បទវិចារណកថា៖ ការពង្រឹង​ភាព​ជា​ដៃគូ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក

រូបឯកសារ៖ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris ចូលរួម​ក្នុង​កិច្ចប្រជុំ​តុមូល​មួយ​នៅក្នុង​ប្រទេស​សិង្ហបុរី មុននឹង​អ្នកស្រី​ចាកចេញ​ទៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​អំពី​គោល​នយោបាយ​ការបរទេស​កាលពី​ខែ​សីហា​កន្លង​ទៅ​នេះ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​គឺជា​ផ្នែក​មួយ​ដ៏​មាន​មោទនភាព​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific)។ តំបន់​នេះ​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​សន្តិសុខ ​និង​វិបុលភាព​របស់​ប្រទេស​ជាតិ​យើង»។

អ្នកស្រី​អនុ​ប្រធានាធិបតី Harris បាន​ចង្អុល​បង្ហាញ​ថា តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ គឺជា​ទីតាំង​របស់​សម្ព័ន្ធមិត្ត​និង​ដៃគូ​ជិតស្និទ្ធ​បំផុត​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក។ ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​តំបន់​នេះ​ផ្គត់ផ្គង់​ដល់​ការងារ​សម្រាប់​ពលរដ្ឋ​អាមេរិក​ចំនួន ៤ លាន​នាក់។ នៅ​ក្នុង​ឆ្នាំ ២០១៩ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ពាណិជ្ជកម្មទ្វេភាគី​ចំនួន​ជិត ២ លាន​លាន​ដុល្លារ។

អ្នកស្រី​បាន​កត់សម្គាល់​ថា ជីវភាព​រស់នៅ​របស់​មនុស្ស​រាប់​លាន​នាក់​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​ចរាចរ​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea) ជា​រៀងរាល់​ថ្ងៃ។

អ្នកស្រី Harris បាន​បញ្ជាក់​ថា ចក្ខុវិស័យ​មួយ​ផ្នែក​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ គឺ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ «ដែល​មាន​សារៈសំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា»។

បន្ថែម​ពី​លើ​សេរីភាព​នាវាចរណ៍​តាម​សមុទ្រ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​គ្មាន​ការ​បង្អាក់ ចក្ខុវិស័យ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ក៏​មាន​ផ្នែក​សំខាន់​ផ្សេង​ទៀត​ផងដែរ។

អ្នកស្រី Harris បាន​កត់​សម្គាល់​ថា ផ្នែក​សំខាន់​ផ្សេង​ទៀត​នោះ​មាន​ដូចជា «សន្តិភាព​និង​ស្ថិរភាព...ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស ការ​ប្ដេជ្ញា​ចំពោះ​ប្រព័ន្ធ​រៀបរយ​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​ការ​ទទួល​ស្គាល់​ថា ផល​ប្រយោជន៍​រួម​របស់​យើង​មិនមែន​ជា​ការ​យក​ចាញ់​ឈ្នះ​នោះ​ទេ»។

សហរដ្ឋ​អាមេរិក​ រួម​សាមគ្គី​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន​ដើម្បី​ប្រឈម​ទប់ទល់​នឹង​ការ​គំរាមកំហែង​ណា​មួយ​ចំពោះ​ចក្ខុ​វិស័យ​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​គំរាមកំហែង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផងដែរ។

អ្នកស្រី​អនុ​ប្រធានាធិបតី Harris ថ្លែង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​ចិន​នៅ​បន្ត​បង្ខិតបង្ខំ គំរាមកំហែង និង​ទាមទារ​កាន់កាប់​ផ្នែក​ភាគ​ច្រើន​លើសលប់​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ ទង្វើ​របស់​រដ្ឋាភិបាល​ចិន​បន្ត​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់ និង​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​នានា»។

អ្នកស្រី Harris បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ប្រឡូក​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (Southeast Asia) និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក «គឺ​មិនមែន​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ ឬ​ក៏​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ប្រទេស​ណា​មួយ​ជ្រើសរើស​រវាង​ប្រទេស​ណា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​ប្រឡូក​របស់​សហរដ្ឋ​អាមេរិក​ គឺ​ដើម្បី​ជំរុញ​ទៅ​មុខ​នូវ​ចក្ខុ​វិស័យ​សុទិដ្ឋិនិយម​ដែល​សហរដ្ឋ​អាមេរិកមាន​សម្រាប់​ការ​ចូលរួម​ និង​ការ​សហការ​នៅ​ក្នុង​តំបន់​នេះ»។

ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​នេះ សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​សំខាន់ៗ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ទាំង​ទ្វេភាគី​និង​ពហុភាគី តាមរយៈ​សមាគម​អាស៊ាន (ASEAN) ក្រុម​ប្រទេស Quad និង​ភាព​ជា​ដៃគូ​មេគង្គ-សហរដ្ឋ​អាមេរិក (Mekong-US Partnership)។

អ្នកស្រី​អនុ​ប្រធានាធិបតី Harris បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ស្នើ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ឆ្នាំ ២០២៣ ខាង​មុខ។

អ្នកស្រី​បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​នៅ​ក្នុង​ការ​ធ្វើការ​រួម​គ្នា​លើ​បញ្ហា​នានា​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​និង​សុខភាព​សាកលលោក​ជាដើម។ អ្នកស្រី​ ក៏​បាន​ស្នើ​ផងដែរ​ឲ្យ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ ត្រឡប់​ទៅ​រក​មាគ៌ា​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

អ្នកស្រី​អនុ​ប្រធានាធិបតី Harris ថ្លែង​ដូច្នេះ​ថា៖ «ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចាប់ពី​ពេល​នេះ​តទៅ ខ្ញុំ​សង្ឃឹម​ថា យើង​ទាំង​អស់​គ្នា​អាច​ក្រឡេក​មក​មើល​ពេល​នេះ​ឡើង​វិញ​និង​និយាយ​ថា ពេល​នេះ ​គឺ​ជា​ពេល​ដែល​តំបន់​របស់​យើង​រួម​គ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​អនាគត​ដ៏​ប្រសើរ​ជាង​មុន និង​ជា​ពេល​ដែល​យើង​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​មនុស្ស​ទូទៅ​មាន​ភាព​ប្រសើរ​ឡើង»៕