តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អនុប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te បានទទួលជ័យជម្នះដាច់ណាត់នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៃកោះតៃវ៉ាន់កាន់លទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃទី ១៣ ខែមករា។ ជ័យជម្នះនេះកំណត់លើកទីបីបន្តបន្ទាប់គ្នាដែលគណបក្សប្រជាធិបតេយ្យចម្រើននិយមដែលជាគណបក្សគ្រប់គ្រងប្រទេសត្រូវបានជ្រើសរើសឱ្យគ្រប់គ្រងកោះនេះ។ លោក Lai បានទទួលសន្លឹកឆ្នោតគាំទ្រ៤០ភាគរយក្នុងការប្រកួតប្រជែងមានបេក្ខជនបីនាក់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសរសើរលោក Lai Ching-te នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លោកបាននិយាយថា «យើងក៏សរសើរប្រជាពលរដ្ឋតៃវ៉ាន់ម្តងទៀតដែលបង្ហាញអំពីកម្លាំងនៃប្រព័ន្ធប្រជាធិបតេយ្យមាំទាំរបស់ពួកគេ និងដំណើរការបោះឆ្នោត»។
ការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែមករា ជាការបោះឆ្នោតលើកទី៨ដែលប្រជាពលរដ្ឋតៃវ៉ាន់ជ្រើសរើសប្រធានាធិបតីពួកគេតាមរយៈការបោះឆ្នោតដោយផ្ទាល់។ ការបោះឆ្នោតប្រធានាធិបតីលោកទីមួយបានធ្វើកាលពីឆ្នាំ១៩៩៦ ក្រោយពីតៃវ៉ាន់ធ្វើអន្តរកាលជាលំដាប់ពីរបបអត្តាធិបតេយ្យទៅកាន់អភិបាលកិច្ចប្រជាធិបតេយ្យ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងអង្គការសិទ្ធិមនុស្សអន្តរជាតិនានាបានផ្តល់ពិន្ទុខ្ពស់ឱ្យតៃវ៉ាន់ចំពោះការប្តេជ្ញាជាច្រើនទសវត្សរ៍មកហើយរបស់ខ្លួនដល់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា៖ «ភាពដៃគូរវាងពលរដ្ឋអាមេរិកាំងនិងពលរដ្ឋតៃវ៉ាន់មានឫសគល់ក្នុងគុណតម្លៃប្រជាធិបតេយ្យ បន្តពង្រីកនិងពង្រឹងនូវចំណងទាក់ទងគ្នាទាំងខាងសេដ្ឋកិច្ច វប្បធម៌ និងទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ»។
លោកបានគូសបញ្ជាក់ការប្តេជ្ញាដោយសហរដ្ឋអាមេរិក«ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងដោះស្រាយដោយសន្តិវិធីនូវការខ្វែងគំនិតគ្នាដោយគ្មានការបង្ខិតបង្ខំនិងសម្ពាធ»។ លោករដ្ឋមន្ត្រី Blinken បានបន្ថែមថា «យើងនឹងធ្វើការជាមួយលោកបណ្ឌិត Lai និងពួកមេដឹកនាំតៃវ៉ាន់នៃគណបក្សទាំងអស់ដើម្បីជំរុញផលប្រយោជន៍និងគុណតម្លៃដូចគ្នារបស់យើងនិងរឹតចំណងទាក់ទងគ្នាមិនផ្លួវការនិងយូរយាមកហើយរបស់យើង ដោយសមស្របតាមគោលនយោបាយអាមេរិកាំង គឺគោលនយោបាយប្រទេសចិនតែមួយ ដូចដែលត្រូវណែនាំដោយច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ សេចក្តីថ្លែងការណ៍រួមបី និងការធានារ៉ាប់រងប្រាំមួយ។ យើងមានទំនុកចិត្តថា កោះតៃវ៉ាន់នឹងបន្តបម្រើការជាឧទាហរណ៍មួយសម្រាប់ប្រទេសទាំងឡាយណាដែលប្រឹងប្រែងដើម្បីសេរីភាព លទ្ធិប្រជាធិបតេយ្យ និងភាពសំបូររុងរឿង»៕