Accessibility links

Breaking News

បទវិចារណកថា៖ ស្ត្រី​គឺ​ជា​គន្លឹះ​ក្នុង​ការស្តារ​សេដ្ឋកិច្ច​របស់​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ស្ត្រី​អាហ្វហ្គានីស្ថាន​តវ៉ា​ទាមទារ​សិទ្ធិ។
រូបឯកសារ៖ ស្ត្រី​អាហ្វហ្គានីស្ថាន​តវ៉ា​ទាមទារ​សិទ្ធិ។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រជាជន​អាហ្វហ្គានីស្ថាន​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​និង​សេដ្ឋកិច្ច​ដែល​កើត​ឡើង​ដោយសារ​ជម្លោះ​ជាច្រើន​ទសវត្សរ៍ គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ ជំងឺ​កូវីដ១៩ និង​អំពើ​ពុករលួយ​រ៉ាំរ៉ៃ។ ការ​គាប​សង្កត់​និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​របស់​ក្រុម​តាលីបង់ (Taliban) បាន​ធ្វើ​ឱ្យ​បញ្ហា​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ជា​យូរ​អង្វែង។

ជាក់ស្តែង បើ​យោង​តាម​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ក្រុម​តាលីបង់​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​រយៈពេល ១០ ឆ្នាំ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ត្រឡប់​ថយ​ក្រោយ​ក្នុង​រយៈពេល​ត្រឹមតែ ១២ ខែ​ប៉ុណ្ណោះ ហើយ​ការ​រឹត​បន្តឹង​របស់​ពួកគេ​លើ​ស្ត្រី​អាច​បណ្តាល​ឱ្យ​មាន​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ព្រមាន​របស់​ទីប្រឹក្សា​អង្គការ​សហប្រជាជាតិ​លោក John Kelly។

គន្លឹះ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​សមាជិក​ទាំងអស់​នៅ​ក្នុង​សង្គម រួម​ទាំង​ស្ត្រី​និង​កុមារី​ផងដែរ។ ប៉ុន្តែ​ទីប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​លោក Kelly បាន​និយាយ​ថា៖ «ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា ក្រុម​តាលីបង់​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ចំពោះ​សិទ្ធិ​សេរីភាព​នានា​សម្រាប់​ជនជាតិ​អាហ្វហ្គានីស្ថាន​ទាំងអស់ ជាពិសេស​សម្រាប់​ស្ត្រី​និង​កុមារី»។

កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​តាលីបង់​បាន​ចាត់​វិធានការ​ដើម្បី​រារាំង​ស្ត្រី​អាហ្វហ្គានីស្ថាន​មិន​ឱ្យ​ទៅ​ឧទ្យាន កន្លែង​ហាត់​ប្រាណ និង​កន្លែង​ងូតទឹក​សាធារណៈ ដែល​ទាំងអស់​នេះ​គឺ​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ប្រព័ន្ធ​ក្នុង​ការ​កំណត់​ការ​ចូលរួម​របស់​ស្ត្រី​នៅក្នុង​សង្គម​អាហ្វហ្គានីស្ថាន។

ការ​រឹត​បន្តឹង​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ស្ត្រី​មួយ​ជំនាន់​ទៀត​បាត់បង់​នូវ​ក្ដី​រំពឹង​របស់​ពួកគេ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​និង​នៅ​ក្នុង​ការ​រួម​ចំណែក​ដល់​សហគមន៍​របស់​ខ្លួន។ បើ​គ្មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​សំណាក់​ស្ត្រី​នៅ​ក្នុង​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន​ទេ អាហ្វហ្គានីស្ថាន​នឹង​មិន​អាច​ងើប​ឡើង​វិញ​ទាំងស្រុង​នោះ​ឡើយ។ នៅ​ពេល​ដែល​ស្ត្រី​ត្រូវ​បាន​កាត់​ផ្ដាច់​ចេញ​ពី​កម្លាំង​ពលកម្ម នោះ​មាន​ន័យ​ថា​សង្គម​បាត់បង់​ទេពកោសល្យ​និង​ផលិតភាព​ក្នុង​ចំនួន​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​ទាំងអស់​របស់​ប្រទេស។

ទីប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​លោក Kelly បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​ស្ត្រី​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ នោះ​ពួកគេ​អាច​ជា​ទីពឹង​អាស្រ័យ​របស់​គ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​ភាព​ក្រីក្រ​បាន។ ពួកគេ​អាច​ជួយ​បង្កើត​សហគមន៍​ដែល​មាន​ស្ថិរភាព​និង​មាន​ភាព​ធន់​ជាង​មុន នៅ​ចំ​ពេល​ដែល​គេ​ត្រូវការ​សហគមន៍​ដូច​នេះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។

កាលពី​ខែ​កញ្ញា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​អំពី​ការចាប់ផ្តើម​នៃ​សម្ពន្ធភាព​សម្រាប់​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​ស្ត្រី​អាហ្វហ្គានីស្ថាន (Alliance for Afghan Women's Economic Resilience)។ សម្ពន្ធភាព​នេះ​គឺជា​ភាព​ជា​ដៃគូ​រវាង​សាធារណៈ​និង​ឯកជន​ដែល​មាន​គោល​បំណង​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​នូវ​កម្លាំង​ពលកម្ម​របស់​ស្ត្រី​អាហ្វហ្គានីស្ថាន ភាព​ជា​សហគ្រិន និង​ការ​អប់រំ។ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១ លាន ៥ សែន​ដុល្លារ​ដល់​អង្គការ​មួយ​ដែល​នឹង​គាំទ្រ​ដល់​ភាព​ជា​សហគ្រិន​របស់​ស្ត្រី។

កាលពី​ខែ​សីហា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​ការ​ប្តេជ្ញាចិត្ត​នៅ​ក្នុង​ការ​ចំណាយ​ប្រាក់​ចំនួន ៣០ លាន​ដុល្លារ​ដើម្បី​គាំទ្រ​សមភាព​យេនឌ័រ​និង​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ជា​ការពិត សហរដ្ឋ​អាមេរិក​នៅតែ​វិនិយោគ​លើ​អនាគត​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​គាំទ្រ​ប្រទេស​អាហ្វហ្គានីស្ថាន​មួយ​ដែល​មាន​ស្ថិរភាព វិបុលភាព និង​ពឹងផ្អែក​លើ​ខ្លួន​ឯង​បាន និង​ដែល​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​របស់​ខ្លួន៕

XS
SM
MD
LG