តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីការរំសាយអាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរកាលពីនៅដើមឆ្នាំនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានថ្លែងថា៖ «ក្របខ័ណ្ឌពិភពលោកដែលបានទប់ស្កាត់អាវុធនុយក្លេអ៊ែរអស់រយៈពេលជាច្រើនឆ្នាំមកនេះកំពុងស្ថិតក្នុងក្រោមសម្ពាធកាន់តែខ្លាំងឡើង»។ អ្នកស្រីបានចង្អុលបង្ហាញអំពីការពង្រីកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយគ្មានហេតុផលផ្នែកស៊ីវិលគួរឱ្យទុកចិត្តបាន វោហាសាស្ត្រអំពីនុយក្លេអ៊ែរដ៏គ្រោះថ្នាក់របស់រុស្ស៊ីនិងការបរាជ័យក្នុងការអនុលោមតាមកាតព្វកិច្ចគ្រប់គ្រងអាវុធរបស់ខ្លួន ការបាញ់មីស៊ីលជាច្រើនគ្រាប់របស់កូរ៉េខាងជើងដើម្បីសាកល្បងប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរ និងការសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស និងដែលពន្លឺមិនអាចចាំងចូលបានរបស់សាធារណរដ្ឋប្រជាមានិតចិន។
ឥឡូវនេះ សាធារណរដ្ឋប្រជាមានិតចិន កំពុងរួមចំណែកដល់ការធ្វើឱ្យកាន់តែបែកបាក់ថែមទៀតនៃរបបដែលមិនរីកសាយភាយអាវុធនៅក្នុងសាកលលោក។ កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅនេះ ប្រទេសចិនបានប្រកាសថា ខ្លួនបានផ្អាកការចរចាអំពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ ប្រទេសទាំងពីរបានបើកកិច្ចពិភាក្សាជុំទីមួយនៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់ពួកគេនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបានផ្អាកអស់រយៈពេលប្រាំឆ្នាំ។ នៅពេលនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការចូលរួមដូចនេះ«ដើម្បីលើកកម្ពស់ស្ថិរភាព ជួយទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធដោយគ្មានការរារាំង និងគ្រប់គ្រងការប្រកួតប្រជែងដើម្បីបញ្ចៀសកុំឱ្យមានការប៉ះទង្គិចគ្នា»។
អ្នកនាំពាក្យក្រសួងការបរទេសរបស់រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកត្រូវបានផ្អាកដោយសារតែសហរដ្ឋអាមេរិកលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិន បានបង្កើនសកម្មភាពឈ្លានពានប្រឆាំងនឹងកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។ ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ សហរដ្ឋអាមេរិកបានបង្កើតទិន្នន័យបច្ចេកវិទ្យា និងសេវាកម្មការពារជាតិតាមការចាំបាច់ ដើម្បីឱ្យកោះតៃវ៉ាន់អាចរក្សាសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានហៅការផ្អាកការចរចាអំពីនុយក្លេអ៊ែរដោយសាធារណរដ្ឋប្រជាមានិតចិនថា «ជារឿងអកុសល»។
លោក Matthew Miller បានថ្លែងថា៖ «ប្រទេសចិនសម្រេចចិត្តធ្វើតាមការដឹកនាំរបស់រុស្ស៊ីក្នុងការអះអាងថា ការចូលរួមក្នុងការគ្រប់គ្រងអាវុធមិនអាចដំណើរការបានទេ នៅពេលដែលមានបញ្ហាប្រឈមផ្សេងទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី។ យើងគិតថា វិធីសាស្ត្រនេះបំផ្លាញស្ថិរភាពយុទ្ធសាស្ត្រ។ វាបង្កើនហានិភ័យដល់ការប្រណាំងប្រជែងផ្នែកសព្វាវុធ។ យើងបានខិតខំប្រឹងប្រែងដើម្បីពង្រឹងការការពារសម្ពន្ធមិត្ត និងដៃគូរបស់យើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយយើងនឹងបន្តខិតខំប្រឹងប្រែងលើកិច្ចការទាំងនោះ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងរបស់ចិនចំពោះសន្តិសុខរបស់សម្ពន្ធមិត្ត និងដៃគូរបស់យើង»។
លោក Matthew Miller បានថ្លែងបន្ថែមទៀតថា៖ «ជាអកុសល ដោយសារការផ្អាកការចរចាទាំងនេះ ប្រទេសចិនបានសម្រេចមិនបន្តកិច្ចខិតខំប្រឹងប្រែងដែលនឹងគ្រប់គ្រងហានិភ័យជាយុទ្ធសាស្ត្រ និងការរារាំងមិនឱ្យមានការប្រណាំងប្រជែងផ្នែកសព្វាវុធដែលអាចបង្កឱ្យមានបញ្ហាធំ។ ក៏ប៉ុន្តែ យើងនៅក្នុងសហរដ្ឋអាមេរិកនឹងនៅតែបើកចំហក្នុងការអភិវឌ្ឍ និងអនុវត្តវិធានការដ៏រឹងមាំក្នុងការកាត់បន្ថយហានិភ័យជាមួយប្រទេសចិន។ ទោះជាយ៉ាងនេះក៏ដោយ លោក Miller បានថ្លែងបន្ថែមថា៖ «វាទាមទារឱ្យសាធារណរដ្ឋប្រជាមានិតចិន មានឆន្ទៈក្នុងការគ្រប់គ្រងលើហានិភ័យជាយុទ្ធសាស្រ្តផងដែរ»៕