តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយបន្ថែមមានទឹកប្រាក់១២៥លានដុល្លារ ដើម្បីគាំទ្រវិស័យថាមពលនិងប្រព័ន្ធចែកចាយអគ្គិសនីនៃប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីលើវិស័យទឹកភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឯទៀតៗ។ តាំងពីសង្គ្រាមនេះចាប់ផ្តើមមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយ២៧០លានដុល្លារ ដើម្បីជួយជួសជុល ថែរក្សា និងពង្រឹងវិស័យអគ្គិសនីនៃប្រទេសអ៊ុយក្រែនក្នុងការប្រឈមនឹងការវាយប្រហារដែលមានធ្វើតទៅទៀត។
តាំងពីការចាប់ផ្តើមការលុកលុយពេញទំហឹងរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនមក ហើយជាពិសេសតាំងពីខែតុលាឆ្នាំ២០២២មក កងកម្លាំងសហព័ន្ធរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលធុន cruise មីស៊ីលផ្លោង និងយានអាកាសគ្មានមនុស្សបើកផ្តល់ឱ្យដោយប្រទេសអ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានហៅការបាញ់ផ្តក់ទាំងនេះថាជា«អំពើព្រៃផ្សៃ»។
លោកស្រីបានមានប្រសាសន៍ថា៖ «រុស្ស៊ីបានប្រើយានអាកាសគ្មានមនុស្សបើក UAVs របស់អ៊ីរ៉ង់ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយធ្វើឱ្យប្រជាជនស៊ីវិលអ៊ុយក្រែនរាប់លាននាក់គ្មានភ្លើងអគ្គិសនី កម្តៅ និងសេវាចាំបាច់នៅពាក់កណ្តាលរដូវត្រជាក់។ សព្វថ្ងៃនេះ ប្រជាជនអ៊ុយក្រែនរងទុក្ខវេទនា និងកំពុងស្លាប់ដោយសារការគាំទ្ររបស់អ៊ីរ៉ង់ដល់រុស្ស៊ី»។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID នឹងប្រើប្រាក់កាសនេះសម្រាប់ទិញគ្រឿងឧបករណ៍ចាំបាច់មានរួមម៉ាស៊ីនភ្លើងចល័តប្រើឧស្ម័នធម្មជាតិ autotransformers មានកម្លាំងខ្លាំង ប្រដាប់សម្រាប់ជួសជុលស្ថានីយ បែងចែកភ្លើងនិងកម្លាំងអគ្គិសនីបម្រុងសម្រាប់សេវាផ្តល់ទឹក និងធ្វើឱ្យមានកម្តៅនៅរដូវធ្លាក់ទឹកកក។
ទីភ្នាក់ងារ USAID បានផ្តល់ម៉ាស៊ីនភ្លើង១.៥៤៨គ្រឿងដល់ទូទាំងប្រទេសអ៊ុយក្រែន ដោយនឹងមានបន្ថែមច្រើនគ្រឿងថែមទៀត។ ម៉ាស៊ីនភ្លើងទាំងនេះធ្វើឱ្យប្រាកដប្រជាថា មានភ្លើងអគ្គិសនីនិងកម្ដៅសម្រាប់សាលារៀន មន្ទីរពេទ្យ មជ្ឈមណ្ឌលឱ្យក្រុមជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅខាងក្នុងប្រទេសស្នាក់អាស្រ័យ ក្រុមហ៊ុនផ្តល់កម្តៅនិងប្រព័ន្ធទឹក ប្រសិនបើនិងនៅពេលណាដែលបណ្តាញអគ្គិសនីត្រូវបានកាត់ផ្តាច់ដោយការវាយប្រហារតាមអាកាសដោយរុស្ស៊ី។
សហរដ្ឋអាមេរិកក៏បានបណ្ដាក់ទុន៥៥លានដុល្លារក្នុងហេដ្ឋារចនាសម្ព័ន្ធផ្តល់កម្តៅដើម្បីជួយប្រជាជនអ៊ុយក្រែននៅក្នុងរដូវធ្លាក់ទឹកកក។ ជំនួយនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ជនជាតិអ៊ុយក្រែន៧លាននាក់ ដោយគាំទ្រដល់ការជួសជុលនិងការថែរក្សាបំពង់ទឹកនិងគ្រឿងឧបករណ៍ឯទៀតៗ។
សហរដ្ឋអាមេរិកនៅតែប្តេជ្ញាគាំទ្ររដ្ឋាភិបាលនិងប្រជាជនអ៊ុយក្រែន ក្នុងការឆ្លើយតបនឹងសង្គ្រាមយ៉ាងឃោរឃៅរបស់សហព័ន្ធរុស្ស៊ីប្រឆាំងនឹងពួកគេ។ ទឹកប្រាក់១៣ពាន់លានដុល្លារនៃការគាំទ្រដោយផ្ទាល់របស់សហរដ្ឋអាមេរិកដល់រដ្ឋាភិបាលអ៊ុយក្រែនបានជួយរក្សាសេវាសំខាន់ៗរបស់រដ្ឋាភិបាលប្រទេសនេះ។ បន្ថែមលើនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌១.៩០០លានដុល្លារដល់មនុស្សច្រើនលាននាក់ ទាំងនៅក្នុងប្រទេសអ៊ុយក្រែននិងទាំងនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ដែលត្រូវបានបង្ខំឱ្យរត់គេចខ្លួនចេញពីផ្ទះសម្បែងនិងសហគមន៍របស់ពួកគេតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។
សហរដ្ឋអាមេរិកនឹងបន្តជួយក្រុមជនដែលរងគ្រោះទាំងនៅខាងក្នុងប្រទេសអ៊ុយក្រែននិងនៅខាងក្រៅព្រំដែនអ៊ុយក្រែន និងឧបត្ថម្ភផ្ចុងផ្ដើមការទទួលខុសត្រូវខ្ពស់សម្រាប់ពួកជនដែលរំលោភលើច្បាប់អន្តរជាតិនិងជួយសម្របសម្រួលសង្គ្រាមមិនត្រឹមត្រូវតាមច្បាប់និងអសីលធម៌នេះ៕