បទវិចារណកថា៖ ការជំរុញ​ឱ្យ​មាន​ការទទួល​ខុសត្រូវ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​គុយបា

សាច់ញាតិ​ បង្ហាញ​រូប​ថត​របស់​បងប្អូន​បង្កើត​បី​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល នៅ​ផ្ទះ​របស់​ពួក​គេ​ក្នុង​សង្កាត់ La Guinera នៃ​ទីក្រុង Havana ប្រទេស​គុយបា កាលពី​ថ្ងៃ​ពុធ ទី១៩ ខែ​មករា ឆ្នាំ​២០២២។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ចាត់​វិធានការ​ដើម្បី​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​គុយបា​ចំនួន ៨ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​ប៉ុនប៉ង​បំបិទ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​គុយបា តាមរយៈ​ការ​គំរាមកំហែង ការ​ចាប់​ដាក់​ឃុំ​ដោយ​អយុត្តិធម៌ និង​ការ​កាត់ទោស​ធ្ងន់ធ្ងរ។

អ្នក​តវ៉ា​រាប់​រយ​នាក់​នៅ​ទូទាំង​ប្រទេស​គុយបា ​នៅ​ជាប់​ក្នុង​ពន្ធនាគារ​នៅឡើយ តាំងពី​ពេល​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ​មុន​មក។ ក្នុង​នោះ អ្នក​ខ្លះ​មាន​ស្ថានភាព​សុខភាព​កាន់តែ​យ៉ាប់យ៉ឺន និង​មិន​មាន​លទ្ធភាព​ទទួល​បាន​ម្ហូប​អាហារ​បរិភោគ​សមរម្យ ថ្នាំ​សង្កូវ ការ​ហៅ​ទូរស័ព្ទ ឬក៏​ការ​សួរ​សុខទុក្ខ​ពី​សំណាក់​ក្រុម​គ្រួសារ​ ឬ​មេធាវី​របស់​ពួកគេទេ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​អនុវត្ត​វិធានការ​មាន​គោលដៅ​ទាំងនេះ​ស្រប​ទៅតាម​សេចក្ដី​ប្រកាស​របស់​ប្រធានាធិបតី​លេខ ៥៣៧៧។ សេចក្ដី​ប្រកាស​នោះ​ តម្រូវ​ឱ្យ​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ទាំងអស់​ក្នុង​លក្ខណៈ​មិន​មែន​អន្តោប្រវេសន៍​លើ​មន្ត្រី​ និង​បុគ្គលិក​របស់​រដ្ឋាភិបាល​គុយបា​ និង​គណបក្ស​កុម្មុយនីស្ត​របស់​គុយបា។

បុគ្គល​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ទាំង ៨ នាក់​នេះ​ ក៏​រួម​មាន​ទាំង​មន្ត្រី​រដ្ឋាភិបាល​គុយបា​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការ​ចាប់​ឃាត់​ខ្លួន ការ​កាត់ទោស និង​ការ​ដាក់​ពន្ធនាគារ​លើ​ក្រុម​អ្នក​តវ៉ា​កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ​មុន​ផងដែរ។

សម្រាប់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ​នោះ រដ្ឋាភិបាល​គុយបា​ បាន​ដាក់​កំហិត​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដោយ​មាន​បំណង​កាត់ទោស​អ្នក​ទាំងនោះ​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០ ឆ្នាំ។

គេ​បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​ឃុំ​ខ្លួន​លោក Luis Manuel Otero Alcantara លោក Maykel Osorbo និង​លោក Jose Daniel Ferrer ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​ទាំងនោះ​ កំពុង​ជាប់​ពន្ធនាគារ ដោយសារតែ​ពួកគេ​ បាន​ជួយ​ជំរុញ​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​គុយបា​នៅក្នុង​ការ​ចង់​បាន​សេរីភាព។

កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​មុន របប​គ្រប់គ្រង​គុយបា​ បាន​បញ្ជូន​កង​កម្លាំង​សន្តិសុខ​ និង​ក្រុម​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទៅ​សម្លុត​លោក Yunior Garcia ដែល​ជា​អ្នក​និពន្ធ​រឿង។ លោក Yunior Garcia បាន​ចូលរួម​នៅក្នុង​ការ​ចរចា​ជាមួយ​នឹង​ក្រសួង​វប្បធម៌​គុយបា​កាលពី​ឆ្នាំ ២០២០ និង​បាន​រៀបចំ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​ទៀត។ ចាប់​តាំងពី​ពេល​នោះ​មក លោក​ និង​ក្រុម​គ្រួសារ​របស់​លោក​ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អេស្ប៉ាញ។

ប្រជាពលរដ្ឋ​គុយបា ​បាន​ស្នើ​រដ្ឋាភិបាល​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​ស្ដាប់​តាម​ការ​អំពាវនាវ​របស់​ពួកគេ​ដែល​ចង់​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស សេរីភាព​បញ្ចេញ​មតិ សេរីភាព​ជួបជុំ​គ្នា និង​លទ្ធិ​ប្រជាធិបតេយ្យ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «រាល់​ពេល​ទាំងអស់ របប​គ្រប់គ្រង [គុយបា] បាន​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​សម្រាប់​ការ​ចរចា ដោយ​របប​នេះ ​បាន​ពង្រឹង​នូវ​មនោគមន៍​វិជ្ជា​គ្មាន​តម្លៃ​ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​បរាជ័យ ដែល​មិន​អាច​បំពេញ​តាម​តម្រូវការ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​គុយបា​បាន»។

វិធានការ​ដាក់​កំហិត​ទិដ្ឋាការ​លើក​នេះ​ គឺជា​ការ​ពង្រឹង​ដល់​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​គាំទ្រ​ប្រជាពលរដ្ឋ​គុយបា និង​ការ​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​គុយបា​ណា​ដែល​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ប្រមាថ​របស់​របប​គ្រប់គ្រង​គុយបា​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស។

វិធានការ​ទាំងនេះ ​ជួយ​បំពេញ​បន្ថែម​ដល់​ឥទ្ធិពល​របស់​ទណ្ឌកម្ម​ចំនួន ៤ ដែល​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ បាន​ដាក់​តាំងពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ​មុន​មក និង​ការ​ប្រកាស​របស់​ក្រសួង​ហិរញ្ញវត្ថុ​នេះ ​កាលពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ​មុន អំពី​ការ​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​គុយបា ៩ នាក់។

សហរដ្ឋ​អាមេរិក​នៅ​បន្ត​ប្រើ​គ្រប់​មធ្យោបាយ​សមរម្យ​ទាំងអស់​ទាំង​ផ្នែក​ការទូត​ និង​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ និង​គាំទ្រ​ដល់​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​គុយបា​ដែល​ចង់​ឱ្យ​មាន​សេរីភាព​និង​ការ​ទទួល​ខុសត្រូវ៕