តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បាននិយាយនៅពេលលោកផ្តល់សក្ខីកម្មទៅកាន់សភាកាលពីពេលថ្មីៗនេះថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាចំណុចស្នូលនៃអាទិភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសំខាន់ៗសម្រាប់សហរដ្ឋអាមេរិក។
លោក Daniel Kritenbrink បានថ្លែងថា៖ «ដោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះមានចំនួនប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុងពិភពលោក និងមានសេដ្ឋកិច្ចពីរភាគបីនៃសេដ្ឋកិច្ចពិភពលោកនោះ ធ្វើឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះគឺជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងសតវត្សរ៍ទី២១នេះ។ ដូចដែលបានបញ្ជាក់អំពីយុទ្ធសាស្ត្រសន្តិសុខជាតិរបស់យើង តំបន់នេះផ្តល់ផលប្រយោជន៍ដ៏សំខាន់សម្រាប់ជាតិរបស់យើង ដែលយើងត្រូវធានាថា ការអភិវឌ្ឍនៅក្នុងតំបន់នេះ គឺស្របជាមួយនឹងផលប្រយោជន៍ និងគុណតម្លៃរបស់យើង។ សន្តិសុខ និងវិបុលភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអាមេរិក ពឹងផ្អែកលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរីនិងបើកចំហ មានទំនាក់ទំនងនឹងគ្នា វិបុលភាព សុវត្ថិភាព និងមានភាពធន់»។
លោក Kritenbrink បាននិយាយថា ដើម្បីជួយដៃគូ និងសម្ពន្ធមិត្តនៅក្នុងតំបន់ សហរដ្ឋអាមេរិកបានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាច្រើនដែលផ្តល់អាទិភាពទៅលើសេរីភាព និងសន្តិសុខ។
លោក Kritenbrink បានថ្លែងថា៖ «ជាឧទាហរណ៍ សហរដ្ឋអាមេរិកបានគាំទ្រ ប្រជាពលរដ្ឋភូមាជាយូរមកហើយ ហើយយើងនឹងបន្តគាំទ្រមនុស្សគ្រប់គ្នាដែលធ្វើការដោយសន្តិវិធី ដើម្បីស្ដារមាគ៌ារបស់ប្រទេសភូមាទៅកាន់លទ្ធិប្រជាធិបតេយ្យ។ យើងក៏បន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងផងដែរ។ យើងបានបង្កើតយន្តការមួយដើម្បីចែករំលែកព័ត៌មានតាមពេលវេលាពិតជាក់ស្តែងស្តីអំពីការគំរាមកំហែងដោយមីស៊ីលរបស់កូរ៉េខាងជើងជាមួយប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ»។
លោក Kritenbrink បានថ្លែងទៀតថា៖ «ខណៈពេលដែលការផ្តោតអារម្មណ៍ទៅលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះត្រូវបានជំរុញដោយសារថាតើតំបន់នេះមានសារៈសំខាន់យ៉ាងណាចំពោះសន្តិសុខ និងវិបុលភាពរបស់យើងនោះ យើងក៏ទទួលស្គាល់បញ្ហាប្រឈមដែលកំពុងកើនឡើងដែលបង្កឡើងដោយសាធារណរដ្ឋប្រជាមានិតចិនផងដែរ»។
លោក Kritenbrink បានថ្លែងបន្តទៀតថា៖ «សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋតែមួយគត់ដែលមានបំណងផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ហើយចិនបានបង្កើនផ្នែកផ្សេងៗដូចជា សេដ្ឋកិច្ច ការទូត យោធា ព័ត៌មាន និងបច្ចេកវិទ្យាជាដើមដើម្បីសម្រេចបំណងនេះ»។
លោក Kritenbrink បានថ្លែងបន្តទៀតថា «សម្ពន្ធមិត្ត និងដៃគូរបស់យើងកំពុងមើលមកយើងដើម្បីឱ្យយើងផ្តល់នូវជម្រើសដែលអាចជឿទុកចិត្តបាន ជាជាងសាធារណរដ្ឋប្រជាមានិតចិន»។ ហេតុដូច្នេះ សហរដ្ឋអាមេរិកនឹងបន្តពង្រីកវត្តមាន និងការវិនិយោគរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្ត្រដើម្បីឱ្យមានសន្តិភាព និងសន្តិសុខនៅក្នុងតំបន់នេះ៕