តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រកាសអំពីជំនួយមនុស្សធ៌មថ្មី មានទឹកប្រាក់៤០៧ លានដុល្លារដល់ប្រជារាស្ត្រវ៉េណេស៊ុយអេឡាដែលរងទុក្ខវេទនាដោយសារវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីរបបគ្រប់គ្រង Maduro និងពួកអ្នកគាំទ្ររបបនេះ ដែលបានធ្វើឱ្យសេដ្ឋកិច្ច ប្រទេសវ៉េណេស៊ុយអេឡា គាំងដំណើរ នាំឱ្យពលរដ្ឋប្រទេសនេះរាប់លាននាក់រត់ចេញពីប្រទេសពួកគេ និងបន្សល់ទុកមនុស្សរាប់លាននាក់នៅខាងក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវការជំនួយមនុស្សធម៌។ លោកស្រីបានធ្វើសេចក្តីប្រកាសនេះកាលពីពាក់កណ្តាលខែមិថុនា នៅក្នុងសន្និសីទអន្តរជាតិតាមបណ្តាញវីដេអូនៃបណ្តាប្រទេសផ្តល់ជំនួយក្នុងសាមគ្គីភាពជាមួយក្រុមជនភៀសខ្លួន និងជនចំណាកស្រុកវ៉េណេស៊ុយអេឡា។
នៅក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនៃសតវត្សរ៍ទី២០ ប្រទេសវ៉េណេស៊ុយអេឡាដែលសំបូរប្រេង ជាប្រទេសមួយក្នុងបណ្តាប្រទេសសំបូរធនធាន និងមានសេដ្ឋកិច្ចរឹងមាំយ៉ាងខ្លាំងមួយក្នុងអាមេរិកឡាទីន។
ក៏ប៉ុន្តែក្នុងរយៈពេលជាងដប់ឆ្នាំកន្លងទៅនេះ ដោយសារអភិបាលកិច្ចមិនល្អ និងអំពើពុករលួយរបស់របបគ្រប់គ្រង Nicolas Maduro ប្រទេសវ៉េណេស៊ុយអេឡា ក៏ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។ សព្វថ្ងៃនេះ ជនជាតិវ៉េណេស៊ុយអេឡា ម្នាក់ក្នុងបណ្តាបីនាក់មានអសន្តិសុខស្បៀងអាហារ ប្រព័ន្ធសុខាភិបាលជិតរលំ ហើយគេមិនទាន់ឃើញចុងបញ្ចប់នៃការរងទុក្ខវេទនារបស់ប្រជារាស្ត្រវ៉េណេស៊ុយអេឡានៅឡើយទេ។ ដូច្នេះ ជនជាតិវ៉េណេស៊ុយអេឡាច្រើននាក់ បាននាំគ្នាចាកចេញពីប្រទេសពួកគេ។ ចាប់តាំងពីឆ្នាំ២០១៥មក ប្រជាពលរដ្ឋជាង៥លាន ៦សែននាក់ក្នុងបណ្តាប្រជាពលរដ្ឋប្រមាណ៣០ លាននាក់ បានចាកចេញពីប្រទេសពួកគេ។
ប្រាក់ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ នឹងជួយគាំទ្រពលរដ្ឋវ៉េណេស៊ុយអេឡា ដែលបានចេញទៅកាន់ប្រទេស១៧នៅទូទាំងអាមេរិកឡាទីន និងសហគមន៍ដែលបានទទួលឱ្យពួកគេស្នាក់អាស្រ័យ។ ប្រាក់ជំនួយនេះ ក៏នឹងបានទៅដល់ប្រជារាស្ត្រវ៉េណេស៊ុយអេឡា៧លាននាក់ដែលរស់នៅខាងក្នុងប្រទេសដែលត្រូវការជំនួយយ៉ាងខ្លាំង។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា «ប្រាក់កាសថ្មីនេះ នឹងផ្តល់ឱ្យប្រជាពលរដ្ឋវ៉េណេស៊ុយអេឡានូវជំនួយសង្គ្រោះជីវិត និងជំនួយចាំបាច់មួយចំនួនធំដូចជាម្ហូបអាហារ សេវាសុខភាព ទឹកស្អាតសម្រាប់បរិភោគ ទីជម្រកក្នុងគ្រាមានអាសន្ន សេវាខាងផ្លូវច្បាប់ និងការពារសន្តិសុខ និងឱកាសរកស៊ីចិញ្ចឹមជីវិត»។
ទឹកប្រាក់នេះ នឹងផ្តល់កិច្ចការពារដល់ក្រុមងាយរងគ្រោះដែលមានរួមក្រុមស្ត្រី យុវជន មនុស្សប្រភេទ LGBTQI+ និងក្រុមមនុស្សដើមព្រមទាំងជំនួយពិសេសនៅពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា «ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការជួយប្រទេស Venezuela ជនភៀសខ្លួននិងជនចំណាកស្រុក ព្រមទាំងសហគមន៍ដែលទទួលពួកជនទាំងនេះឱ្យស្នាក់អាស្រ័យនិងក្រុមជនងាយរងគ្រោះបំផុតដែលឋិតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡានៅឡើយដែលកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏អាក្រក់ និងស្មុគស្មាញ។ ខ្ញុំក៏សូមបញ្ជាក់ជាថ្មីដែរអំពីការប្តេជ្ញារបស់យើងដើម្បីដោះស្រាយវិបត្តិនេះតាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធី។ សហរដ្ឋអាមេរិកនៅតែគាំទ្រគ្មានងាករេដល់ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា ក្នុងការតស៊ូរបស់ពួកគេដើម្បីធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋជាថ្មីឡើងវិញ»៕