី Biden បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង ២៧.០០០នាក់ដែលត្រូវបានសម្លាប់នៅក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះ។ លោកប្រធានាធិបតី Biden បានថ្លែងថា «ជីវិតស្លូតត្រង់របស់មនុស្សគ្រប់រូបដែលបានបាត់បង់នៅតំបន់ហ្កាហ្សា គឺជាសោកនាដកម្មមួយ»។
អ្នកនាំពាក្យលោក Miller បាននិយាយថា នោះគឺជាហេតុផលដែលសហរដ្ឋអាមេរិកចូលរួមជាមួយអ៊ីស្រាអែលតាមរយៈការផ្តល់ជា«គំនិតនិងជំនាញ និងមធ្យោបាយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចំពោះជនស៊ីវិល»។
លោក Miller បានថ្លែងបន្តថា៖ «យើងបានឃើញចំនួនការស្លាប់របស់ជនស៊ីវិលធ្លាក់ចុះពីកម្រិតដែលមានពីមុន។ ចំនួនអ្នកស្លាប់មិនគួរច្រើនដូចនោះទេ។ ចំនួនអ្នកស្លាប់នៅតែមានចំនួនខ្ពស់ពេក។ ជនជាតិប៉ាឡេស្ទីនច្រើនហួសប្រមាណនៅតែបន្តបាត់បង់ជីវិត»។
លោ Miller បាននិយាយទៀតថា៖ «វាជាមូលហេតុដែលយើងបន្តចូលរួមដើម្បីព្យាយាមសម្រេចឱ្យបាននូវការផ្អាកការប្រយុទ្ធគ្នា ហើយនឹងជាមូលហេតុដែលយើងបន្តធ្វើការដើម្បីព្យាយាមបញ្ចប់ជម្លោះនេះ៕