Accessibility links

Breaking News

បទវិចារណកថា៖ ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រទេស​អ៊ុយក្រែន


ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ថា​ «ភាពដៃ​គូរបស់សហរដ្ឋ​អាមេរិក​ជា​មួយ​ពលរដ្ឋ​អ៊ុយក្រែន​មិនប្រែប្រួល ​និងឋិត​ថេរ។​ យើង​ផ្តោត​ការយក​ចិត្តទុកដាក់​លើ​សេចក្តី​ត្រូវការខាង​មនុស្សធម៌ជា​បន្ទាន់​របស់​អ៊ុយក្រែន​ថា​ ជា​ផ្នែកសំខាន់​មួយនៃ​ការ​ឆ្លើយតប​របស់​យើង​ដល់​ការ​វាយប្រហារ​ដែលរៀបចំ​ទុកជា​មុន ដែលគ្មានការ​បង្ករឿង និង​មិនត្រឹមត្រូវ​របស់​រុស្ស៊ី»។

ដោយ​គិត​អំពី​សុខុមាលភាពរបស់ពលរដ្ឋ​អ៊ុយក្រែន សហរដ្ឋ​អាមេរិក ​បាន​ប្រកាសអំពី​ជំនួយមនុស្សធម៌ជិត៥៤លាន​ដុល្លារដល់ក្រុម​ជនដែលរងផល​ប៉ះពាល់​ដោយសារ​ការលុកលុយ​របស់​រុស្ស៊ី។​ ការ​ផ្តល់​ប្រាក់​នេះ​មានរួម​បញ្ចូលបា្រក់ជិត​២៦លាន​ដុល្លារពី​ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក និង​២៨​លាន​ដុល្លារ​ពី​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) ។​

សហរដ្ឋ​អាមេរិក ជាអ្នក​ផ្តល់ជំនួយ​មនុស្សធម៌​ច្រើន​បំផុតមួយ​ឱ្យ​ប្រទេស​អ៊ុយក្រែន នៅ​ពេលនេះ។ ជំនួយ​មនុស្សធម៌របស់​អាមេរិក​មានជិត៤០៥លានដុល្លារឱ្យ​ដល់ សហគមន៍​រង​គ្រោះ​ដោយ​ងាយ​ចាប់​តាំង​ពី​រុស្សី ​បានលុកលុយអ៊ុយក្រែន៨​ឆ្នាំមុន។ លោករដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍​ថា «ផ្នែក​ថ្មី​បំផុត​នេះ​នៃជំនួយ​មនុស្សធម៌​ នឹង​ត្រូវ​ដឹក​ជញ្ជូន​តាម​យន្តហោះ​តាម​រយៈ​អង្គការមនុស្សធម៌ឯករាជ្យ​ដែលប្រគល់​ជំនួយផ្អែ​ក​លើសេចក្តី​ត្រូវ​ការដោយមិន​លម្អៀង ​ប្រកប​ដោយ​ចិត្ត​មនុស្សធម៌ ​អព្យាក្រឹតភាព និង​ឯករាជ្យ»។

ជំនួយមនុស្សធម៌នេះ នឹង​អាច​ឱ្យ​អង្គការមនុស្សធម៌​អន្តរជាតិ​គាំទ្រ​ប្រជារាស្ត្រ​អ៊ុយក្រែនជា​មួយអាហារ​ ទឹក​ផឹក​មានសុវត្ថិភាព ​ទីជម្រក ការថែទាំ​សុខភាពគ្រាមានអាសន្ន​ ការដោះស្រាយ​បញ្ហា​នៅ​រដូវ​ធ្លាក់ទឹកកក និង​ការការពារ។ ​ការ​ផ្តល់ប្រាក់​ដោយ​សហរដ្ឋអាមេរិក ក៏​នឹង​ជួយអង្គការមនុស្សធម៌រក្សាទំនាក់ទំនង​រវាង​ពួក​សមាជិក​គ្រួសារ​ដែលបានបែក​ខ្ញែក​គ្នាដោយសារ​សង្គ្រាម​នេះ ​ដោយ​មាន​សង្ឃឹម​ថា​នឹង​អាច​ជួបជុំ​គ្នា​ជា​ថ្មី​វិញ។

សហរដ្ឋ​អាមេរិក​សរសើរ​ការទទួលរាក់ទាក់​នៃ​ពួក​ប្រទេសជិត​ខាងក្នុង​តំបន់ ដែល​បាន​ទទួល​ជនជាតិ​អ៊ុយក្រែនរត់​ចេញ​ពី​ប្រទេស​ឱ្យ​រស់​នៅ​ក្នុង​ប្រទេស​ពួក​គេ។

សហរដ្ឋ​អាមេរិក​ ក៏​បាន​ទាក់ទង​ខាង​ការទូត​ដើម្បី​គាំទ្រ​កិច្ច​ប្រឹងប្រែង​បើក​ចំហ​ព្រំដែន​ពួក​គេ និងជួយ​ក្រុម​ជនស្វះ​ស្វែង​ការការពារអន្តរជាតិ។ ​អ.ស.ប.រាយការណ៍​ថា​ មនុស្ស២លាន​នាក់ បានចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​រហូត​មក​ដល់​ពេល​នេះ។ ​ពួករដ្ឋជួរ​មុខ​ដែល​បានទទួល​ក្រុម​ជន​ភៀសខ្លួន​អ៊ុយក្រែន​មានរួមបញ្ចូល​ប្រទេស​ប៉ូឡូញ ​រូម៉ានី ហុងគ្រី ​សាធារណរដ្ឋម៉ុលដាវី ​និងសាធារណរដ្ឋស្លូវ៉ាគី ​។ ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍មួយកាលពី​ពេល​ថ្មីៗ​នេះ លោកស្រី Samantha Power នាយិកា​ទីភ្នាក់ងារ​ជំនួយអា​មេរិក (USAID) បាននិយាយថា «ប្រជារាស្ត្រ​ប៉ូឡូញ​ បាន​បើក​ចិត្តពួក​គេ ​ផ្ទះ​ពួក​គេ មានអាហារ​ក្តៅៗ និងគ្រឿង​ផ្គត់ផ្គង់ មានក្រណាត់​កន្ទប​ទារក​ ​និង​រទេះដាក់ទារករុញសម្រាប់ឱ្យ​ក្រុម​ឳពុក​ម្តាយ ព្រម​ទាំង​មានសម្លៀក​បំពាក់​ផងដែរ»។

លោក​ស្រីអ្នក​អភិបាល Power បានស្ទង់ប្រមាណថា​ មាន«មនុស្ស​ពី៣ ទៅ៥​លាននាក់ ​អាចរត់គេច​ខ្លួន«ចូល​ក្នុង​ប្រទេស​ជិតខាងទាំង​នេះ»ក្នុង​អនាគត​ឆាប់ៗនេះ។

​រដ្ឋ​មន្ត្រីការបរទេស​សហរដ្ឋ​អាមេរិកលោក Blinken បានអំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​របស់ក្រុម​ជន​ស្វះស្វែង​រក​ការការពារ ហើយកុំ​បញ្ជូន​ក្រុម​អ្នកស្វែង​រកសិទ្ធិជ្រកកោនទៅ​ប្រទេសអ៊ុយក្រែន​វិញ​ដែល​ពួក​គេ​ទំនងជា​នឹង​ប្រឈម​នឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ សហរដ្ឋ​អាមេរិក ស្វាគមន៍ចំពោះ​ការធ្វើវិភាគ​ទាន​របស់ប្រទេស​ផ្តល់ជំនួយ​ឯទៀតៗដល់​ការ​ឆ្លើយ​តប​នឹងវិបត្តិនេះ​ ហើយ​បានសុំ​ប្រទេស​ឯ​ទៀតៗ​ឱ្យគាំទ្រដោយ​ចិត្ត​សប្បុរស​ដល់​សេចក្តីត្រូវការជា​បន្ទាន់ក្នុង​ប្រទេសអ៊ុយក្រែន​ និង​ក្នុងតំបន់នោះ៕

XS
SM
MD
LG