Accessibility links

Breaking News

បទវិចារណកថា៖ សង្គ្រាម និង​ការរំលោភ ត្រូវ​តែ​បញ្ចប់​ក្នុង​ប្រទេស​អេត្យូពី


រូបឯកសារ៖ មនុស្ស​ម្នា ឈរ​នៅ​ពី​មុខ​ផ្សែង​ខ្មៅ​ហុយ​ឡើង នៅ​ទីក្រុង Mekele នៃ​តំបន់ Tigray នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី បន្ទាប់ពី​មាន​ការវាយ​ប្រហារ​តាម​អាកាស កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ មនុស្ស​ម្នា ឈរ​នៅ​ពី​មុខ​ផ្សែង​ខ្មៅ​ហុយ​ឡើង នៅ​ទីក្រុង Mekele នៃ​តំបន់ Tigray នៅ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី បន្ទាប់ពី​មាន​ការវាយ​ប្រហារ​តាម​អាកាស កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ស.រ.អ. នៅ​តែ​ខ្វល់ខ្វាយ​ខ្លាំង​អំពី​សង្គ្រាម​សព្វថ្ងៃ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អេត្យូពី។ របាយការណ៍​អំពី​ការ​វាយ​ប្រហារ​តាមយន្តហោះលើរដ្ឋធានី​ Mekele នៃ​តំបន់ Tigray​ និង​ការរំលោភលើសិទ្ធិមនុស្ស​ និង​អំពើឃោរឃៅដោយ​កងកម្លាំង​ការពារ​ជាតិ​អេត្យូពី កងកម្លាំង​ការពារ​អេរីត្រេ កង​កម្លាំងជីវពលតំបន់ និង​កងកម្លាំង​ផ្សេងទៀត​នៃ​តំបន់ Amhara ​រណសិរ្សរំដោះ​ប្រជារាស្ត្រ​ Tigray និងក្រុមប្រដាប់​អាវុធ​ឯ​ទៀតៗ​នាំ​ឱ្យ​មានការ​រំខាន​យ៉ាង​ខ្លាំង។

លោក​ Ned Price អ្នកនាំពាក្យនៃក្រសួង​ការបរទេស​ស.រ.អ.​ បាននិយាយ​ថា៖ «យើងថ្កោលទោស​យ៉ាង​ខ្លាំង​ក្លា​ដល់​ការរំលោភប្រឆាំង​នឹង​ជន​ស៊ីវិលហើយ​អំពាវនាវ​ដល់ភាគី​ទាំង​អស់ក្នុង​ជម្លោះ​នេះឱ្យ​គោរពសិទ្ធិមនុស្ស និង​ធ្វើ​តាមកាតព្វកិច្ច​ខ្លួនដល់​ច្បាប់​មនុស្សធម៌​អន្តរជាតិ»។

លោកបានបន្ថែមថា៖ «យើងយល់​ស្របជា​មួយលោកអគ្គលេខាធិការអ.ស.ប. ​និងពួក​មេដឹកនាំសហភាពអាហ្វ្រិក​ដែល​ថា​ ​គ្មាន​ដំណោះ​ស្រាយ​យោធាដល់ជម្លោះ​ក្នុងប៉ែក​ខាង​ជើងនៃប្រទេស​អេត្យូពីទេ ​ហើយ​គេ​ត្រូវរកដំណោះស្រាយនយោបាយឋិតថេរ​មួយ។ យើង​សុំដល់​រដ្ឋាភិបាលអេត្យូពីនិង​រណសិរ្ស​រំដោះ​ប្រជារាស្ត្រ Tigray ឱ្យ​ធ្វើការចរចា​គ្នាជា​បន្ទាន់ដោយ​គ្មានលក្ខខ័ណ្ឌដំបូងឆ្ពោះ​ទៅ​កាន់​ការ​ឈប់បាញ់​គ្នា​ជាប់លាប់»។

របាយការណ៍ជា​ច្រើន​អំពីការរំលោភ​លើ​សិទ្ធិមនុស្ស គូសបញ្ជាក់​សេចក្តី​ត្រូវការ​ជា​បន្ទាន់ឱ្យ​មានការ​ស៊ើបអង្កេត​អន្តរជាតិ​ឯករាជ្យ មាន​តម្លាភាព និង​ជឿទុក​ចិត្តបាន។ ជា​ការ​សំខាន់ណាស់​ដែលភាគី​ទាំង​អស់ក្នុង​ជម្លោះ​នេះ​អនុញ្ញាត និង​សម្រួលឱ្យ​មាន​ការ​ទាក់ទង​ជា​មួយអង្គការ​ទាំង​អស់​របស់​រដ្ឋាភិបាល។

អ្នកនាំ​ពាក្យ Price បាន​ថ្លែងថា៖ «យើង​រង់ចាំការ​ធ្វើបច្ចុប្បន្នភាពពីឧត្តមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប.អំពី​ស្ថានភាពសិទ្ធិមនុស្ស​ក្នុងតំបន់​ Tigray និងការចេញផ្សាយរបាយការណ៍​នៃ​ការ​ស៊ើបអង្កេត​រួមរបស់​គណៈកម្មការ​សិទ្ធិមនុស្ស​អេត្យូពី​និង​ការិយាល័យឧត្តម​ស្នងការសិទ្ធិ​មនុស្ស​អ.ស.ប.។ យើង​ក៏​សុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការពេញ​លេញជា​មួយ​គណៈកម្មការ​ស៊ើបអង្កេតនៃ​គណៈកម្មការ​សិទ្ធិមនុស្ស​និងសិទ្ធិ​ប្រជារាស្ត្រ​របស់​សហភាព​អាហ្វ្រិក​ដែរ»។

ការបង្កើត​យន្តការមានតម្លាភាព​និងឯករាជ្យ​ដើម្បីធ្វើឱ្យពួក​ជន​រំលោភ​សិទ្ធិមនុស្ស ​មានការទទួល​ខុស​ត្រូវ​មាន​សារៈសំខាន់សម្រាប់​ការផ្សះផ្សា​ និង​សន្តិភាពក្នុងប្រទេសអេត្យូពី៕

XS
SM
MD
LG