តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកប្រធានាធិបតី Joe Biden បានខ្វល់ខ្វាយជាយូរមកហើយអំពីការគំរាមកំហែង ដល់បណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដោយពួកអត្តាធិបតេយ្យដែល«ស្វះស្វែងពង្រីកអំណាចពួកគេផ្ទាល់ នាំចេញទៅក្រៅប្រទេសនិងពង្រីកឥទ្ធិពលពួកគេនៅទូទាំងពិភពលោក»។ នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការបង្កើតរបៀបថ្មីៗនិងភាពសំបូររុងរឿងអាចជួបប្រទះគ្រោះថ្នាក់។
សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលមានការគិតទុកជាមុន និងគ្មានការបង្ករឿង មិនសមហេតុសមផលនិងឃោរឃៅនេះ ជាឧទាហរណ៍ថ្មីបំផុតនិងអាក្រក់បំផុតនៃគ្រោះថ្នាក់ដែលលោកប្រធានាធិបតី Biden បាននិយាយយោង។ នៅមុនពេលមានសង្គ្រាមនេះលោក Antony Blinken រដ្ឋមន្ត្រីការបរទេសស.រ.អ. បានមានប្រសាសន៍អំពីការខូចខាតមួយទៀតដែលនឹងកើតមាន គឺសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើបទប្បញ្ញត្តិដែលបានធ្វើឱ្យមានស្ថិរភាពនៅទូទាំងពិភពលោក គឺ«គោលការណ៍ដែលប្រទេសមួយមិនអាចកែប្រែព្រំដែនប្រទេសមួយទៀតដោយកម្លាំង។ នេះ ជាគោលការណ៍ដែលប្រទេសមួយមិនអាចសម្រេចអំពីជម្រើស ឬគោលនយោបាយនៃប្រទេសមួយទៀត»។
ប្រទេស និងអង្គការនានានៅទូទាំងពិភពលោក បានថ្កោលទោសប្រទេសរុស្ស៊ីចំពោះការឈ្លានពានដោយចំហ និងការមិនគោរពដល់អធិបតេយ្យភាពនៃប្រទេសអ៊ុយក្រែន ហើយបានចូលរូមជាមួយស.រ.អ. ក្នុងការដាក់ទណ្ឌកម្ម និងការត្រួតត្រាតឹងរ៉ឹងលើការដឹកជញ្ជូនទំនិញរុស្ស៊ីទៅលក់ឯប្រទេសក្រៅ។
សាធារណរដ្ឋប្រជាមានិតចិន ប្រទេសវ៉េណេស៊ុយអេឡា កូរ៉េខាងជើង បេឡារុស គុយបា និងប្រទេសអ៊ីរ៉ង់ដែលសុទ្ធតែជារដ្ឋកាន់អំណាចផ្តាច់ការ មិនបានចូលរូមជាមួយបណ្តាប្រទេសដែលបានថ្កោលទោសរុស្ស៊ីទេ ដោយបានជ្រើសរើសគាំទ្រការវាយលុករបស់រុស្ស៊ីទៅវិញ។ ក្នុងពេលតែប៉ុន្មានសប្តាហ៍ក្រោយលោកប្រធានាធិបតី Putin និងប្រធានាធិបតី Xi បានចេញផ្សាយសេចក្តីថ្លែងការរួមរបស់ពួកគេ និងបានប្រកាសអំពីភាពដៃគូ«គ្មានកម្រិត» សាធារណរដ្ឋប្រជាមានិតចិន បានប្រកែកមិនព្រមហៅការលុកលុយរបស់រុស្ស៊ីថា ជាការឈ្លានពានទេ។ ផ្ទុយទៅវិញ ប្រទេសចិនបានចោទប្រកាន់ស.រ.អ. និងសម្ពន្ធមិត្តព្រមទាំងពួកដៃគូរបស់អាមេរិកថា បង្ករឿងជាមួយរុស្ស៊ីទៅវិញ។ បន្ថែមលើនេះ សាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមដឹកជញ្ជូនស្រូវសាឡីពីប្រទេសរុស្ស៊ីចូលក្នុងប្រទេសនៅពេលដែលស.រ.អ. និងក្រុមសម្ពន្ធមិត្តរួបរួមគ្នាដាក់ទណ្ឌកម្មនាំឱ្យមានការខាតបង់ខាងសេដ្ឋកិច្ចច្រើនលើរុស្ស៊ីដោយសារការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ. បានសម្តែងការសោកស្តាយដល់ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងប្រទេសចិនដែលមានគោលដៅធ្វើឱ្យអន្តរាយដល់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើបទប្បញ្ញត្តិដែលជាចំណុចសំខាន់នៃកម្រិតភាពសំបូររុងរឿងជាង៧០ឆ្នាំ ដែលមិនធ្លាប់មានពីមុននៅទូទាំងពិភពលោក។
លោក Price បាននិយាយថា «ប្រទេសរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិន ចង់ឱ្យមានសណ្តាប់ធ្នាប់ពិភពលោកមួយដែរ តែជាសណ្តាប់ធ្នាប់មួយដែលមិនសេរីទាល់តែសោះ»។
ក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន លោកប្រធានាធិបតី Biden បានសន្យាថា សណ្តាប់ធ្នាប់ពិភពលោកដែលអាជ្ញាធរវិមានក្រឹមឡាំងនិងសម្ពន្ធមិត្តរបស់ពួកគេស្រម៉ៃនោះ ជាសណ្តាប់ធ្នាប់ពិភពលោកមួយដែល«ស.រ.អ. និងប្រទេសជាតិស្រឡាញ់សេរីភាពនៅគ្រប់ទីកន្លែងនឹងជំទាស់ជាមួយមធ្យោបាយទាំងអស់នៃកម្លាំងរបស់យើង...នៅក្នុងការប្រកួតប្រជែងរវាងលទ្ធិប្រជាធិបតេយ្យ និងលទ្ធិផ្តាច់ការ រវាងអធិបតេយ្យភាពនិងការស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដទៃ គ្មានការភ័ន្តច្រឡំឡើយថាសេរីភាពនឹងឈ្នះ»៕