តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែផ្តោតការយកចិត្តទុកដាក់លើឧបសគ្គធ្ងន់ធ្ងរក្នុងរយៈពេលយូរប្រឈមនឹងសណ្តាប់ធ្នាប់អន្តរជាតិ គឺសាធារណរដ្ឋប្រជាមានិតចិន។
នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Xi គណបក្សកុម្មុយនិស្តគ្រប់គ្រងប្រទេសចិនសង្កត់សង្កិនជាងមុននៅក្នុងប្រទេសនិងគឃ្លើនជាងមុននៅក្រៅប្រទេស។
សហរដ្ឋអាមេរិកមិនអាចរំពឹងថា សាធារណរដ្ឋប្រជាមានិតចិននឹងកែប្រែគោលនយោបាយរបស់ខ្លួនទេ តែរដ្ឋបាលលោក Biden បានអភិវឌ្ឍយុទ្ធសាស្ត្រមួយដែលអាចត្រូវសង្ខេបដោយពាក្យបីម៉ាត់ថា «បណ្តាក់ទុន សម្របតាម ប្រកួតប្រជែង»។
រដ្ឋបាលរបស់លោក Biden បានវិនិយោគក្នុងយុទ្ធសាស្ត្រឧស្សាហកម្មដែលមានចីរភាពនិងពង្រីកឥទ្ធិពលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិកដើម្បីធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងសង្វាក់ផ្គត់ផ្គង់មានភាពធុន និងមានការប្រកួតប្រជែងជាងមុន។
ផ្នែកទីពីរនៃយុទ្ធសាស្ត្រនេះគឺធ្វើឱ្យបណ្តាញសម្ព័ន្ធភាពរបស់អាមេរិកមានថាមពលជាងមុន និងធ្វើការទាក់ទងជាថ្មីជាមួយស្ថាប័នអន្តរជាតិ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ទៀតថា«ផ្នែកមួយទៀតនៃការសម្របតាមដែលយើងមានជាមួយពួកសម្ព័ន្ធមិត្តនិងដៃគូយើង គឺសិទ្ធិមនុស្ស»។
លោក Blinken បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកឈរជាមួយពួកប្រទេសនិងប្រជារាស្ត្រនៅទូទាំងពិភពលោកប្រឆាំងនឹងការប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកើតមាននៅក្នុងតំបន់ Xinjiang យើងឈរជាមួយគ្នាអំពីដែនដីទីបេតិ៍ ដែលនៅទីនោះអាជ្ញាធរបន្តយុទ្ធនាការឃោរឃៅប្រឆាំងជនជាតិទីបេតិ៍និងវប្បធម៌ ភាសា និងប្រពៃណីសាសនាពួកគេ ហើយនៅហុងកុងដែលនៅទីនោះគណបក្សកុម្មុយនិស្តចិនបានដាក់កំហិតវិធានការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យដ៏តឹងរ៉ឹងដោយបន្លំថា ជាបញ្ហាសន្តិសុខជាតិ»។
ការណ៍នេះនាំយើងទៅកាន់ផ្នែកទីបីនៃយុទ្ធសាស្ត្ររបស់យើង ដែលជាការប្រកួតប្រជែងឱ្យឈ្នះចិនក្នុងវិស័យសំខាន់ៗ។
លោក Blinken បាននិយាយថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងកំពុងយកប្រៀបពីការបើកចំហសេដ្ឋកិច្ចយើងដើម្បីធ្វើចារកម្ម លួចចូលក្នុងប្រព័ន្ធកុមព្យូទ័រ លួចបច្ចេកវិទ្យានិងចំណេះដឹងដើម្បីជំរុញការបញ្ចូលរបៀបថ្មីខាងយោធារបស់ខ្លួននិងពង្រឹងការតាមឃ្លាំមើលរបស់ខ្លួនផងដែរ។ ដូច្នេះ យើងធ្វើឱ្យប្រាកដថា រលកថ្មីនៃការបញ្ចូលរបៀបថ្មីៗដោយសហរដ្ឋអាមេរិកនិងពួកសម្ព័ន្ធមិត្តនិងក្រុមដៃគូយើង យើងក៏នឹងការពារខ្លួនយើងប្រឆាំងនឹងការប្រឹងប្រែងដើម្បីបង្ហូរចេញវិស្វកម្មភាពរបស់យើង ឬធ្វើឱ្យខូចខាតដល់សន្តិសុខជាតិយើង»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងស្តីពីកោះតៃវ៉ាន់ថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើតាមគោលនយោបាយ«ប្រទេសចិនតែមួយ»របស់ខ្លួន ដែលត្រូវបានណែនាំដោយច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ សេចក្តីថ្លែងការណ៍រួមបី ការធានារ៉ាប់រងប្រាំមួយ។ យើងជំទាស់នឹងការកែប្រែជាឯកតោភាគីដល់ភាពនៅដូចដើមពីភាគីណាមួយ យើងមិនគាំទ្រដល់ឯករាជ្យតៃវ៉ាន់ទេ ហើយយើងរំពឹងថា ការខ្វែងគំនិតគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នឹងត្រូវដោះស្រាយដោយសន្តិវិធី»។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា៖ «យើងប្រកួតប្រជែងដោយមានទំនុកចិត្តយើងធ្វើសហការជាមួយប្រទេសចិននៅកន្លែងណាដែលយើងអាចធ្វើបាន យើងប្រកួតប្រជែងនៅទីណាយើងត្រូវធ្វើ។ គ្មានហេតុផលដែលមហាប្រទេសជាតិយើងមិនអាចរួមរស់ជាមួយគ្នាដោយសន្តិវិធីបាន ហើយបែងចែកនិងធ្វើវិភាគទានដល់ការជឿនលឿនរបស់មនុស្សរួមគ្នា»៕