Accessibility links

Breaking News

បទវិចារណកថា៖ ផែនការ​ភ្ញាក់ផ្អើល​របស់​រុស្ស៊ី​ក្នុង​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​នៅ​បេឡារុស


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃទី​២៥ ខែ​មីនា ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​ថា ​រុស្ស៊ីនឹង​ដាក់​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​ក្នុង​ប្រទេស​បេឡារុសដែល​ជា​ប្រទេស​ជិត​នៅ​ខាង​ជើង​អ៊ុយក្រែន។ លោក​បានអះអាងថា លោក​ត្រូវ​បានបង្ខំ​ឱ្យ​ធ្វើ​ដូច្នេះដោយ​សេចក្តី​សម្រេច​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​កង​រថក្រោះធុន Challenger II ​ជា​មួយគ្រាប់​បាញ់​ទម្លុះដែក​ក្រោះ​បានដែល​មាន​សារធាតុ​កាក​អ៊ុយរ៉ានីញ៉ូម។ គ្រាប់​មានសារធាតុ​កាក​អ៊ុយរ៉ានីញ៉ូម​នាំឱ្យ​មាន​ការ​ចេញ​វិទ្យុសកម្មទាប​ណាស់​ តែ​មិនអាច​នាំ​ឱ្យ​មានប្រតិកម្មនុយក្លេអ៊ែរ​ទេ។

លោក Robert Wood អ្នក​តំណាង​បម្រុង​របស់​ស.រ.អ.ខាង​កិច្ចការ​នយោបាយ​ពិសេសបាន​និយាយថា៖ ​«ការនិយាយរបស់​រុស្ស៊ីថា​ ការ​ដាក់​អាវុធ​ទាំង​នេះជា​ការត្រឹមត្រូវ​ដោយសារ​មានការប្រើ​គ្រាប់បាញ់​ទម្លុះដែក​ក្រោះ​ជាការគួរ​ឱ្យ​អស់សំណើច។ ការពិត​ជាក់ស្តែង​គឺ​ថា ​គ្រាប់បាញ់​ទម្លុះដែក​ក្រោះមិន​ដូចគ្នា​នឹង​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​ទេ‍»។

លោក Wood បាន​និយាយថា៖ «សេចក្តី​ប្រកាស​នេះគ្មានទាក់ទង​អ្វី​ជា​មួយប្រភេទគ្រាប់ទេ...តែវា​ទាក់ទិន​នឹង​ការប៉ុនប៉ងរបស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ក្នុងការកម្រិត និង​ការធ្វើឱ្យ​រាថយដល់​ការផ្តល់​ជំនួយ​ខាង​សន្តិសុខ​អន្តរជាតិ ដល់​ការការពារ​របស់​អ៊ុយក្រែន ដល់​អធិបតេយ្យភាព ឯករាជ្យ​ និង​បូរណភាព​ដែនដី​នៃ​ប្រទេស​នេះ។ ការពិត​គឺ​ថា​ រដ្ឋាភិបាល​វិមាន​ក្រឹមឡាំងមិន​ចង់​ឱ្យ​អ៊ុយក្រែន​មាន​សមត្ថភាព​ក្នុង​ការការពារ​ខ្លួន​ប្រឆាំង​នឹង​កងរថក្រោះ​រុស្ស៊ី‍​ទេ»។

លោក​ឯកអគ្គរដ្ឋទូត​ Wood ​បានថ្លែង​ថា៖ ​«ក្នុងពេល​តិចជាង​ពីរ​សប្តាហ៍​មុន​នេះ លោក​ប្រធានាធិបតី​ Putin ​បាន​សន្យានៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ជា​មួយ​ប្រទេស​ចិន​ថា​នឹង​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ ហើយ​បាន​និយាយ​ថា​ «ពួករដ្ឋ​មាន​អាវុធនុយក្លេអ៊ែរ​គួរ​ទប់ចិត្ត​កុំ​ដាក់អាវុធ​នុយក្លេអ៊ែរនៅ​ប្រទេសក្រៅ ហើយ​ដក​អាវុធ​នុយក្លេអ៊ែរ​ចេញ​ពី​ប្រទេស​ក្រៅ‍»។ តែនៅថ្ងៃ​នេះ ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បានប្រើប្រាស់​ប្រផ្នូល​នៃជម្លោះនុយក្លេអ៊ែរដើម្បី​ជួយ​រុស្ស៊ី​ឱ្យ​ឈ្នះសង្គ្រាមមិនត្រឹមត្រូវ​តាម​ច្បាប់​ប្រឆាំង​នឹង​អ៊ុយក្រែន‍»។

លោក​បាន​ពោលថា៖ «គ្មាន​ប្រទេស​ណា​គំរាមកំហែង​ប្រទេស​រុស្ស៊ី​ ឬ​គំរាមកំហែងលោក Putin ​ទេ។ សង្គ្រាម​របស់​លោក Putin ​ប្រឆាំងនឹង​អ៊ុយក្រែន​ជា​សង្គ្រាម​មួយ​ដែល​លោក​មិនគួរ​ធ្វើ​ជា​ដាច់ខាត។ ហើយ​វា​ជា​សង្គ្រាម​មួយ​ដែល​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​អាច​បញ្ចប់​បាននៅពេលណាមួយប្រសិន​បើ​ពួកគេ​ចង់ធ្វើ​ដូច្នេះ‍»។

លោក​ឯកអគ្គរដ្ឋទូត Wood ​បាន​និយាយថា៖​ «តាម​រយៈវោហាសាស្ត្រគ្មាន​ការ​ទទួល​ខុសត្រូវសោះ និង​ការបន្ត​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​ ប្រទេស​រុស្ស៊ី​ស្វះស្វែង​បង្កើន​សង្គ្រាមគ្មាន​ការបង្ក​ហេតុ​និង​ឃោរឃៅ​ប្រឆាំង​នឹង​អ៊ុយក្រែន​ ជាជាងស្វះស្វែង​រក​សន្តិភាព‍»។

លោកបានថ្លែងថា៖ «រុស្ស៊ីគួរ​បញ្ឈប់ជា​បន្ទាន់ការបង្កើន​វោហាសាស្ត្រ​អំពីលទ្ធភាពនៃ​ការប្រើ​អាវុធ​នុយក្លេអ៊ែរ។ ការប្រើអាវុធ​គីមី​ អាវុធ​ជីវសាស្ត្រ ឬ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ុយក្រែន​អាច​នាំឱ្យ​មាន​ផលវិបាកធ្ងន់ធ្ងរ​ដល់​ការ​រក្សាឱ្យ​មានសន្តិភាព​ និង​សន្តិសុខ​អន្តរជាតិ​ ហើយ​នឹង​កែប្រែ​ទិដ្ឋភាពនៃ​សង្គ្រាម​នេះផង​ដែរ។ ហើយការប្រើ​អាវុធ​នុយក្លេអ៊ែរនឹង​បំបែក​កំណត់ត្រា​នៃ​ការមិន​ប្រើអាវុធ​បែបនេះ​ដែលត្រូវបានបញ្ឈប់​លែង​ឱ្យ​ប្រើ​ជិត​៨០ឆ្នាំ​មកហើយ‍»។

លោកឯកអគ្គរដ្ឋទូត Wood បាន​ពោលថា​៖ «យើង​ក៏អំពាវនាវដែរ​ដល់​របប​គ្រប់គ្រង​
របស់​លោក Aleksander Lukashenka ​នៅ​ក្នុង​ប្រទេស​បេឡារុសឱ្យ​ឈប់ឃុបឃិត​ក្នុង​សង្គ្រាម​របស់​រុស្ស៊ីប្រឆាំង​នឹង​អ៊ុយក្រែន។ ហើយ​ជា​ថ្មីទៀត ​យើង​អំពាវនាវ​ដល់​រុស្ស៊ី​ឱ្យ​បន្ថយ​ភាពតានតឹងដោយ​ចាប់ផ្តើម​ដោយ​ការបញ្ឈប់​សង្គ្រាម​ឈ្លានពាន​របស់ខ្លួនប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន‍»៕

XS
SM
MD
LG