Accessibility links

Breaking News

បទវិចារណកថា៖ សម្ព័ន្ធភាព​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ការប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន


រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អ៊ុយក្រែន​នៅ​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Ramstein នៅក្នុង​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អ៊ុយក្រែន​នៅ​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Ramstein នៅក្នុង​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អ្នក​តំណាង​នៃ​ក្រុម​ប្រទេស​ចម្រុះ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ច​ប្រឹងប្រែង​ជា​បន្ត​របស់​ពួកគេ​នៅ​ក្នុង​ការ​ទប់ទល់​នឹង​សង្គ្រាម​បែប​គឃ្លើន​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ «ជា​លើក​ដំបូង​បង្អស់ រដ្ឋមន្ត្រី​ការបរទេស​មក​ពី​សហរដ្ឋ​អាមេរិក និង​មក​ពី​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដូចជា​ប្រទេស​អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និង​សាធារណរដ្ឋ​កូរ៉េ​ជាដើម បាន​ចូលរួម​ជា​ក្រុម​មួយ​នៅ​ក្នុង​កិច្ច​ប្រជំុ​ថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​អូតង់ (NATO)។ រដ្ឋមន្ត្រី​មក​ពី​ប្រទេស​ហ្សកហ្ស៊ី ហ្វាំងឡង់ ស៊ុយអែត និង​អ៊ុយក្រែន ក៏​ដូចជា​អ្នក​តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​គោល​នយោបាយ​សន្តិសុខ​ក៏​បាន​ចូលរួម​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ទៀត​ថា៖ «ការ​ចូលរួម​នៃ​សម្ព័ន្ធមិត្ត​និង​ដៃគូ​ទាំង​អស់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ក្រុម​ប្រទេស​ចម្រុះ​ដ៏​ទូលំទូលាយ​អស្ចារ្យ​មកពី​ជុំវិញ​ពិភពលោក ដែល​រួបរួម​គ្នា​គាំទ្រ​ប្រទេស​អ៊ុយក្រែន​និង​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​រដ្ឋាភិបាល​រុស្ស៊ី។ សម្ព័ន្ធមិត្ត​និង​ដៃគូ​ទាំង​នេះ​គឺ​ជា​ប្រទេស​ដែល​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​រុស្ស៊ី​មិន​ត្រឹមតែ​វាយ​ប្រហារ​លើ​ប្រទេស​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​វាយ​ប្រហារ​លើ​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ​ទាំងមូល​ដែល​ផ្អែក​លើ​ច្បាប់​ផងដែរ»។

លោក Blinken បាន​បន្ត​ថា៖ «រូបភាព​និង​រឿងរ៉ាវ​ដ៏​តក់ស្លុត​នានា​ដែល​លេច​ចេញ​ពី​ក្រុង Bucha និង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​អ៊ុយក្រែន បាន​រឹតតែ​ធ្វើ​ឱ្យ​ការ​តាំងចិត្ត​និង​សាមគ្គីភាព​រួម​របស់​យើង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​តែ​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «មាន​ក្រុង​ជា​ច្រើន​ទៀត​ដែល​រុស្ស៊ី​ធ្លាប់​បាន​ត្រួតត្រា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ក្រុង​និង​កន្លែង​ជា​ច្រើន​ទៀត​ដែល​រុស្ស៊ី​នៅ​កំពុង​ត្រួតត្រា ដែល​យើង​ត្រូវតែ​សន្មត​នៅ​ពេល​ឥឡូវ​នេះ​ថា កងទ័ព​រុស្ស៊ី​កំពុង​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​បន្ថែម​ទៀត»។

សម្ព័ន្ធមិត្ត​និង​ដៃគូ​នានា​របស់​សហរដ្ឋ​អាមេរិក​កំពុង​ចាត់​វិធានការ​មួយ​ចំនួន «ដើម្បី​បញ្ឈប់​ភាព​គឃ្លើន​នេះ ដើម្បី​គាំទ្រ​អ៊ុយក្រែន និង​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ដែល​ប្រព្រឹត្តិ​រឿង​នេះ​មាន​ការ​ទទួល​ខុស​ត្រូវ»។

ទី​មួយ យើង​កំពុង​បង្កើន​ទណ្ឌកម្ម​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​និង​លើ​បុគ្គល​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កូន​ពេញ​វ័យ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ផង​ដែរ។

ទី​ពីរ យើង​កំពុង​ជួយ​អ៊ុយក្រែន​ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​ការពារ​ខ្លួន​ឯង​បាន​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ផ្នែក​សន្តិសុខ​និង​សព្វាវុធ​ចំនួន ៨០០ លាន​ដុល្លារ​ទៀត។ យើង​ក៏​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​មនុស្សធម៌​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​និង​ដល់​អ្នក​ដែល​គេច​ចេញ​ពី​សង្គ្រាម។

យើង​កំពុង​ធ្វើការ​ជាមួយ​នឹង​ដៃគូ​អ៊ុយក្រែន​របស់​យើង​ដើម្បី​ជួយ​ជ្រោមជ្រែង​នៅ​ក្នុង​ការ​ប្រមូល ការ​រក្សាទុក និង​ការ​វិភាគ​លើ​ភស្តុតាង​នៃ​ភាព​ឃោរឃៅ ហើយ​នឹង​ផ្ដល់​ព័ត៌មាន​នេះ​ដល់​ស្ថាប័ន​ស៊ើប​អង្កេត​សមស្រប​នានា។

យើង​កំពុង​ស្វែងរក​មធ្យោបាយ​ថ្មី​ដើម្បី​ពង្រឹង​សន្តិសុខ​រួម​របស់​សម្ព័ន្ធមិត្ត​អង្គការ​អូតង់ និង​ដើម្បី​បង្កើន​ការ​គាំទ្រ​ចំពោះ​ដៃគូ​ណា​ដែល​ងាយ​រងគ្រោះ​ដោយសារ​ឥទ្ធិពល​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​រុស្ស៊ី ដូចជា​ប្រទេស​បូស្នី​ជាដើម និង​ដោយសារ​ភាព​គឃ្លើន​របស់​រុស្ស៊ី ដូចជា​ប្រទេស​ហ្សកហ្ស៊ី​ជាដើម។

ជា​ចុង​បញ្ចប់ យើង​កំពុង​តាក់តែង​គោល​គំនិត​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​អង្គការ​អូតង់ ដែល​នឹង​បង្ហាញ​អំពី​សន្តិសុខ​នៃ​បណ្ដា​ប្រទេស​ជុំវិញ​មហា​សមុទ្រ​អាត្លង់ទិក​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​ដែល​ជា​ទិដ្ឋភាព​ប្រែប្រួល​ដ៏​ឆាប់​រហ័ស។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖ «យើង​ឃើញ​យ៉ាង​ជាក់ស្ដែង​នូវ​ការ​ខ្ពើម​រអើម​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ធ្វើ។ យើង​ឃើញ​មាន​ការ​តាំងចិត្ត​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំងអស់​នៅ​ក្នុង​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន ការ​ពង្រឹង​និង​ការ​ធ្វើ​ឱ្យ​រស់​រវើក​ឡើង​វិញ​នូវ​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់ ការ​ដាក់​សម្ពាធ​ខ្លាំងក្លា​ជាង​មុន​លើ​រដ្ឋាភិបាល​រុស្ស៊ី និង​ការ​ធានា​ថា​អ្នក​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»៕

XS
SM
MD
LG