តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការប្រារព្ធទិវាផែនដីកាលពីខែមេសាគឺលើសពីការប្រារព្ធអំពីធម្មជាតិនិងបរិស្ថានរបស់យើងទៅទៀត។ ទិវានេះក៏ជាការគូសបញ្ជាក់ផងដែរអំពីការកើនឡើងនៃចលនាបរិស្ថាន។
ទិវាផែនដីដំបូងបង្អស់ដែលបានប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ ១៩៧០ នៅទីបំផុតបានបណ្ដាលឱ្យមានការអនុម័តច្បាប់ដ៏ទូលំទូលាយសម្រាប់ការការពារគុណភាពខ្យល់អាកាសនិងគុណភាពទឹក ការអភិរក្សប្រភេទសត្វដែលជិតផុតពូជនានា និងការបង្កើតទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកសម្រាប់ការការពារបរិស្ថាន។
នេះគឺជាជំហានដ៏មោះមុតមួយចំនួនឆ្ពោះទៅរកការកាត់បន្ថយបញ្ហានៃការរេចរឹលបរិស្ថាន។
នៅក្នុងឆ្នាំនេះ នៅថ្ងៃទិវាផែនដីនិងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុនទិវានេះចូលមកដល់ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden និងអ្នកស្រី Kamala Harris បានប្រកាសអំពីជំហានមោះមុតឆ្ពោះទៅមុខមួយទៀត ដែលនោះគឺក្បួនគោលនយោបាយថ្មីដែលតាក់តែងឡើងដើម្បីដោះស្រាយវិបត្តិអាកាសធាតុសាកលលោក។
គោលនយោបាយទាំងនោះរួមមានគម្រោងផ្ដួចផ្ដើមជាបន្តបន្ទាប់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសនិងនៅជុំវិញពិភពលោក ក៏ដូចជាការតាំងចិត្តនៅក្នុងការការពារមហាសមុទ្រតាមរយៈការបង្កើតនូវតំបន់អភិរក្សធម្មជាតិដែនសមុទ្រថ្មីពីរកន្លែង គម្រោងផ្ដួចផ្ដើមនៅក្នុងការការពារបរិមាណត្រី នៅក្នុងការលុបបំបាត់សារធាតុកាបូនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅក្នុងការដោះស្រាយបញ្ហាបំពុលបរិស្ថានដោយប្លាស្ទិក និងនៅក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅឯសមុទ្រ។
គម្រោងផ្ដួចផ្ដើមទាំងនេះគឺជាផ្នែកមួយនៃវិធានការជាច្រើនដែលរដ្ឋបាលរបស់លោក Biden និងអ្នកស្រី Harris បានធ្វើឡើងនៅក្នុងរយៈពេល ១៤ ខែដំបូងរបស់ខ្លួន។
វិធានការទាំងនោះមានដូចជាសេចក្ដីប្រកាសរួមក្រុង Glasgow រវាងសហរដ្ឋអាមេរិកនិងចិននៅក្នុងការបង្កើនវិធានការអាកាសធាតុក្នុងទសវត្សរ៍ ២០២០ ដែលជាទសវត្សរ៍ដ៏សំខាន់នេះ ភាពជាដៃគូជាមួយនឹងបណ្ដាប្រទេសងាយរងគ្រោះនានានៅក្នុងការជួយពួកគេកសាងភាពធន់ប្រឆាំងនឹងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងការរៀបចំកិច្ចប្រជុំតាមអនឡាញស្ដីពីអាកាសធាតុជាមួយនឹងមេដឹកនាំចំនួន ៤០ រូបមកពីជុំវិញពិភពលោកក្នុងគោលបំណងកៀរគរពិភពលោកឱ្យដោះស្រាយវិបត្តិអាកាសធាតុនិងបំពេញតាមការចង់បានរបស់វិទ្យាសាស្ត្រ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងនៅក្នុងទិវាផែនដីថា៖ «រដ្ឋបាលនេះបានផ្ដល់អាទិភាពផ្នែកគោលនយោបាយការបរទេសលើវិបត្តិអាកាសធាតុ តាមរយៈការធ្វើការដើម្បីបង្កើនមហិច្ឆតាជាសាកលនៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅ ការបញ្ចូលទិដ្ឋភាពបញ្ហាអាកាសធាតុទៅក្នុងគោលនយោបាយដ៏ទូលំទូលាយរបស់យើង និងការបង្កើនដ៏សំខាន់នូវការវិនិយោគលើការសម្របតាមការប្រែប្រួលអាកាសធាតុនិងភាពធន់។ ដោយសារតែភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅឯសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ (COP26) ក្នុងទីក្រុង Glasgow ពិភពលោកកំពុងឈានកាន់តែជិតទៅរកការធ្វើយ៉ាងណាមិនឱ្យសីតុណ្ហភាពនៅលើភពផែនដីកើនលើស ១,៥ អង្សាសេ»។
លោក Blinken បានបញ្ជាក់បន្តថា៖ «សហរដ្ឋអាមេរិកក៏បានបញ្ចេញយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស [ស្ដីពីការប្រែប្រួលអាកាសធាតុ] ផងដែរ ដែលបង្ហាញអំពីវិធីដែលយើងនឹងសម្រេចឱ្យបាននូវសេដ្ឋកិច្ចមួយដែលមានតុល្យភាពឧស្ម័នស្រូបកម្ដៅក្នុងបរិយកាសនៅត្រឹមឆ្នាំ ២០៥០។ ជាងនេះទៀត នៅក្នុងភាពជាដៃគូជាមួយនឹងសហភាពអឺរ៉ុប យើងបានកៀរគរប្រទេសជាង ១០០ ឱ្យចូលរួមនៅក្នុងកិច្ចប្រយុទ្ធដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ដែលគេចាត់ទុកថាជាយុទ្ធសាស្ត្ររយៈពេលខ្លីដ៏មានប្រសិទ្ធភាពបំផុតមួយនៅក្នុងការដាក់កំហិតលើការឡើងកម្ដៅ [ផែនដី]»។
លោក Blinken បានបន្ថែមថា៖ «យើងបានជញ្ជឹងគិតដល់ពេលមួយឆ្នាំកន្លងមកនេះថាជាពេលមួយដែលយើងទទួលបាននូវសន្ទុះនៃការតាំងចិត្តជាសាកលរបស់យើងនៅក្នុងការជំរុញឱ្យមានភពផែនដីមួយដែលមានបរិស្ថានប្រសើរជាងមុន»៕