តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រជាជាតិនៃតំបន់អឌ្ឍគោលខាងលិចត្រូវបានផ្សារភ្ជាប់ជាមួយគ្នាដោយប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ គ្រួសារនិងសហគមន៍ និងអាជីវកម្មនិងពាណិជ្ជកម្ម។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងតំបន់នៃភាពជាដៃគូរបស់បណ្តាប្រទេសនៅទ្វីបអាមេរិកសម្រាប់វិបុលភាពសេដ្ឋកិច្ច (Americas Partnership for Economic Prosperity) កាលពីពេលថ្មីៗនេះ។
លោក Blinken បាននិយាយថា ភាពជាដៃគូរវាងប្រទេសទាំង ១២ ដែលបានចាប់ផ្តើមកាលពីពីរឆ្នាំមុន ត្រូវបានភ្ជាប់ដោយ «ក្តីសង្ឃឹមរួមគ្នាសម្រាប់អនាគតមួយដែលកាន់តែមានសុវត្ថិភាព វិបុលភាព និងលិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសរបស់យើងទាំងអស់និងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា»។
លោក Blinken បានថ្លែងថា៖ «ភាពជាដៃគូនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយដើម្បីធ្វើទំនើបកម្មទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើនពីក្រោមឡើងលើនិងពីចំណុចកណ្តាលចេញទៅ។ ដើម្បីបង្ហាញវិធីបង្កើនការប្រកួតប្រជែងរបស់យើង អ្វីដែលយើងត្រូវធ្វើនោះគឺបង្កើនការការពារសម្រាប់កម្មកររបស់យើងក៏ដូចជាសម្រាប់អាកាសធាតុរបស់យើង ការធ្វើឱ្យសង្វាក់ផ្គត់ផ្គង់របស់យើងកាន់តែមានភាពធន់ ការប្តេជ្ញាចិត្តចំពោះទំនុកចិត្ត សុវត្ថិភាព និងភាពបើកចំហនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់យើង»។
លោករដ្ឋមន្ត្រីការបរទេស Blinken បានកត់សម្គាល់ថា វេទិកាភាពជាដៃគូបណ្ដាប្រទេសនៅទ្វីបអាមេរិក ធនាគារអភិវឌ្ឍន៍អន្តរអាមេរិក និងសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយបច្ចេកទេសនិងហិរញ្ញប្បទានដើម្បីទាក់ទាញការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យឯកជននៅទូទាំងអឌ្ឍគោលនេះ។
លោក Blinken បានថ្លែងថា៖ «តាមរយៈការកែលម្អគ្រឹះដ៏សំខាន់នៃសង្វាក់ផ្គត់ផ្គង់របស់យើង វានឹងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើងដើម្បីជួយធានាថា ទំនិញដែលប្រជាពលរដ្ឋរបស់យើងពឹងផ្អែកលើដូចជាអង្គធាតុពាក់កណ្ដាលចម្លង អាគុយរថយន្តអគ្គិសនី និងគ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តជាដើមមានតម្លៃសមរម្យជាងមុន មានសុវត្ថិភាពជាងមុន និងផលិតនៅសហរដ្ឋអាមេរិក»។
លោក Blinken បាននិយាយទៀតថា៖ «យើងក៏កំពុងវិនិយោគលើប្រជាពលរដ្ឋរបស់យើងផងដែរ»។
លោក Blinken បាននិយាយបន្ថែមទៀតថា៖ «ប្រទេសកូស្តារីកាបានបង្កើតមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) ដើម្បីត្រៀមអ្នកធ្វើការមកពីទូទាំងទ្វីបអាមេរិកឱ្យកាន់តែមានភាពប្រកួតប្រជែងខ្លាំងជាងមុននៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់នាពេលអនាគត ដែលមានចាប់ពីសន្តិសុខតាមអ៊ីនធឺណិតរហូតដល់បច្ចេកវិទ្យា AI។ សហរដ្ឋអាមេរិក កាណាដា [និង] អ៊ុយរូហ្គាយ បានបង្កើនល្បឿនក្នុងការជ្រើសរើសនិងបណ្តុះបណ្តាលសហគ្រិនចំនួន ៧៥០ នាក់នៅទូទាំងតំបន់។
លោក Blinken បានប្រកាសអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាថ្មីមួយដែលមានឈ្មោះថា គំនិតផ្តួចផ្តើមអង្គធាតុពាក់កណ្ដាលចម្លងនៅតំបន់អឌ្ឍគោលខាងលិច (Western Hemisphere Semiconductor Initiative) ដែលអាចដំណើរការទៅបានដោយសារការផ្ដល់ថវិកានៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកដែលគេស្គាល់ថា CHIPS Act [Creating Helpful Incentives to Produce Semiconductors]។
លោក Blinken បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះនឹងផ្តល់សមត្ថភាពយ៉ាងខ្លាំងដល់ប្រទេសជាដៃគូនានាក្នុងការប្រមូលផ្តុំ សាកល្បង និងវេចខ្ចប់អង្គធាតុពាក់កណ្ដាលចម្លង ដោយចាប់ផ្តើមនៅប្រទេសម៉ិកស៊ិក ប៉ាណាម៉ា និងកូស្តារីកា»។
មនុស្សជាច្រើននឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចការនៃភាពជាដៃគូរបស់បណ្តាប្រទេសនៅទ្វីបអាមេរិកសម្រាប់វិបុលភាពសេដ្ឋកិច្ចនេះ។
លោក Blinken បាននិយាយថា៖ «ប្រសិនបើយើងធ្វើតាមការសន្យាយ៉ាងពេញលេញនៃភាពជាដៃគូនេះ ខ្ញុំគិតថា យើងមានឱកាសជាប្រវត្តិសាស្ត្រក្នុងការជួយសម្រេចឱ្យបាននូវសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋយើង ដើម្បីពង្រឹងជំនឿរបស់ពួកគេចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង និងដើម្បីកសាងតំបន់មួយឱ្យកាន់តែមានសមភាព និរន្តរភាព និងវិបុលភាពសម្រាប់មនុស្សគ្រប់គ្នា»៕