តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ផ្អាកកិច្ចសហប្រតិបត្តិការកម្មវិធីខ្លះជាមួយការិយាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសក្វាតេម៉ាឡា ជាការឆ្លើយតបនឹងការដករដ្ឋអាជ្ញាកំពូលប្រឆាំងនឹងអំពើពុករលួយចេញពីតំណែង។
អ្នកស្រី Jalina Porter អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សេចក្តីសម្រេចរបស់លោកស្រី Maria Consuelo Porras រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្វាតេម៉ាឡាក្នុងការដកលោក Juan Francisco Sandoval រដ្ឋអាជ្ញាពិសេសហៅថា FRCI ចេញពីតំណែងបញ្ជាក់ពី«កង្វះការប្តេជ្ញាដល់នីតិរដ្ឋនិងប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងដំណើរការចោទប្រកាន់។ ជាលទ្ធផល យើងបាត់បង់ការទុកចិត្តដល់រដ្ឋមន្ត្រីយុត្តិធម៌និងសេចក្តីសម្រេចរបស់ពួកគេនិងបំណងធ្វើកិច្ចសហការជាមួយសហរដ្ឋអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយសុឆន្ទៈ»។
អ្នកស្រី Porter អ្នកនាំពាក្យរងបានបញ្ជាក់ទៀតថា «កង្វល់របស់សហរដ្ឋអាមេរិក មានជាមួយផលប៉ះពាល់នៃសេចក្តីសម្រេចនេះ គឺនីតិរដ្ឋ និងស្ថិរភាពតំបន់»។
លោក Sandoval ដែលត្រូវបានដកពីតំណែងកាលពីថ្ងៃទី២៣ ខែកក្កដា បានរត់គេចខ្លួនពីប្រទេសក្វាតេម៉ាឡានៅថ្ងៃនោះដែរ។ បាតុកម្មក្នុងប្រទេសក្វាតេម៉ាឡាបានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Porras ចុះចេញពីតំណែង។
សហរដ្ឋអាមេរិក បាននិយាយច្បាស់លាស់ដល់ពួកមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្វាតេ ម៉ាឡាអំពីទស្សនៈរបស់ខ្លួនថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមានសារៈសំខាន់ក្នុងការសម្រេចគោលដៅនៃការពង្រឹងនីតិរដ្ឋ បង្កើនឱកាសសេដ្ឋកិច្ច និងដោះស្រាយបុព្វហេតុជាឬសគល់នៃចំណាកស្រុកមិនធម្មតា។ អ្នកនាំពាក្យរងអ្នកស្រី Porter បានគូសបញ្ជាក់ថា «សារនេះ ត្រូវចែងជាក់លាក់ជាទៀងទាត់ដោយឯកអគ្គរដ្ឋទូតយើងប្រចាំប្រទេសក្វាតេម៉ាឡា និងក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះដោយពួកមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានបញ្ជាក់ជាថ្មីអំពីភាពដៃគូនៃប្រទេសជាតិយើងទាំងពីរ ដោយមានរួមបញ្ចូលទស្សនកិច្ចរបស់លោកស្រីអនុប្រធានាធិបតី Kamala Harris លោកស្រី Samantha Power អភិបាលទីភ្នាក់ងារ USAID លោក Alejandro Mayorkas រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ និងលោក Ricardo Zuniga ប្រេសិតពិសេសសម្រាប់តំបន់អឌ្ឍន៍គោលខាងជើង»។
ដោយសារសកម្មភាពរបស់រដ្ឋមន្ត្រីយុត្តិធម៌ប្រទេសក្វាតេម៉ាឡានេះ រដ្ឋាភិបាលសហ រដ្ឋអាមេរិក ផ្អាកជាបណ្តោះអាសន្ននូវកិច្ចសហប្រតិបត្តិការខាងកម្មវិធីខ្លះជាមួយក្រ សូងកិច្ចការសាធារណៈ នៅពេលខ្លួនពិនិត្យសើរើជាថ្មីនូវជំនួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក សង្កេតមើលដិតដល់អំពីសកម្មភាពបន្ថែមដែលអាចធ្វើឱ្យមានផលមិនល្អដល់នីតិរដ្ឋ ឬឯករាជ្យភាពប្រព័ន្ធតុលាការក្នុងប្រទេសក្វាតេម៉ាឡា៕