តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី៣០ ខែមីនា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អំពីស្ថានភាពសិទ្ធិមនុស្សសាកលសម្រាប់ឆ្នាំ២០២០។
លោករដ្ឋមន្ត្រីការបរទេស Antony Blinken បានមានប្រសាសន៍ថា៖ «របាយការណ៍ដែលយើងចេញផ្សាយនេះ...បង្ហាញថា និន្នាការសិទ្ធិមនុស្សនៅតែវិវត្តទៅរកទិសដៅខុស។ យើងឃើញមានភ័ស្តុតាងថា នៅក្នុងតំបន់ទាំងអស់ក្នុងពិភពលោកមានទំនោរនេះ»។
លោក Blinken បានមានប្រសាសន៍ថា៖ «យើងឃើញនិន្នាការនេះ ក្នុងអំពើប្រល័យពូជសាសន៍ កំពុងមានធ្វើប្រឆាំងនឹងក្រុមជនអំបូរ Uyghurs (អ៊ុយហ្គ័រ) កាន់សាសនាឥស្លាម និងក្រុមជនភាគតិចខាងពូជសាសន៍ និងខាងសាសនានៅក្នុងតំបន់ Xinjiang ការវាយប្រហារ និងការចាប់ឃុំឃាំងក្នុងពន្ធនាគារនូវក្រុមអ្នកនយោបាយប្រឆាំង ក្រុមសកម្មជនប្រឆាំងនឹងអំពើពុករលួយ និងក្រុមអ្នកកាសែតឯករាជ្យក្នុងកន្លែងផ្សេងៗដូចជាប្រទេសរុស្ស៊ី អ៊ូហ្គាន់ដា និងប្រទេសវ៉េណេស៊ុយអេឡាជាដើម។ យើងឃើញទំនោរនេះនៅក្នុងការចាប់ខ្លួនដោយគ្មានរើសមុខ ការវាយដំនិងការរំលោភឯទៀតៗប្រឆាំងនឹងក្រុមបាតុករក្នុងប្រទេសបេឡារុស និងក្នុងការរំលោភលើប្រជារាស្ត្រនៃប្រទេសយេម៉ែនដោយភាគីនៅក្នុងសង្គ្រាមក្នុងប្រទេសនោះ។ យើងឃើញនិន្នការនេះនៅក្នុងការសម្លាប់ ការរំលោភខាងភេទនិងអំពើឃោរឃៅឯទៀតៗដែលត្រូវគេរាយការណ៍ក្នុងតំបន់ Tigray នៃប្រទេសអេត្យូពី និងនៅក្នុងការប្រហារជីវិត ការបាត់ខ្លួនដោយបង្ខំ និងការធ្វើទារុណកម្មដោយរបបគ្រប់គ្រងស៊ីរី និងការវាយប្រហារជាបន្តរបស់កងទ័ពស៊ីរីលើសាលារៀន ផ្សារ និងមន្ទីរពេទ្យ»។
រដ្ឋបាលលោកប្រធានាធិបតី Biden និងអ្នកស្រីអនុប្រធានាធិបតី Harris គូសបញ្ជាក់ខ្លាំងលើការប្តេជ្ញារបស់ខ្លួនដល់ការដាក់សិទ្ធិមនុស្សជាថ្មី ជាស្នូលនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា៖ «ការក្រោកឈរដើម្បីសិទ្ធិមនុស្សនៅគ្រប់កន្លែងជាអត្ថប្រយោជន៍របស់សហរដ្ឋអាមេរិក»។
លោក Blinken បានមានប្រសាសន៍ថា៖ «បណ្តាប្រទេសដែលនៅទីនោះ ការប្រឆាំងត្រូវស្វាគមន៍ ដែលមន្ត្រីពុករលួយនិងធ្វើការរំលោភត្រូវដាក់ទណ្ឌកម្ម ដែលច្បាប់ការងារត្រូវគោរព ដែលប្រជារាស្ត្រទាំងអស់មានការចូលរួម និងឱកាសស្មើគ្នា - ប្រទេសទាំងនោះទំនងជាមានសន្តិភាព មានភាពសំបូររុងរឿងនិងស្ថិរភាពជាង … ហើយរដ្ឋាភិបាលដែលគោរពសិទ្ធិមនុស្ស ទំនងជាគាំទ្ររចនាសម្ព័ន្ធអន្តរជាតិផ្អែកលើច្បាប់ ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តយើងបានកសាងនិងវិនិយោគច្រើនទសវត្សរ៍មកហើយ»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា តែយ៉ាងណាក៏ដោយក៏នេះមិនមែនជាស្ថានភាពរបស់បណ្តាប្រទេសដែលសង្កត់សង្កិនប្រជារាស្ត្រខ្លួនឡើយ។
លោកបាននិយាយថា៖ «ប្រទេសទាំងនោះសឹងតែជាប្រទេសដដែលៗដែលរំលោភមើលងាយបទបញ្ញត្តិអន្តរជាតិហួសពីព្រំដែនខ្លួន រួមមានការយកដែនដីប្រទេសឯទៀតៗ បើកការវាយប្រហារតាមអ៊ីនធឺណិត យាយីក្រុមអ្នកប្រឆាំង ផ្សព្វផ្សាយព័ត៌មានមិនពិត ឬ រំលោភលើបទបញ្ញត្តិពាណិជ្ជកម្មក៏ដោយ»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្តខ្លួននិងពួកដៃគូ ដើម្បីឱ្យក្រុមជនរំលោភលើសិទ្ធិមនុស្សទទួលខុសត្រូវដល់សកម្មភាពពួកគេ។
លោក Blinken បានមានប្រសាសន៍ថា៖ «ការងើបឈរដើម្បីសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រជារាស្ត្រជាការផ្តល់កត្តិយសជូនគុណតម្លៃពិសិដ្ឋបំផុតរបស់ប្រទេសអាមេរិក។ យើងឈរដើម្បីសេរីភាពនិងយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា។ មិនមែនតែក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែនៅទូទាំងពិភពលោកថែមទៀតផង»៕