តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ភាពតានតឹងបានកើនឡើងនៅតាមបណ្ដោយព្រំដែនភាគខាងកើតប្រទេសអ៊ុយក្រែន នៅពេលដែលប្រទេសរុស្ស៊ីបានបញ្ជូនទាហានប្រយុទ្ធរាប់ពាន់នាក់ទៅកាន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែននៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ នេះគឺជាការប្រមូលផ្ដុំទាហានរុស្ស៊ីច្រើនបំផុត តាំងពីពេលដែលរុស្ស៊ីបានកាន់កាប់តំបន់ Crimea កាលពីឆ្នាំ ២០១៤ មក។
បើយោងតាមរដ្ឋាភិបាលអ៊ុយក្រែន មនុស្សរហូតដល់ ១៤.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលអូសបន្លាយអស់រយៈពេល ៧ ឆ្នាំកន្លងមកនេះ។
កាលពីថ្ងៃទី ២២ ខែមេសា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសថា ទាហានទាំងនោះ នឹងត្រូវដកចេញវិញនៅខែឧសភា ប៉ុន្តែគិតមកទល់នឹងពេលរាយការណ៍នេះ ចំនួនទាហានដ៏ច្រើនបំផុតរបស់រុស្ស៊ីតាំងពីឆ្នាំ ២០១៤ នេះ នៅតែមានវត្តមាននៅក្នុងតំបន់នោះដដែល។
នៅក្នុងជំនួបកាលពីពេលថ្មីៗនេះជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក «មានជំហររឹងមាំគាំទ្រអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសអ៊ុយក្រែន»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា ករណីនេះ «គឺសំខាន់ជាពិសេសនៅចំពេលដែលយើងឃើញរុស្ស៊ីធ្វើសកម្មភាពបង្កហេតុខ្លាំងក្លាពាក់ព័ន្ធនឹងអ៊ុយក្រែន»។
អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានអំពាវនាវឲ្យប្រទេសរុស្ស៊ី «បញ្ឈប់ការបង្កើនកម្លាំងយោធានេះនៅក្នុងនិងជុំវិញប្រទេសអ៊ុយក្រែន បញ្ឈប់ការបង្កហេតុ និងបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់»។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា អង្គការអូតង់កំពុងពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ប្រទេសអ៊ុយក្រែននៅក្នុងការចូលជាសមាជិករបស់អង្គការអូតង់។
លោក Blinken បានបញ្ជាក់អះអាងថា ប្រទេសអ៊ុយក្រែនបានឈានជំហានដ៏ «សំខាន់បំផុត» នៅក្នុងការ «ពង្រឹងស្ថាប័នប្រជាធិបតេយ្យរបស់ខ្លួនដើម្បីជំរុញនីតិរដ្ឋ ធ្វើកំណែទម្រង់សេដ្ឋកិច្ចសំខាន់ៗ ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់អនាគតរបស់អង្គការអូតង់ និងអនាគតរបស់ប្រទេសអ៊ុយក្រែន និងសម្រាប់ការធ្វើសមាហរណកម្មរបស់អ៊ុយក្រែននៅក្នុងស្ថាប័នអឺរ៉ុបអាត្លង់ទិកនានា»។
នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់អះអាងអំពី «ការតាំងចិត្តមិនងាករេ» របស់លោក «ចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសអ៊ុយក្រែន»។
លោកប្រធានាធិបតី Biden ក៏បាន «លើកឡើងផងដែរអំពីការព្រួយបារម្ភទាក់ទិននឹងការបង្កើនចំនួនទាហានរុស្ស៊ីភ្លាមៗនេះនៅក្នុងតំបន់ Crimea និងនៅតាមបណ្ដោយព្រំដែនជាប់ប្រទេសអ៊ុយក្រែន និងបានអំពាវនាវឲ្យរុស្ស៊ីបន្ធូរបន្ថយភាពតានតឹង»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន។
លោកប្រធានាធិបតី Biden បានបន្តបញ្ជាក់ឡើងវិញអំពីគោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងការកសាងទំនាក់ទំនងស្ថិតស្ថេរនិងអាចរំពឹងទុកបានជាមួយនឹងប្រទេសរុស្ស៊ី ស្របតាមប្រយោជន៍របស់សហរដ្ឋអាមេរិក និងបានស្នើឲ្យមានកិច្ចប្រជុំមួយនៅក្នុងប្រទេសទី ៣ នៅក្នុងពេលប៉ុន្មានខែខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហានានាដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីកំពុងប្រឈម៕