បទវិចារណកថា៖ ការបំបាត់​សេរីភាព​សារព័ត៌មាន​នៅក្នុង​ទីក្រុង​ហុងកុង

លោក Ryan Law (ទី២ រាប់ពីស្តាំ) បណ្ណាធិការ​​​កាសែត Apple Daily ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហុងកុង​ បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ម្ដង​ទៀត នៅ​ពេល​ដែល​អាជ្ញាធរ​បាន​សម្រុក​ចូល​ការិយាល័យ​របស់​កាសែត Apple Daily ដែល​ជា​កាសែត​ដ៏​មាន​ប្រជាប្រិយភាព និង​បាន​ចាប់ខ្លួន​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់ ២ រូប និង​បណ្ណាធិការ​ជាន់​ខ្ពស់ ៣ រូប។ ឧបករណ៍​ផ្ទុក​ទិន្នន័យ​កុំព្យូទ័រ (hard drive) រាប់​សិប​គ្រឿង​ត្រូវ​បាន​រឹបអូស​នៅ​ក្នុង​ការ​សម្រុក​ចូល​ឆែកឆេរ​នោះ ហើយ​គណនី​ហិរញ្ញវត្ថុ​របស់​កាសែត​នេះ​ត្រូវ​បាន​បង្កក។

កាសែត Apple Daily ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​លោក Jimmy Lai ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ពន្ធនាគារ​បន្ទាប់ពី​តុលាការ​បាន​ផ្ដន្ទាទោស​ជា​ច្រើន​ករណី ដោយសារតែ​លោក​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ ២០១៩។

ការ​សម្រុក​ចូល​ឆែកឆេរ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា តាម​រយៈ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ទូលំទូលាយ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​មុន។

អាជ្ញាធរ​បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​នានា​ដែល​កំពុង​ស៊ើបអង្កេត​នៅ​ពេល​បច្ចុប្បន្ន​នេះ​រួម​មាន​ទាំង​ការ​ចោទ​ប្រកាន់​អំពី «ការ​ឃុបឃិត​ជាមួយ​នឹង​បរទេស ឬ​ជាមួយ​នឹង​បុគ្គល​ឬ​អង្គការ​ខាង​ក្រៅ ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ» ផងដែរ។

សហរដ្ឋ​អាមេរិក​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ចាប់​ខ្លួន​ទាំង​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការណ៍​ដែល​អាជ្ញាធរ​ហុងកុង​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​បែប​សម្រាំង​ជ្រើសរើស​ដើម្បី​សំដៅ​លើ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​តាម​ទំនើងចិត្ត»។

លោក Price បាន​បន្ថែម​ថា៖ «ការ​ចោទ​ប្រកាន់​ទាំង​នេះ ...ទំនងជា​មាន​លក្ខណៈ​នយោបាយ​ទាំងស្រុង។ សហរដ្ឋ​អាមេរិក​សម្ដែង​នូវ​សេចក្ដី​សោកស្ដាយ​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​ប៉ូលិស​ហុងកុង​មួយ​រូប​ដែល​បាន​និយាយ​ថា អត្ថបទ​ដែល​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​កាសែត Apple Daily គឺជា​ភស្តុតាង​នៃ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា «ផែនការ​សម្ងាត់​ដើម្បី​ឃុបឃិត​ជាមួយ​នឹង​កម្លាំង​បរទេស»។ ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ ការ​ផ្ដោះប្ដូរ​ទស្សនៈ​ជាមួយ​នឹង​ជន​បរទេស​នៅ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​នោះ​ទេ»។

លោក Price បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​អំពី «ការ​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​អាជ្ញាធរ​នៅ​ក្នុង​ការ​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បំបិទ​ទស្សនៈ​ប្រឆាំង និង​បំបាត់​សេរីភាព​បញ្ចេញ​មតិ។ ទង្វើ​ទាំង​នេះ​ប៉ះពាល់​ដល់​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្ទាល់​នៅ​ក្រោម​សេចក្ដី​ប្រកាស​រួម​រវាង​ប្រទេស​ចិន​និង​ចក្រភព​អង់គ្លេស ដែល​ជា​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដែល​តម្រូវ​ឲ្យ​អនុវត្ត​តាម​ដើម្បី​គោរព​នូវ​ស្វ័យភាព​កម្រិត​ខ្ពស់ [របស់​ទីក្រុង​ហុងកុង] និង​ដើម្បី​ការពារ​សិទ្ធិ​និង​សេរីភាព​នានា»។

លោក Price បាន​ប្រកាស​ថា៖ «យើង​អំពាវនាវ​ដល់​អាជ្ញាធរ [ហុងកុង] ឲ្យ​ឈប់​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​សេរី​ធ្វើ​ជា​ទិសដៅ​នៃ​ការ​វាយ​ប្រហារ»។

លោក​បាន​បន្ថែម​ថា៖ «កិច្ច​ប្រឹងប្រែង​នានា​នៅ​ក្នុង​ការ​បំបាត់​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​នៅ​ក្នុង​ការ​រារាំង​សេរីភាព​នៃ​លំហូរ​ព័ត៌មាន​មិន​ត្រឹមតែ​បំផ្លាញ​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ភាព​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​និង​ភាព​ដែល​អាច​សម្រេច​បាន​របស់​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​អន្តរជាតិ​មួយ»៕