Accessibility links

Breaking News

បទវិចារណកថា៖ សិទ្ធិ​មនុស្ស គឺជា​ស្នូល​នៃ​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែងសុន្ទរកថា​តាម​រយៈ​វីដេអូ​ក្នុង​សម័យ​ប្រជុំ​លើកទី៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ទីក្រុង​ហ្សឺណែវ។
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែងសុន្ទរកថា​តាម​រយៈ​វីដេអូ​ក្នុង​សម័យ​ប្រជុំ​លើកទី៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ទីក្រុង​ហ្សឺណែវ។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ជឿ​ថា សិទ្ធិ​មនុស្ស​គួរ​ត្រូវ​ការពារ អ្នក​ការពារ​សិទ្ធិ​មនុស្ស​គួរ​ត្រូវ​សរសើរ ហើយ​អ្នក​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken នៅចំពោះមុខក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

លោក Blinken ថ្លែង​ដូច្នេះ​ថា៖ «ដូច​ដែល​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស​បាន​បង្ហាញ សិទ្ធិ​មនុស្ស​ទាំង​អស់​មាន​លក្ខណៈ​ជា​សាកល មិន​អាច​កាត់ផ្ដាច់​បាន អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក Blinken បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​ចាត់ទុក​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ជា​គោល​គ្រឹះ​នៃ​នយោបាយ​ការបរទេស​របស់​យើង ដោយសារតែ​វា​មាន​សារៈសំខាន់​សម្រាប់​សន្តិភាព​និង​ស្ថិរភាព។ ការ​ប្ដេជ្ញា​នេះ​ គឺ​ម៉ឺងម៉ាត់ និង​មាន​ឫសគល់​នៅ​ក្នុង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​យើង​ក្នុង​នាម​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ ទោះបីជា​ការ​ប្ដេជ្ញា​របស់​យើង​មិន​បាន​ល្អ​ឥតខ្ចោះ​ និង​ជា​រឿយៗ​មិន​បាន​បំពេញ​ឲ្យ​បាន​ពេញលេញ​តាម​ឧត្តមគតិ​ផ្ទាល់​ខ្លួន​របស់​យើង​ក៏ដោយ ក៏​យើង​តែងតែ​ប្រឹងប្រែង​ឲ្យ​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ មាន​ការ​គោរព និង​មាន​ភាព​សេរី»។

វា​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បងៗ​ផ្សេង​ទៀត​ផងដែរ ដែល​សហរដ្ឋ​អាមេរិក​ មាន​បំណង​ចង់​ស្វែងរក​ការ​គាំទ្រ​ឲ្យ​បាន​កាន់កាប់​អាសនៈ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៤។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា៖ «យើង​នឹង​ផ្ដោត​លើ​ការ​ធានា​ថា សមាជិក​ភាព​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ស្ដង់ដារ​ខ្ពស់​សម្រាប់​ការ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​សិទ្ធិ​មនុស្ស។ អ្នក​ដែល​មាន​ប្រវត្តិ​អាក្រក់​ផ្នែក​សិទ្ធិ​មនុស្ស​មិន​គួរ​ធ្វើជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ទេ។ យើង​ត្រូវតែ​ធ្វើការ​ទាំង​អស់​គ្នា​ដើម្បី​លើក​កម្ពស់​កិច្ចការ និង​សមាជិក​ភាព​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ ដើម្បី​ឲ្យ​ក្រុម​ប្រឹក្សា​នេះ​ អាច​ធ្វើ​កិច្ចការ​បាន​ច្រើន​ជាង​នេះ​ទៀត ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​របស់​មនុស្ស​ទូទៅ​នៅ​ជុំវិញ​ពិភពលោក»។

ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ជា​ច្រើន ​បាន​កោត​សរសើរ​ចំពោះ​ការ​ការពារ​សិទ្ធិ​មនុស្ស ទោះបីជា​ពួកគេ ​បាន​បង្អាក់​ដល់​គុណ​តម្លៃ​ដែល​អង្គការ​សហប្រជាជាតិ​ផ្អែក​លើ​ពេល​បង្កើត​ឡើង​ដំបូង​ក៏ដោយ។

លោក Blinken បាន​និយាយ​ថា៖ «យើង​ម្នាក់ៗ​ក្នុង​ឋានៈ​ជា​បុគ្គល​ទទួល​បាន​នូវ​សិទ្ធិ​មនុស្ស ហើយ ...រដ្ឋ​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​នោះ»។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អ្នក​ដែល​មាន​បំណង​បំផ្លាញ​សិទ្ធិ​មនុស្ស​នៅ​ក្រោម​ស្លាក​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ផងដែរ។ យើង​នឹង​បន្ត​រិះគន់​ជា​សាធារណៈ​លើ​ការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​វ៉េណេស៊ុយអេឡា នីការ៉ាហ្គា គុយបា និង​អ៊ីរ៉ង់​ជាដើម។ យើង​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​អំពាវនាវ​របស់​យើង​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ដោះលែង​ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ​នូវ​លោក Alexei Navalny និង​ពលរដ្ឋ​រុស្ស៊ី​រាប់​រយ​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​សម្រាប់​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន។ យើង​នឹង​និយាយ​គាំទ្រ​គុណតម្លៃ​ជា​សាកល​នានា នៅ​ពេល​ដែល​មាន​ការ​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​នៅ​តំបន់ Xinjiang ឬ​ក៏​នៅ​ពេល​ដែល​មាន​ការ​បំផ្លិចបំផ្លាញ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង»។

លោក Blinken បាន​បន្ត​ថា៖ «សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ពេញ​ទំហឹង​ចំពោះ​ការ​ការពារ​និង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ជា​សាកល»។

លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ទន្ទឹង​រង់ចាំ​ធ្វើការ​រួម​គ្នា​ជាមួយ​នឹង​មិត្តភក្ដិ​និង​ដៃគូ​នានា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ និង​នៅ​ក្នុង​សហគមន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​មកពី​គ្រប់​តំបន់​ទាំង​អស់ ដើម្បី​ធានា​ថា ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​គោរព​តាម​អាណត្តិ​របស់​ខ្លួន និង​រួម​ចំណែក​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក»៕

XS
SM
MD
LG