Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ពង្រីក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​ទាហាន Wagner Group


រូបឯកសារ៖ ផ្ទាំងគំនូរ​ដែល​ពណ៌នា​អំពី​ស្លាកសញ្ញា​នៃ​ក្រុម Wagner របស់​រុស្ស៊ី​នៅ​លើ​ជញ្ជាំង​មួយ។
រូបឯកសារ៖ ផ្ទាំងគំនូរ​ដែល​ពណ៌នា​អំពី​ស្លាកសញ្ញា​នៃ​ក្រុម Wagner របស់​រុស្ស៊ី​នៅ​លើ​ជញ្ជាំង​មួយ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហ​រដ្ឋ​អាមេរិក​កំពុង​ពង្រីក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម ​Wagner Group ​ដែល​ជា​អង្គការ​យោធា​គាំទ្រ​ដោយ​វិមាន​ក្រឹមឡាំង​ ដឹកនាំ​ដោយលោក​ Yevgeniy Prigozhin។ ​សមាជិក​ក្រុម​នេះ​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​និង​កន្លែង​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក។​

ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ផ្តោត​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​របស់​ក្រុម​ Wagner ​និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជួរមុខ​ ការ​ទាក់​ទងនឹង​អាជីវកម្មមាស ​និង​ពេជ្រ ​ប្រតិបត្តិការ​នៅ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​រុស្ស៊ី​ និង​អ្នក​គ្រប់គ្រង​តំបន់​កាន់​កាប់​ដោយ​រុស្ស៊ី​លើក​ទឹកដី​អ៊ុយក្រែន។​

លោក Antony Blinken រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​បាន​និយាយ​ថា៖ ​«សកម្ម​ភាព​នេះ​គាំទ្រ​ដល់​គោល​ដៅ​របស់​យើង​ក្នុង​ការ​បន្ថយ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន​ ​បង្កើន​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ​និង​ការ​រំលោភ​បំពាន​ដែល​ពាក់ព័ន្ធ ​និង​បន្ថែម​សម្ពាធ​លើ​វិស័យ​ការពារ​ជាតិ​របស់​រុស្ស៊ី»។ ​

យោង​តាម​សេតវិមាន​ ​ក្រុម​ Wagner Group ​ត្រូវ​គេ​រាយ​ការណ៍​ថា​ បាន​ពង្រាយ​បុគ្គលិក​ចំនួន ៥០.០០០​ នាក់​ នៅ​ប្រទេស​អ៊ុយក្រែន​ រួម​ទាំង​បុគ្គលិក​ជាប់​កិច្ចសន្យាចំនួន ​១០.០០០ ​នាក់​ និង​អ្នកទោស​ចំនួន ​៤០.០០០​ នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​ពន្ធនាគារ​របស់​ប្រទេស​រុស្ស៊ី។ ​ទណ្ឌកម្ម​ដែល​ប្រកាស​ថ្មីៗ​របស់​ក្រសួង​ការ​បរទេស​រួម​បញ្ចូល​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ជាច្រើន​របស់ ​ក្រុម ​Wagner ​ រួម​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ប្រើ​ប្រាស់​ដោយ​ក្រុម​ Wagner អង្គការ​ឃោសនា​ Wagner​ និង​ក្រុមហ៊ុន​ឈាន​មុខរបស់​ Wagner។​

លើស​ពី​នេះ ​ក្រសួង​ការ​បរទេស​ស.រ.អ.​បាន​ប្រកាស​វិធាន​ការ​ដាក់​កំហិត​ទិដ្ឋាការ​លើ​សមាជិក​ចំនួន​ ៥៣១​ រូប​នៃ​យោធា​សហ​ព័ន្ធ​រុស្ស៊ី ​ប្រឆាំង​សកម្ម​ភាព​ដែល​គំរាម​កំហែង​ដល់​អធិប​តេយ្យភាព ​បូរណ​ភាព​ទឹកដី ​ឬ​ឯករាជ្យ​ភាព​នយោបាយ​របស់​អ៊ុយក្រែន។​

បច្ចុប្បន្ន​នេះ ​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ.​បាន​កំណត់​ថា ​ក្រុម​ Wagner Group ជាអ្នក​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ហិង្សាលើ​ជន​ស៊ីវិល​នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល ​ដែល​នេះ​ជា​ហេតុផល​មួយ​ដែរ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត។​

ជា​លើក​ដំបូង​ហើយ​ ​ដែល​សហ​រដ្ឋ​អាមេរិក​បាន​កំណត់​ថា​ ក្រុម ​Wagner ​ជា​អង្គការ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដ៏​សំខាន់​ ដោយ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​លើ​ក្រុម​នេះ។ ​ ក្រសួង​ហិរញ្ញ​វត្ថុ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «បុគ្គលិក ​Wagner​ បាន​ចូលរួម​នៅ​ក្នុង​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ រួម​ទាំង​ការ​សម្លាប់​រង្គាល ​ការ​រំលោភ ​ការ​ចាប់​ពង្រាត់​កុមារ​ និង​ការ​រំលោភ​បំពាន​លើ​រាងកាយ​នៅ​ក្នុង​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល ​និង​ប្រទេស​ម៉ាលី»។​

ការ​ពង្រីក​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុម ​Wagner ​ជា​ការ​ទទួល​ស្គាល់​ថា​ ក្រុម​នេះ​បាន​ក្លាយ​ជា​ក្រុម​គំរាម​កំហែង​ឆ្លង​ទ្វីប​ដែល​ រួមទាំង​នៅ​អាហ្វ្រិក​ និង​ជ្រើសរើស​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​លោក​ Blinken ​បាន​និយាយ​ថា ​«សហ​រដ្ឋ​អាមេរិក​ប្រកាន់​ជំហរ​មិន​ងាករេ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ​និង​សកម្មភាព​បង្ក​អស្ថិរភាព​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក»៕

XS
SM
MD
LG