បទវិចារណកថា៖ ការគ្រប់គ្រង​ការប្រកួតប្រជែង​និង​ទំនាក់ទំនងគ្នា​ជាមួយ​នឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន

រូបឯកសារ៖ ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក Xi Jinping (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden។

ត​ទៅ​នេះ​ គឺ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ខែ​វិច្ឆិកា​គឺ​ជា​ខែ​ដ៏​សំខាន់​មួយ​សម្រាប់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

កាល​ពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក Xi Jinping បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ចាប់​តាំង​ពី​មេដឹកនាំ​ទាំង​ពីរ​បាន​ឡើង​កាន់​តំណែង​មក។ ​
ក្នុង​អំឡុងពេល​នៃ​ជំនួប​នោះ លោក​ប្រធានាធិបតី Biden បាន​ពន្យល់​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ដ​ប្រកួតប្រជែង​យ៉ាង​ក្លៀវក្លា​ជាមួយ​នឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ហើយ​លោក​បាន​លើកឡើង​ជាថ្មី​ម្ដង​ទៀត​ថា ការ​ប្រកួត​ប្រជែង​គ្នា​នេះ​មិន​ត្រូវ​ក្លាយ​ទៅ​ជា​ជម្លោះ​នោះ​ទេ។ លោក​ប្រធានាធិបតី Biden បានសង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​ដែល​ថា សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិនត្រូវ​តែ​រក្សា​ការ​ទំនាក់ទំនង​ឱ្យ​នៅ​បើក​ចំហ ហើយ​មេដឹកនាំ​ទាំង​ពីរ​នាក់​ក៏​បាន​ព្រមព្រៀង​គ្នា​ផ្ដល់​អំណាច​ដល់​មន្ត្រី​ជាន់​ខ្ពស់​សំខាន់ៗ​ដើម្បី​ពង្រឹង​ឱ្យ​កាន់​តែ​ជ្រាលជ្រៅ​នូវ​កិច្ចប្រឹងប្រែង​បែប​ស្ថាបនា​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដែល​ផ្ដល់​ផល​ប្រយោជន៍​រួម។ ​

ចាប់​តាំង​ពី​ជំនួប​នោះ​មក មាន​ជំនួបជាន់​ខ្ពស់មួយ​ចំនួន​រវាង​ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​នេះ។ នៅ​ក្នុង​ជំនួប​តតាំងគ្នា​ម្តងៗ ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវការ​សម្រាប់​ទំនាក់ទំនង​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

កាល​ពី​ថ្ងៃទី ១៨ ខែវិច្ឆិកា អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris បាន​ជួប​រយៈពេល​ខ្លី​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi នៅ​ក្នុង​ជំនួប​ដោយ​ឡែកពី​កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ ឬ APEC នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ។

ក្រៅ​ពី​នេះ​ទៀត នៅ​ក្នុង​ជំនួប​បន្ទាប់បន្សំ​ពី​កិច្ចប្រជុំ APEC កាល​ពី​ថ្ងៃទី ១៨ ខែវិច្ឆិកា អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អ្នកស្រី Katherine Tai បាន​ជួប​ជាមួយ​នឹង​សមភាគី​របស់​អ្នកស្រី​គឺ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក Wang Wentao នៅ​ក្នុង​ជំនួប​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​រវាង​មន្ត្រី​ជាន់ខ្ពស់​ទាំង​ពីរ។ ក្រៅ​ពី​ពិភាក្សា​គ្នា​លើ​ពាណិជ្ជកម្ម​ទ្វេភាគី ​អ្នកស្រី​ឯកអគ្គរដ្ឋទូត Tai បាន​ចែករំលែក​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី Wang នូវ​ទស្សនៈ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចប្រជុំ APEC ដែល​សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ ២០២៣ ខាង​មុខ​នេះ។​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​មក កាល​ពី​ថ្ងៃទី ២២ ខែវិច្ឆិកា​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក Wei Fenghe នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុងពេល​មាន​កិច្ចប្រជុំ​ដោយឡែក​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​។ យោង​តាម​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក មេដឹកនាំ​ទាំងពីរ​នាក់​នេះ​បាន​ពិភាក្សា​គ្នា​អំពី​សារៈសំខាន់​នៃ​«កិច្ចសន្ទនា​លើបញ្ហា​ជាក់​លាក់​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​និង​ការ​ពង្រឹង​ប្រតិបត្តិការ​សុវត្ថិភាព»។ ​

លោក​រដ្ឋមន្ត្រី Austin «បាន​លើកឡើង​ពី​កង្វល់​អំពីឥរិយាបថ​កាន់​តែ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​យន្ដហោះ​ចម្បាំង​របស់​កងទ័ព​រំដោះ​ប្រជាជន PLA នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់»។
លោក​រដ្ឋមន្ត្រី Austin ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវការ​ក្នុង​ការ​គ្រប់គ្រង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ទៅ​លើ​ការ​ប្រកួតប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ឥឡូវ​នេះ​កំពុង​តែ​មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «មេដឹកនាំ​ពិភពលោក ​រំពឹង​ឱ្យ​យើង​គ្រប់គ្រង​ទំនាក់ទំនង​របស់​យើង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ហើយស្វែងរក​មធ្យោបាយនានា​ដើម្បី​ធ្វើ​កិច្ចប្រតិបត្តិការ​ផង​ដែរ» ដោយ​រួម​មាន​ទាំង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដូចជា​បញ្ហា​អាកាសធាតុ បញ្ហា​សុខភាព​ជាសាកល​ និង​ម៉ាក្រូសេដ្ឋកិច្ច​ជាដើម។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា៖ «វា​គឺ​ជា​ការ​ចាំបាច់ មិនត្រឹម​តែ​ដើម្បី​ឱ្យ​ជីវិត​របស់​ប្រជាជន​របស់​យើង​ប្រសើរ​ជាងមុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ»៕