តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមហ៊ូធី បានប្លន់កប៉ាល់ពាណិជ្ជកម្មមួយគ្រឿងក្នុងសមុទ្រក្រហម ហើយតាំងពីពេលនោះមកបានវាយប្រហារនាវាជាង២៤គ្រឿងទៀតដោយប្រើដ្រូន មីស៊ីល និងកាណូតលឿន។
លោក Daniel Shapiro ឧបការីរងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកសម្រាប់មជ្ឈឹមបូព៌ាបាននិយាយនៅក្នុងសវនាការសភាថា កងកម្លាំងកងទ័ពជើងទឹកដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើឱ្យខកខានការវាយប្រហារជាច្រើនក្នុងបណ្តាការវាយប្រហារទាំងនេះ។
លោកបាននិយាយថា៖ «កិច្ចប្រឹងប្រែងការពារធំបំផុតរបស់យើងក្នុងសមុទ្រក្រហមមានឈ្មោះថា កិច្ចប្រតិបត្តិការ Prosperity Guardian។ ចាប់តាំងពីលោករដ្ឋមន្ត្រី Austin បានប្រកាសអំពីក្រុមចម្រុះនេះកាលពីខែធ្នូមក មានប្រទេសជាង២០បានចូលរួមក្នុងការយាមល្បាតច្រើនជាងមុនក្នុងសមុទ្រក្រហមនិងថែរក្សានាវាចរណ៍ពាណិជ្ជកម្ម កិច្ចប្រតិបត្តិការ Prosperity Guardian ត្រូវបានរៀបចំឡើងដើម្បីធានារ៉ាប់រងជាថ្មីដល់ឧស្សាហកម្មនាវាចរណ៍សមុទ្រ ធ្វើឱ្យរាដល់សកម្មភាពមិនត្រឹមត្រូវតាមច្បាប់និងឧបត្ថម្ភផ្ចុងផ្តើមនាវាចរណ៍ដោយសុវត្ថិភាពនៅពេលការពារលំហូរពាណិជ្ជកម្មអន្តរជាតិដោយសេរី»។
លោកឧបការីរងរដ្ឋមន្ត្រីការពារជាតិ Shapiro បានពន្យល់ថា៖ «នៅពេលដែលក្រសួងការពារជាតិប្រឹងប្រែងបំផ្លាញនិងបន្ថយសមត្ថភាពនៃពួកហ៊ូធីក្នុងការធ្វើការវាយប្រហារក្នុងសមុទ្រ កងកម្លាំងសហរដ្ឋអាមេរិកក៏បានធ្វើការវាយប្រហារការពារខ្លួនលើទីដៅហ៊ូធីមានរួមមីស៊ីលនិង UAS លើប្រដាប់បាញ់បង្ហោះ ដែលដាក់ឱ្យមានការគំរាមកំហែងជិត៣៦ដងកាលពីពីរបីសប្តាហ៍មុននេះ។ ជាសរុប យើងបានវាយប្រហារលើទីដៅជាង២៣០ក្នុងដែនដីយេម៉ែនគ្រប់គ្រងដោយពួកហ៊ូធីតាមរយៈការវាយប្រហារដោយចេតនានិងជាការការពារខ្លួន ដោយបានបំផ្លាញអាវុធរាប់រយគ្រឿងរបស់ក្រុមហ៊ូធី»។
លោក Shapiro ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងថា ក្រសួងការពារជាតិក៏បានធ្វើការដែរដើម្បីទប់លំហូរជំនួយដ៏ប្រល័យមានប្រភពពីអ៊ីរ៉ង់ឱ្យដល់យេម៉ែនដែលអាចធ្វើឱ្យមានការវាយប្រហារទាំងនេះ។
លោក Shapiro បានថ្លែងថា៖ «កាលពីថ្ងៃទី១១ និងថ្ងៃទី២៨ ខែមករា កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិកបានស្ទាក់នាវាដឹកជំនួយដ៏ប្រល័យមានប្រភពអ៊ីរ៉ង់ទៅឱ្យពួកហ៊ូធី ដោយរំលោភជាក់ស្តែងលើច្បាប់អន្តរជាតិ...កងកម្លាំងអាមេរិកបានរកឃើញកញ្ចប់ជាង២០០នៃគ្រឿងផ្សំយានយន្តគ្មានមនុស្សបើក យានយន្តក្រោមទឹកនិងយានយន្តប្រើលើផ្ទៃដី ប្រដាប់ណែនាំនិងគ្រាប់បែកសម្រាប់ផ្ទុកលើមីស៊ីលផ្លោងមានប្រតិបត្តិការមធ្យមនិងមីស៊ីលធុន cruise ប្រឆាំងកប៉ាល់ ប្រដាប់ការពារដែនអាកាសគ្រឿងបន្លាស់រួមផ្សំ បណ្តាញប្រដាប់ប្រដាគមនាគមន៍ខាងយោធា ប្រដាប់បាញ់មីស៊ីលប្រឆាំងនឹងរថក្រោះ គ្រឿងផ្ទុះនិងគ្រឿងបន្លាស់យោធាឯទៀតៗ»។
លោកឧបការីរងរដ្ឋមន្ត្រីការពារជាតិ Shapiro បាននិយាយថា៖ «យើងបាននិយាយច្បាស់លាស់ណាស់ប្រាប់អ៊ីរ៉ង់ថា យើងឱ្យអ៊ីរ៉ង់ទទួលខុសត្រូវដល់ការវាយប្រហារដោយពួកដៃគូនិងក្រុមកូនអុករបស់ខ្លូន»។
ក្រសួងការពារជាតិអាមេរិកគាំទ្រគោលដៅទាំងស្រុងនៃការបន្ធូរបន្ថយភាពតានតឹងនិងធ្វើឱ្យមានស្ថិរភាពឡើងវិញក្នុងសមុទ្រក្រហម តែឧបការីរងរដ្ឋមន្ត្រីការពារជាតិលោក Shapiro បានបន្ថែមថា «យើងនឹងមិនរារែកក្នុងការការពារជនស៊ីវីលនិងការពារលំហូរពាណិជ្ជកម្មដោយសេរីនៅក្នុងផ្លូវទឹកសំខាន់បំផុតមួយរបស់ពិភពលោកទេ»៕