តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិក គាំទ្រប្រជាពលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលពួកគេនៅបន្តតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលដែលជ្រើសរើសតាមបែបប្រជាធិបតេយ្យ។
លោក Price ថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកឈរជាមួយប្រជាពលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា និងគាំទ្រសិទ្ធិរបស់ពួកគេក្នុងការប្រមូលផ្ដុំដោយសន្តិវិធី ដែលក្នុងនោះមានទាំងសិទ្ធិនៅក្នុងការតវ៉ាដោយសន្តិវិធីដើម្បីគាំទ្ររដ្ឋាភិបាលដែលជ្រើសរើសតាមបែបប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិបញ្ចេញមតិ ដែលរួមមានទាំងសេរីភាពនៅក្នុងការស្វែងរក ទទួល និងចែករំលែកព័ត៌មានទាំងតាមអនឡាញ និងមិនតាមអនឡាញផងដែរ»។
សហរដ្ឋអាមេរិកបានថ្កោលទោសខ្លាំងក្លាលើការធ្វើរដ្ឋប្រហារនេះ និងបានបន្តទាមទារឲ្យមានការស្ដារឡើងវិញនូវអំណាចរបស់រដ្ឋាភិបាលដែលជ្រើសរើសតាមបែបប្រជាធិបតេយ្យ ដោះលែងអ្នកជាប់ឃុំទាំងអស់ និងបញ្ឈប់នូវការវាយប្រហារលើអ្នកកាសែត សកម្មជន និងសមាជិកសង្គមស៊ីវិលផ្សេងទៀត។
សហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមា និងបានបញ្ជាក់យ៉ាងច្បាស់ចំពោះរបបយោធាមីយ៉ាន់ម៉ាថា អំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋ គឺមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត។
សហរដ្ឋអាមេរិក បានជំរុញឲ្យមានការរួមសហការគ្នាដ៏ទូលំទូលាយមួយរបស់ដៃគូនិងសម្ព័ន្ធមិត្តនានា ដើម្បីដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ាឲ្យកែប្រែទង្វើរបស់ខ្លួនឲ្យដូចដើមវិញ។
កាលពីថ្ងៃទី ១១ ខែកុម្ភៈ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាទាំងបច្ចុប្បន្ននិងពីមុនចំនួន ១០ នាក់ ដែលពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនេះ រួមទាំងក្រុមហ៊ុននិស្សារណកម្ម៣ របស់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងឬក៏ត្រួតត្រាដោយយោធាផងដែរ។
ជាងនេះទៀត សហរដ្ឋអាមេរិកកំពុងពិនិត្យឡើងវិញនូវជំនួយរបស់ខ្លួនដែលផ្ដល់ប្រយោជន៍ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ប៉ុន្តែ សហរដ្ឋអាមេរិក នៅតែបន្តការគាំទ្រខ្លាំងក្លារបស់ខ្លួនចំពោះប្រជាពលរដ្ឋមីយ៉ាន់ម៉ា ក៏ដូចជាជំនួយមនុស្សធម៌ ការថែទាំសុខភាព សង្គមស៊ីវិល និងកម្មវិធីផ្សេងៗទៀត ដែលផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។
ដើម្បីជាការឆ្លើយតបចំពោះរដ្ឋប្រហារនេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានបង្វែរជាបន្ទាន់នូវជំនួយប្រហែល ៤២ លាន ៤ សែនដុល្លារ ចេញពីកិច្ចការណាដែលបានផ្ដល់ប្រយោជន៍ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
មូលនិធិទាំងនេះ នឹងត្រូវបង្វែរទៅរកសកម្មភាពណាដែលគាំទ្រប្រជាពលរដ្ឋមីយ៉ាន់ម៉ា តាមរយៈការជួយគាំទ្រដល់សមត្ថភាពរបស់សង្គមស៊ីវិលនៅក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ការពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សានៅក្នុងតំបន់ណាដែលរងគ្រោះដោយសារអំពើហិង្សា។
សហរដ្ឋអាមេរិក ក៏នឹងនៅតែបន្តផ្ដល់ជំនួយសង្គ្រោះជីវិតដល់ជាតិសាសន៍រ៉ូហ៊ីងយ៉ា (Rohingya) និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀតផងដែរ។ សហរដ្ឋអាមេរិក នឹងមិនងាករេនៅក្នុងការគាំទ្រប្រជាពលរដ្ឋមីយ៉ាន់ម៉ា និងក្ដីប្រាថ្នារបស់ពួកគេនៅក្នុងការទទួលបានលទ្ធិប្រជាធិបតេយ្យ សេរីភាព និងវិបុលភាព។
លោក Price បញ្ជាក់ដូច្នេះថា៖ «ការរួមសហការជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូដែលមានចិត្តដូចគ្នារបស់យើងដើម្បីគាំទ្រប្រជាពលរដ្ឋមីយ៉ាន់ម៉ា គឺជាអាទិភាពរបស់យើង ដោយធ្វើឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាមានការជឿទុកចិត្ត ស្របពេលដែលពួកគេនៅបន្តទាមទារតាមក្ដីប្រាថ្នារបស់ខ្លួនឲ្យមានការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ និងធ្វើការតវ៉ាតាមដងផ្លូវ»៕